By Eun Lee

តើ​អ្នក​ធ្លាប់​បានគិតដែរឬទេ​ថា តើ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​លើ​ទូរសព្ទដៃ​របស់​អ្នក? តើអ្នកធ្លាប់គិតអំពីអ្វីៗដែលអ្នកអាចនឹងខកខានមិនបានធ្វើ ដោយសារតែអ្នករវល់ពេកក្នុងការមើលទូរស័ព្ទដែរឬទេ? តើនឹងមានរឿងអ្វីកើតឡើង​ប្រសិនជា​អ្នកឈប់ប្រើទូរស័ព្ទក្នុងរយៈពេល​ដ៏ខ្លីមួយចំនួននៅមួយថ្ងៃៗ?

ខណៈដែល​ ​ខ្ញុំកំពុង​សម្រាកលម្ហែអារម្មណ៍​នៅ​ឆ្នេរ​ខ្សាច់​កោះ​រ៉ុង​សន្លឹមកាល​ពីចុងសប្តាហ៍មុន ខ្ញុំ​បាន​កត់​សម្គាល់​រឿង​មួយ​ គឺ មិន​មានទូរស័ព្ទនៅជាមួយខ្ញុំនោះឡើយ។ ពោលគឺ គ្មានការសូម្បីតែការ​ដកមកមើលមួយ​ភ្លែត ដែល​មួយសន្ទុះក្លាយជាការ​ចុចរំកិលចុះឡើងរាប់ម៉ោង​ដោយ​គ្មានគោលដៅនៅលើ Instagram ឬ Facebook ឬអានសារ​នៅលើតេលេក្រាម​នោះឡើយ ហើយខ្ញុំ​ដូចជាមិន​មានអារម្មណ៍ផ្លាស់​ប្តូរអ្វីនោះទេ។ តាមពិតទៅ ខ្ញុំមានអារម្មណ៍ល្អដែលខ្ញុំអាចផ្តោតថាមពលរបស់ខ្ញុំទៅលើស្ថានភាពរបស់​ខ្ញុំនៅពេលបច្ចុប្បន្ន និ​ងនៅខណៈនេះ។ ខ្ញុំអាចទទួលបានអារម្មណ៍កក់ក្តៅនៃព្រះអាទិត្យ និងខ្សាច់ទន់ៗនៅចន្លោះម្រាមជើងរបស់ខ្ញុំ ឮសំឡេងរលកដ៏ស្ងប់ស្ងាត់ និងឃើញស្រមោលនៃផ្ទៃទឹកពណ៌ខៀវជាច្រើន។

យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះថា eMarketer មនុស្សពេញវ័យនៅសហរដ្ឋអាមេរិកជាមធ្យមចំណាយពេល ៣ ម៉ោង និង ៤៣ នាទីលើឧបករណ៍ចល័តរបស់ពួកគេ។ គិតសរុបទៅ នោះអាចប្រហែល ៥០ ថ្ងៃក្នុងមួយឆ្នាំ។ មនុស្សភាគច្រើនពិនិត្យទូរស័ព្ទរបស់ពួកគេ ៥៨ ដងក្នុងមួយថ្ងៃ ហើយ ៣០ ដងនៃពេលវេលាទាំងនោះគឺ នៅក្នុងម៉ោងធ្វើការ។

ការកាត់បន្ថយម៉ោងលើអេក្រង់ទូរស័ព្ទ ធ្វើឱ្យមានពេលកាន់តែច្រើន ដើម្បីថ្លែងអំណរគុណចំពោះអ្វីៗដែលនៅជុំវិញអ្នក និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ យូរៗម្តង ទោះបីជាអ្នកមិនមែនកំពុងតែស្ថិតនៅក្នុងវិស្សមកាលក៏ដោយក្តី ហេតុអ្វីក៏អ្នកមិនបង្កើតតំបន់គ្មានបច្ចេកវិទ្យា លុបកម្មវិធីដែលមិនចាំបាច់ ឬទុកទូរសព្ទរបស់អ្នកចោលដោយចេតនា?

កុំខកខានក្នុងជីវិតរបស់អ្នក។ តាមរយៈការដាក់ទូរស័ព្ទរបស់អ្នកឱ្យនៅឆ្ងាយមួយឡែក អ្នកអាចរកឃើញអ្វីដែលអ្នកត្រូវការដើម្បីបំពេញចន្លោះនោះ។