អត្ថបទដោយ : ងិន សុខចាន់ថន
សិល្បៈ គឺជាជំនាញ ឬជាចំណេះដឹងហត្ថកម្មគ្រប់យ៉ាងដូចជា ឆ្លាក់ គំនូរ សូនរូប ការរចនា ការ តុបតែង ចម្រៀង តន្ត្រី ឬរបាំជាដើម។
ជាការពិតណាស់សិល្បៈកើតមានឡើងជាច្រើនទម្រង់ទៅតាមសណ្ថានផ្សេងៗពីគ្នា ដែលអាស្រ័យទៅតាមលក្ខណៈដែលគេចែកបែងចែកកន្លងមក។ គេបានបែងចែកសិល្បៈជាប្រាំពីរទម្រង់គឺ ទី១សិល្បៈស្ថាបត្យកម្ម ទី២ សិល្បៈចម្លាក់ ទី៣ សិល្បៈគំនូរ ទី៤ សិល្បៈតូរ្យតន្រ្តី ទី៥ សិល្បៈរបាំ ទី៦ អក្សរសិល្ប៍ និងទី៧ សិល្បៈភាពយន្ត ល្ខោន កុន។ យ៉ាងណាមិញ ធាតុសំខាន់ដែលអាចរក្សានូវតម្លៃសិល្បៈបានត្រូវផ្ដោតសំខាន់ទៅលើសោភណ្ឌភាព ខ្លឹមសារ ការបង្ហាញ និងចំណង់ចំណូលចិត្ដ។
ក្នុងចំណោមសិល្បៈទាំងប្រាំពីរទម្រង់ខាងលើនេះ ក្នុងនោះក៏មានសិល្បៈគំនូរមួយផងដែរ សិល្បៈមួយដ៏សំខាន់ក្នុងការចូលរួមអប់រំ អភិរក្ស លើកស្ទួយនៅក្នុងសង្គមជាតិ និងទៅដល់បណ្តាប្រទេសដទៃទៀតឱ្យគេស្គាល់ពីគុណតម្លៃសិល្បៈ វប្បធម៌ អរិយធម៌ អត្តសញ្ញាណភាពប្រទេសជាតិយើង។ តែសិល្បៈគំនូរនេះហាក់ពុំសូវមានធនធានមនុស្ស អ្នកសិក្សាស្រាវជ្រាវ ការគាំទ្រ ស្រឡាញ់ចូលចិត្ត និងថែរក្សាលើកស្ទួយនោះទេ។
ខ្ញុំក្នុងនាមជាកូនខ្មែរម្នាក់ និងជាវិចិត្រករប្រចាំមជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ខ្ញុំបានចូលរួមជួយគាំទ្រថែរក្សាមរតកស្នាដៃសិល្បៈគំនូររបស់ខ្មែរយើងឱ្យបានគង់វង្ស រីកចម្រើន និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យសិល្បៈគំនូរមួយនេះ មានភាពល្បីល្បាញជាលក្ខណៈអន្ដរជាតិ។
ថ្វីបើបទពិសោធន៍ខ្ញុំនៅតិចក្ដី តែខ្ញុំសូមចែករំលែកខ្លះៗពីគន្លឹះ ដើម្បីឱ្យផ្ទាំងគំនូរមួយមានភាពស្រស់ស្អាតបាននោះ គឺទាមទារជាចាំបាច់នូវចំណង់ចំណូលចិត្ដ ទេពកោសល្យ ចំណេះដឹង ការតស៊ូអត់ធ្មត់ ប្តេជ្ញាចិត្ត និងភាពប៉ុនប្រសប់ ទើបអាចគូរទៅបាន៕