អត្ថបទដោយ: ឌិន ពិចារ

អត្ថប្រយោជន៍មួយចំនួននៃការបំពេញការងារហួសម៉ោង៖ អាចបញ្ចប់ការងារបានទាន់ពេលវេលា អាចមានពេលបន្ថែមដើម្បីរៀបចំការងារមុនមិត្តរួមការងារ អាចមានពេលស្ងប់ស្ងាត់ដើម្បីផ្តោតអារម្មណ៍លើការងារ។
យោងតាមការស្ទង់មតិដែលធ្វើឡើងចំពោះបុគ្គលិកចំនួន១០០នាក់ បានបង្ហាញថាមានហេតុផលមួយចំនួនដែលបុគ្គលិកសម្រេចចិត្តបំពេញការងារហួសម៉ោង៖ (70%) មានការងារច្រើនពេក និង (43%) ប្រជុំច្រើនពេក (Mitchell, 2018)។ ហើយការស្ទង់មតិដដែលនេះក៏បង្ហាញផងដែរថា 6% ក្នុងចំណោមពួកគេគ្រាន់តែចង់បង្ហាញថាខ្លួនជាបុគ្គលិកល្អ។ ការបំពេញការងារហួសម៉ោងដោយគ្រាន់តែធ្វើឱ្យអ្នកគ្រប់គ្រងមើលគឺជាបញ្ហានៅការិយាល័យ ហើយការបំពេញការងារហួសម៉ោងដោយមូលហេតុការងារច្រើនពេក ក៏មិនមែនជាដំណោះស្រាយដែរ។ បុគ្គលិកគួរតែប្រាប់អ្នកគ្រប់គ្រងឱ្យបានដឹងអំពីបញ្ហាទំហំការងាររបស់ខ្លួន។ ការបំពេញការងារហួសម៉ោងដើម្បីបញ្ចប់ការងារឱ្យទាន់ពេលវេលាជារឿយៗ អាច បណ្តាលឱ្យយើងឆាប់អស់កម្លាំង និងធ្វើឱ្យផលិតផលការងារធ្លាក់ចុះ។ ទន្ទឹមនឹងគ្នានេះដែរ បុគ្គលិកដែលមានប្រជុំញឹកញាប់គួរចេះគ្រប់គ្រងពេលវេលា គួរតែចេះស្នើសុំមិនចូលរួមកិច្ចប្រជុំមួយចំនួនដែលមិនពាក់ព័ន្ធ។
“ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលតែងតែបំពេញការងារហួសម៉ោងប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលខ្ពស់ […] ការបំពេញការងារហួសម៉ោងជារឿយៗក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍លែងសូវស្រលាញ់ការងារផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ឬផលិតផលការងារ” (Lowe, n.d.)។ ដូច្នេះការបំពេញការងារហួសម៉ោងមិនគួរត្រូវបានលើកទឹកចិត្តឱ្យធ្វើជាប្រចាំថ្ងៃនោះទេ ដើម្បីរក្សាតុល្យភាពការងារ និងជីវិតឯកជនបុគ្គលិកឱ្យបានល្អប្រសើរ។ វាជាកាតព្វកិច្ចសម្រាប់និយោជកក្នុងការគិតគូដល់និយោជិតដែលបំពេញការងារហួសម៉ោង។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖