គយ គឹមង៉ែត

ហេតុអ្វីយើងត្រូវថែរក្សាបរិស្ថានរបស់យើង?
ការកែលម្អរនិងថែរក្សាបរិស្ថានបានក្លាយជាភារកិច្ចដ៏សំខាន់នៅក្នុងជីវិតរបស់យើង។ ដោយសារតែការធ្វេសប្រហែសនិងការឈ្លក់វង្វេងរបស់យើងធ្វើឲ្យការទទួលខុសត្រូវដ៏សំខាន់នេះក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ដោយហេតុផលនេះហើយទើបខ្ញុំបង្កើតផែនការយុទ្ធសាស្ត្រដើម្បីបំភ្លឺប្រជាជនរបស់ខ្ញុំអំពីបញ្ហានៃបរិស្ថានរបស់យើង។ ខ្ញុំធ្វើបែបនេះដោយសង្ឃឹមថាវានឹងជួយលើកទឹកចិត្តឱ្យអ្នករាល់គ្នាធ្វើអ្វីមួយប្រកបដោយទំនួលខុសត្រូវឆ្ពោះទៅរកការកែលម្អរនិងថែរក្សាបរិស្ថានរបស់យើង។

ជំហានដំបូងដែលខ្ញុំចង់ធ្វើនោះគឺណែនាំពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកដោយសារតែវាជាកត្តាដ៏ចំបងដែលបំផ្លាញបរិស្ថានរបស់យើងសព្វថ្ងៃនេះ។ ដូចដែលយើងបានដឹងហើយថាការប្រើថង់ប្លាស្ទិកគឺមានលក្ខណៈងាយស្រួលនិងមានតម្លៃថោកទៀតផង។ ប៉ុន្តែវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងបរិស្ថានរបស់យើង។ ផ្អែកលើការស្រាវជ្រាវរបស់ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថាកក្តាដែលប៉ះពាល់ខ្លាំងបំផុតនៃថង់ប្លាស្ទិកនោះគឺវាត្រូវចំណាយពេលប្រមាណជា ១០ ទៅ ២០ ឆ្នាំដើម្បីរលាយ។ ក្រៅពីនេះសារធាតុពុលនឹងត្រូវបានបញ្ចេញទៅក្នុងដីនៅពេលដែលថង់ប្លាស្ទិកត្រូវបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ប្រសិនបើថង់ប្លាស្ទិកត្រូវបានដុតវានឹងបញ្ចេញសារធាតុពុលចូលទៅក្នុងខ្យល់ដែលបណ្តាលឱ្យមានការបំពុលបរិយាកាសហើយប្រសិនបើថង់ប្លាស្ទិកត្រូវបានប្រើដើម្បីខ្ចប់អាហារដែលក្តៅនោះសារធាតុពុលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរ។ ទាំងនេះជាមូលហេតុដែលយើងគួរឈប់ប្រើថង់ប្លាស្ទិក។

យើងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នានិយាយថាទេចំពោះថង់ប្លាស្ទិក ខ្ញុំជឿជាក់ថាយើងអាចធ្វើបាន។ មានវិធីជាច្រើនដែលយើងអាចប្រើជំនួសប្លាស្ទិកបាន។ កាលពីខ្ញុំនៅក្មេងមនុស្សមិនដែលប្រើថង់ប្លាស្ទិកទេផ្ទុយទៅវិញពួកគេប្រើខ្សែឬវល្លិ៍ដើម្បីចងសាច់និងត្រីហើយពួកគេប្រើស្លឹកឈូកឬស្លឹកចេកដើម្បីខ្ចប់អាហារនិងបន្លែ។ ខ្ញុំសូមកោតសរសើរចំពោះភោជនីយដ្ឋានមួយនៅរាជធានីភ្នំពេញដែលមានឈ្មោះថាElevent 1 Kitchenដែលមិនប្រើផ្លាស្ទិកសម្រាប់វេចខ្ចប់ផ្ទុយទៅវិញពួកគេប្រើប្រអប់ក្រដាស ស្លឹក និងបំពង់ប៊ឺតធ្វើពីឫស្សីសម្រាប់ញ៉ាំអាហារដែលនេះជាគំរូរដ៏ល្អក្នុងការកែលម្អរនិងថែរក្សាបរិស្ថានរបស់យើង។

សរុបមកការថែរក្សាបរិស្ថានរបស់យើងគឺជាទំនួលខុសត្រូវរបស់យើងហើយវាចាប់ផ្តើមពីយើងម្នាក់ៗ។សូមព្យាយាមឱ្យតម្លៃបុគ្គលគ្រប់រូបដែលមិនប្រើប្រាស់ថង់ប្លាស្ទិករួមទាំងអ្នកលក់ដូរនិងភោជនីយដ្ឋាននានាផងដែរ។ ជំហានតូចៗអាចប្រែទៅជាជំហានធំបានហើយងាអាចជម្រុញអ្នកដទៃឱ្យធ្វើការផ្លាស់ប្តូរបន្តិចម្តងៗផងដែរ (មនុស្សកាន់តែច្រើនធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរ) ។ ខ្ញុំជឿជាក់ថាយើងអាចធ្វើបានច្រើនជាងនេះ។