
អត្ថបទដោយ៖ នាយិកា នៅ សុជ្ជណា
នៅពេលដែលកូនរបស់អ្នកប្រព្រឹត្តខុស រង្វាន់ការលើទឹកចិត្តអាចជារឿងចុងក្រោយក្នុងគំនិតរបស់អ្នក។ វានឹងកាន់តែអស្ចារ្យ ប្រសិនបើអ្នកអាចប្រើវិធីឆ្លើយតបជាវិជ្ជមាន ដើម្បីលើកទឹកចិត្ត និងកែលម្អអាកប្បកិរិយារបស់កូនអ្នកបាន។ វាអាចជាបច្ចេកទេសកែប្រែអាកប្បកិរិយាដ៏មានប្រសិទ្ធភាពបំផុតមួយ។ អ្នកអាចប្រើវិធីឆ្លើយតបជាវិជ្ជមានដើម្បីបណ្តុះគំនិតចែករំលែក និងការយកអាសា ឬការធ្វើតាមការណែនាំហើយអ្នកអាចប្រើវា ដើម្បីការពារអាកប្បកិរិយាមិនល្អដូចជាការវាយ និងការ បំពានច្បាប់ជាដើម។
ការប្រើវិធីឆ្លើយតបជាវិជ្ជមាន ក៏អាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការលើកទឹកចិត្ត និងជំរុញឱ្យកូនរបស់អ្នកមានទំនួលខុសត្រូវក្នុងការធ្វើការងាររបស់ពួកគេ ចូលរួមជាមួយបងប្អូនបង្កើត ឬបំពេញកិច្ចការផ្ទះរបស់ពួកគេដោយមិនប្រកែក។
មានវិធីឆ្លើយតបជាច្រើន ដើម្បីពង្រឹងឥរិយាបថដែលអ្នកចង់លើកទឹកចិត្ត ហើយជារង្វាន់ឥតគិតថ្លៃ ឬរង្វាន់ដ៏កម្រជាច្រើនដែលអ្នកអាចប្រើប្រាស់បាន។ ការឆ្លើយតបជាវិជ្ជមាន មិនចាំបាច់ជាធាតុជាក់លាក់ណាមួយនោះទេ។ ផ្ទុយទៅវិញ អ្នកអាចពង្រឹងអាកប្បកិរិយារបស់កូនដោយប្រើវិធីឆ្លើយតបជាវិជ្ជមានដូចជា៖
• ការទះដៃលើកទឹកចិត្តគេ និងអបអរសាទរគេ
• ការទះដៃយល់ព្រមជាមួយគេ
• ការឱប ឬទះខ្នងគេតិចៗ
• ការលើកមេដៃដើម្បីសរសើរគេ
• ការផ្តល់ជូននូវសកម្មភាពពិសេសដល់ពួកគេដូចជា លេងហ្គេម ឬអានសៀវភៅជាមួយគេ
• ការសរសើរដល់ពួកគេ
• ប្រាប់អ្នកដទៃមថា អ្នកមានមោទនភាពចំពោះអាកប្បកិរិយារបស់កូនអ្នកនៅពេលកូនរបស់អ្នកកំពុងស្តាប់បង្គាប់អ្នក។
អ្នកក៏អាចផ្តល់នូវវិធីឆ្លើយតបជាវិជ្ជមានដល់កូនលោកអ្នក ដោយផ្តល់ឱ្យកុមារនូវសិទ្ធិបន្ថែម ឬរង្វាន់ជាក់ស្តែងដល់ពួកគេ។ ជាឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកសម្អាតបន្ទប់របស់ពួកគេដោយអ្នកមិនបានប្រាប់ អ្នកអាចឱ្យរង្វាន់លើកទឹកវិត្តដោយនាំពួកគេទៅលេងសួនកុមារ។ វានឹងជាឱកាសដែលធ្វើឱ្យពួកគេមានទឹកចិត្តធ្វើការងារនឹងម្តងទៀត។ ប្រសិនបើកូនរបស់អ្នកជួយបងប្អូនបង្កើតរបស់ពួកគេដោយអត់ធ្មត់ក្នុងកិច្ចការផ្ទះ អ្នកអាចផ្តល់ពេលវេលាបន្ថែមទៀត ដើម្បីឱ្យពួកគេលេងហ្គេមវីដេអូជាមួយគ្នាបាន។
វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង និងការកែលម្អរបស់កូនអ្នក ជាជាងផ្តោតលើតែលទ្ធផលដែលល្អឥតខ្ចោះ។ ប្រសិនបើអ្នកឃើញពួកគេព្យាយាម ឬប្រសិនបើពួកគេធ្វើបានល្អជាងលើកមុន សូមប្រាប់ពួកគេឱ្យដឹងថាអ្នកកំពុងកត់សម្គាល់ទង្វើល្អរបស់ពួកគេ។