អត្ថបទដោយ: ហុន វណ្ណថា

ការចំណាយពេលវេលារបស់អ្នកដើម្បីគាំទ្របុព្វហេតុមួយដែលអ្នកចូលចិត្ត និងផ្តល់ជាប្រយោជន៍ ដល់អ្នកដ៏ទៃ ឬសង្គម គឺជាអ្វីដែលអ្នកនឹងធ្វើប្រកបដោយមោទកភាព និងមិនមានការសោកស្ដាយ។ ការងារទាំងអស់នោះនឹងធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើងដោយបង្កើនភាពស្និតស្នាលជាមួយសហគមន៍ និងផ្សាភ្ជាប់ខ្លួនរបស់អ្នកទៅកាន់មនុស្សជុំវិញខ្លួន និងគំនិតផ្សេងក្នុងសង្គម។ បន្ថែមពីនេះវានឹងជះឥទ្ធិ ពលវិជ្ជមានដល់ផ្នត់គំណិតរបស់យុវជនជំនាន់ក្រោយ និងទស្សនៈរបស់ពួកគេក្នុងការចែករំលែក ឬការ ចូលរួមការងារស្ម័គ្រចិត្តផ្សេងៗ។ ការចូលរួមជួយសហគមន៍របស់អ្នកគឺជាឱកាសមួយសម្រាប់អ្នកដើម្បី ភាពរីកចម្រើន ការផ្លាស់ប្តូរការយល់ឃើញរបស់មនុស្ស និងធ្វើឱ្យមានភាពបំលាស់ប្តូរនៅក្នុងសហគមន៍។
ទោះបីជាមានភាពមមាញឹកក្នុងកិច្ចការងារ ឬការសិក្សារបស់អ្នកយ៉ាងណាក៏ដោយ ក៏អ្នកអាច ចំណាយពេលវេលាខ្លះៗ ដើម្បីរួមចំណែកដល់សហគមន៍របស់អ្នកក្នុងការងារស្ម័គ្រចិត្ដមួយចំនួនដូចជា ការដាំដើមឈើ ការរក្សាអនាម័យ ការថែទាំបរិស្ថាន ។ល។ ការចំណាយពេលវេលាជួយដល់សហគមន៍ របស់អ្នកឲ្យមានភាពប្រសើរឡើង គឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការអភិវឌ្ឍសង្គមដែល យើងគ្រប់គ្នាអាចធ្វើបាន ហើយការងារនេះអាចជួយកសាង និងបង្កើនទំនុកចិត្តរបស់អ្នកផងដែរ ស្របពេលដែលអ្នកក៏នឹងទទួលបាននូវអារម្មណ៍ពិសេសមួយក្នុងការជួយអ្នកដែលនៅជុំវិញខ្លួន ឲ្យមាន បំលាស់ប្តូរជាវិជ្ជមានក្នុងេជីវិត និងការរស់នៅរបស់ពួកគេ។
ការចូលរួមរបស់អ្នក គឺមានប្រយោជន៍ខ្លាំងណាស់ចំពោះខ្លួនអ្នកផ្ទាល់ និងសហគមន៍របស់អ្នក។ អារម្មណ៍នៃការរួមដូចជាក្នុងគម្រោងដែលរួមចំណែកដល់សង្គម អាចផ្តល់ឱ្យអ្នកនូវអារម្មណ៍រីករាយ និង ពោលពេញទៅដោយអត្ថន័យ។ ទាំងនេះគឺជាឧទាហរណ៍មួយចំនួននៃអត្ថប្រយោជន៍ នៃការចូលរួមការងា ស្ម័គ្រចិត្តជាមួយសហគមន៍៖
• បង្កើនទំនុកចិត្តលើខ្លួនឯង
• បង្កើនភាពម្ចាស់ការ
• បង្កើនភាពជាអ្នកដឹកនាំ
• កំណត់គោលដៅ និងបង្កើនជំនាញ
• ផ្តល់គោលបំណង និងអារម្មណ៍នៃការរួមចំណែក
• សម្របខ្លួន និងអភិវឌ្ឍជំនាញថ្មីៗ
• បង្កើនទំនាក់ទំនងក្នុងសង្គម
• ពង្រឹងការគាំទ្រសង្គម
• ធ្វើឲ្យប្រសើរឡើងនូវជំនាញ និងការរស់នៅ