អត្ថបទដោយ៖ សិរីជាតិ ភួង

ការអនុវត្តងាយៗចំនួន 5ចំណុច ដែលអ្នកអាចបញ្ចូលទៅក្នុងរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នក ដើម្បីរក្សាទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តក្នុងអំឡុងពេលមានជំងឹរោគរាតត្បាតមួយនេះ។
ជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅរបស់យើង ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលដល់សុខភាពផ្លូវអារម្មណ៍ និងសុខភាពផ្លូវចិត្តផងដែរ។ ខណៈពេលដែលជំងឺរាតត្បាតមួយនេះនៅតែបន្តកើតមានឡើង វានឹងកាន់តែផ្ដល់បញ្ហាប្រឈមសម្រាប់មនុស្សគ្រប់រូបក្នុងការថែរក្សាសុខភាពទូទៅ ទាំងអស់នេះ ប្រសិនបើគ្នានការអនុវត្តទម្លាប់ល្អនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជួនកាលទម្លាប់ល្អគឺពិបាកនឹងរក្សាណាស់ ជាពិសេសក្នុងអំឡុងពេលរាតត្បាតជំងឺនេះតែម្ដង។ ដូច្នេះហើយ យើងចាំបាច់ត្រូវតែរកវិធីអនុវត្តរបៀបរស់នៅឱ្យបានល្អ ដើម្បីអាចឱ្យយើងបន្សាំនឹងស្ថានភាពនេះទៅជាធម្មតាវិញ។ របៀបរស់នៅល្អ និងទម្លាប់ល្អ គឺជាជម្រើសរបស់មនុស្ស ដែលជាធម្មតាពួកគេអាចចាប់ផ្តើមពីរឿងតូចៗ ដូចជាការហាត់ប្រាណ ការញ៉ាំអាហារសុខភាព និងការថែទាំខ្លួនឯង។ ហើយការរអនុវត្តមួយចំនួនដែលអ្នកអាចបញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកនោះមានដូចជា៖
១. ការបរិភោគអាហារដោយប្រុងប្រយ័ត្ន
ការអនុវត្តការបរិភោគដោយប្រុងប្រយ័ត្ន ជួយមនុស្សកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ ជំងឺផ្សេងៗ និងបញ្ហាក្នុងការរគេង ពីព្រោះយើងយល់ដឹងពីអាហារដែលយើងទទួលទាន។ ទោះជាយ៉ាងណាក៏ដោយ ការបរិភោគអាហារដោយប្រុងប្រយ័ត្នមិនមែនទាក់ទងនឹងការសម្រកទម្ងន់ ឬក៏អ្នកត្រូវតែបរិភោគតិចនោះទេ ប៉ុន្តែវាជាការបរិភោគអាហារដែលផ្តល់អាហារូបត្ថម្ភ
គ្រប់គ្រាន់ដល់រាងកាយ។
២. គេងឱ្យបានគ្រប់គ្រាន់
ការគេងគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់។ យើងមិនអាចធ្វើការលើសកម្រិត ហើយគេងត្រឹមតែ ៣-៤ ម៉ោងក្នុងមួយថ្ងៃទេ ព្រោះរាងកាយរបស់យើងត្រូវការឱ្យមានតុល្យភាព។ វាចាំបាច់ណាស់ក្នុងការកំណត់កាលវិភាគនៃការគេងរបស់អ្នកសម្រាប់ម៉ោងចូលគេង និងម៉ោងដែលអ្នកភ្ញាក់។ ត្រូវគេងយ៉ាងហោចណាស់ឱ្យបាន 6-7 ម៉ោង នោះអ្នកនឹងឃើញការផ្លាស់ប្តូរមួយចំនួនកើតឡើង។
៣. រក្សាជាតិទឹកក្នុងខ្លួន
គេបានប៉ាន់ស្មានថាមនុស្សដែលមានសុខភាពល្អទទួលទានទឹកយ៉ាងហោចណាស់ ២.៧ លីត្រ – ៤ លីត្រក្នុងមួយថ្ងៃដើម្បីឱ្យរាងកាយរបស់ពួកគេមានជាតិទឹកគ្រប់គ្រាន់។ ការរក្សារាងកាយរបស់អ្នកឱ្យមានជាតិទឹកជួយបង្កើនសមត្ថភាពរាងកាយរបស់អ្នក ក៏ដូចជាបង្កើនកម្រិតថាមពល និងមុខងារនៃខួរក្បាលផងដែរ។ ក្រៅពីទឹក អ្នកក៏អាចញ៉ាំបន្លែផ្លែឈើដូចជា ឪឡឹក និងស្ពៃដែលអាចរផ្ដល់ជាតិទឹកក្នុងខ្លួនផងដែរ។
៤. លំហាត់ប្រាណ
ចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយនឹងលំហាត់ប្រាណស្រាលៗ។ វាមិនចាំបាច់ទាល់តែត្រូវហាត់ប្រាណខ្លាំងៗ ឬត្រូវរត់ចម្ងាយ ១០ គីឡូម៉ែត្រឡើយ ប៉ុន្តែការពត់រាងកាយជាប្រចាំក៏មានអត្ថប្រយោជន៍ដែរ។ ត្រូវប្រាកដថាអ្នកហាត់ប្រាណដើម្បីធ្វើឱ្យមានអារម្មណ៍ល្អនិងស្រស់ស្រាយ មិនមែនហាត់ប្រាណដើម្បីឱ្យតែល្អមើលនោះទេ។
៥. ការធ្វើសមាធិ
ឈប់សិន បិទភ្នែករបស់អ្នក ហើយដកដង្ហើមវែងៗ! វាជាកាសាមញ្ញក្នុងការដកដង្ហើមចូលវែងៗដែលអាចអនុវត្តបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីបន្ថយអារម្មណ៍តានតឹង និងផ្តោតអារម្មណ៍ឡើងវិញ។ គ្មានការកំណត់ក្នុងការធ្វើសមាធិត្រូវ ឬខុសនោះទេ ដរាបណាវាជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន នោះចូរចំណាយពេលខ្លះក្នុងការធ្វើសមាធិចុះ។