
សុីម វណ្ណនី
មានមេរៀនជីវិតជាច្រើនដែលឪពុក ម្ដាយខ្ញុំបានបង្រៀនខ្ញុំកាលខ្ញុំនៅតូច ហើយមេរៀនមួយដែលខ្ញុំតែងតែអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃរហូតមកដល់បច្ចុប្បន្នគឺ ការពោលពាក្យថា « អរគុណ» ។ វាជាមេរៀនជីវិតដ៏អស្ចារ្យដែលខ្ញុំបានរៀនសូត្រកន្លងមក ។ ការនិយាយពាក្យ « អរគុណ» មិនត្រឹមតែបង្ហាញថា អ្នកជាមនុស្សចេះគួរសម និងមានសេចក្ដីថ្លៃថ្នូរប៉ុណ្ណោះទេ តែវាក៏ជាគុណសម្បត្តិល្អមួយសម្រាប់បង្កើនទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រសើរមិនថាក្នុងការងារ និងការប្រា ស្រ័យទាក់ទងប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ វាជាការមួយដ៏សំខាន់ណាស់ដែលត្រូវដឹងថាពេលណាយើងគួរប្រើពាក្យ « អរគុណ» ។
យោងតាមលោក ច័ន្ទ សំណព្វ សាស្រ្ដាចារ្យផ្នែកអក្សរសាស្រ្ដខ្មែរបានលើកឡើងថា៖ ការពោលពាក្យ “អរគុណ” ទៅកាន់នរណាម្នាក់ គឺធ្វើឡើងនៅពេលដែលបុគ្គលនោះបានធ្វើគុណមកលើយើង ហើយការ តបស្នងសងគុណដោយការតបជាឃ្លាមួយយ៉ាងខ្លីថា៖ « អរគុណ» ជាការគុណធម៌ដ៏ប្រពៃ។ ក្នុងកាលៈទេសៈទាំងបីខាងក្រោមនេះ អ្នកគប្បីគួរនិយាយពាក្យ « អរគុណ» ទៅកាន់អ្នកដទៃ៖
១. នៅពេលអ្នកទទួលបានការសរសើរ៖ នៅពេលនរណាម្នាក់ពោលពាក្យសរសើរអ្នក ហើយអ្នកបែរជាមិនឆ្លើយតបដោយភាសាណាមួយ នោះនាំឱ្យគេគិតថា អ្នកជាមនុស្សក្រអឺតក្រទម និងគ្មានសុជីវធម៌ ។ បើអ្នកមិនចង់ឱ្យអ្នកដទៃគិតអវិជ្ជមានមកលើអ្នក ខណៈពេលគេខំពោលពាក្យសរសើរមកលើអ្នក ចូរឆ្លើយតបទៅគេវិញដោយពាក្យថា « អរគុណ» ។
២. នៅពេលអ្នកទទួលបានជំនួយ (មិនថាផ្នែកសម្ភារៈ និងស្មារតី)៖ ពេលអ្នកប្រឹងប្រែងធ្វើអ្វីមួយអស់ពីសម្ថភាព ហើយលទ្ធផលដែលអ្នកទទួលបានមិនដូចអ្វីដែលអ្នកប៉ងប្រាថ្នាទុក ពិតណាស់ អ្នកនឹងខកបំណង ។ ពេលហ្នឹងហើយជាពេលដែលអ្នកត្រូវការជំនួយអាចជាសម្ភារៈ ឬស្មារតី តួយ៉ាងដូចជា៖ ប្រាក់កាក់ ឬដំបូន្មានល្អៗពីមិត្តភក្ដ្រ បងប្អូន សាច់ញាតិ ឬមនុស្សនៅជុំវិញខ្លួន ដើម្បីជាពន្លឺនាំអ្នកទៅកាន់ភាពជោគជ័យដែលគ្រោងទុក ។ ចូរពោលពាក្យថា « អរគុណ» ដល់អ្នកទាំងនោះ ព្រោះពួកគេបានជួយស្រោចស្រង់អ្នកក្នុងកាលៈទេសៈដែលអ្នកត្រូវការបំផុត ។
៣. នៅពេលអ្នកយឺតយ៉ាវចូលរួមក្នុងការកម្មវិធីអ្វីមួយ៖ អ្នកអាចនឹងគិតថា អ្នកគប្បីនិយាយពាក្យ «សុំទោស» នៅពេលអ្នកយឺតយ៉ាវក្នុងការចូលរួមប្រជុំ ឬក្នុងកម្មវិធីណាមួួយ ។ ផ្ទុយទៅវិញ ចូរពោលពាក្យថា « អរគុណ» ចំពោះការរង់ចាំ ទៅកាន់អ្នកទាំងឡាយណាដែលចំណាយពេលវេលា និងការអត់ធ្មត់របស់គេរង់ចាំវត្តមានរបស់អ្នក ។
មានកាលៈទេសៈជាច្រើនដែលអ្នកអាចសម្ដែងនូវការដឹងគុណ ។ យើងមិនគួរខកខានឪកាសដ៏មានតម្លៃក្នុងការកសាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនទេ ។ កើតមកជាមនុស្ស ចូលបង្ហាញចរិតលក្ខណៈជាមនុស្សថ្លៃថ្នូរដោយគ្រាន់តែពោលពាក្យថា « អរគុណ» ក្នុងកាលៈទេសៈដែលបានរៀបរាប់ខាងលើ ។