
អត្ថបទដោយ៖ តាំង រីនិត្យ
នៅពេលដែលមិត្តភ័ក្តិរបស់ខ្ញុំបានចូលប្រលូកក្នុងវិស័យការងារជាលើកដំបូងកាលពី ៧ ឆ្នាំមុន ប្រធានរបស់គាត់បានប្រាប់គាត់ថា៖ «តុល្យភាពការងារ-ជីវិត និងភាពជោគជ័យក្នុងការងារមិនអាចនៅជាមួយគ្នាបានទេ»។ គាត់បានជឿស្លុងទៅលើដំបូន្មាននេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ គាត់បានខិតខំធ្វើការយ៉ាងខ្លាំង។
ក្រៅពីធ្វើការ៩ម៉ោងក្នុងការិយាល័យ មិត្តភក្តិរបស់ខ្ញុំនៅខិតខំធ្វើការក្រៅម៉ោងជាច្រើនទៀត តាំងពីការបង្រៀនគួររហូតដល់សរសេរអត្ថបទពាណិជ្ជកម្មឱ្យគេ។ ដោយស្ថិតនៅវ័យក្មេង និងចង់ឈានទៅដល់ចំណុចកំពូលក្នុងអាជីពរបស់គាត់ មិត្តរបស់ខ្ញុំបានប្រាប់ខ្លួនឯងថា ការគេងគឺជាការរំខានមួយ ហើយការដើរជុំវិញការិយាល័យត្រូវតែគ្រប់គ្រាន់សម្រាប់ការហាត់ប្រាណ។
គ្រប់ពេលដែលខ្ញុំព្រមានគេថា គេកំពុងតែដាក់សម្ពាធលើខ្លួនឯងពេកហើយ គេតែងតែប្រាប់ខ្ញុំថា៖ «ខ្ញុំនៅក្មេង ហើយខ្ញុំអាចធ្វើបាន»។
អស់រយៈពេលជាយូរ គាត់បានទទួលផលនៃការខិតខំរបស់គាត់។ យ៉ាងណាក៏ដោយ ក្នុងពេលដំណាលគ្នានោះ គាត់បានភ្លេចថា គ្មាននរណាម្នាក់អាចនៅក្មេងជារៀងរហូតនោះទេ។ ជាអកុសល គាត់មិនបានដឹងរឿងនេះទេ រហូតដល់ខ្ញុំចូលមន្ទីរពេទ្យជាលើកដំបូង ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារអស់កម្លាំងជាច្រើនឆ្នាំ របបអាហារគ្មានតុល្យភាព និងកង្វះការធ្វើលំហាត់ប្រាណ។
ពេលខ្ញុំទៅសួរសុខទុក្ខគាត់នៅក្នុងបន្ទប់ពេទ្យ គាត់បានប្រាប់ខ្ញុំថា ភាគច្រើននៃការសន្សំរបស់គាត់ ដែលជាផលផ្លែនៃការឧស្សាហ៍ព្យាយាម និងសន្សំសំចៃរបស់គាត់ នឹងត្រូវបានចំណាយទៅលើលើវិក្កយបត្រថ្លែពេទ្យ។ គាត់បានយំខណៈដែលគាត់បានប្រាប់ខ្ញុំថាការខិតខំរបស់គាត់ឥឡូវនេះក្លាយជា «ទទេ»។
ខ្ញុំយល់ស្របថាភាពជោគជ័យក្នុងអាជីព និងជីវិតដ៏សុខស្រួលជាធម្មតាមិនអាចទៅតំណាលជាមួយគ្នាទេ ប៉ុន្តែរឿងរបស់មិត្តខ្ញុំរំលឹកខ្ញុំថា ការលះបង់សុខភាពរបស់អ្នក ដែលគួរតែជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតនៃជីវិតរបស់អ្នក សម្រាប់ជាប្រយោជន៍ដល់អាជីពរបស់អ្នកមិនមានតម្លៃគ្រប់គ្រាន់នោះទេ។
កុំយល់ច្រឡំ។ ការងារ ឬអាជីវកម្ម ពេលខ្លះទាមទារការលះបង់ដើម្បីដំណើរការទៅដោយរលូន ប៉ុន្តែតើអ្វីជាភាពសមហេតុផលនៅពីក្រោយការទទួលបានប្រាក់ ឬអត្ថប្រយោជន៍ដែលអ្នកខំប្រឹងប្រែងខ្លាំង ប៉ុន្តែចុងក្រោយមិនអាចទទួលបាន។ តើការចំណាយពេលជាច្រើនថ្ងៃនៅក្នុងបន្ទប់មន្ទីរពេទ្យ ឬប្រថុយអាយុជីវិតរបស់អ្នកសក្តិសមនឹងឱ្យអ្នកខំប្រឹងបែបនេះដែរឬទេ?
ទោះជាយ៉ាងណា ខ្ញុំជឿជាក់យ៉ាងមុតមាំថា តុល្យភាពមិនគួរនិយាយអំពីការធ្វើការតិចជាងមុន និងសម្រាកឱ្យបានច្រើននោះទេ។ វាគួរតែនិយាយអំពីការបំពេញការងារដែលអ្នកស្រលាញ់។ នៅពេលអ្នកធ្វើអ្វីមួយដែលអ្នកស្រលាញ់ អ្នកប្រហែលជាមានអារម្មណ៍ថាវាលែងជាការងារទៀតហើយ ប៉ុន្តែជាល្បែងកំសាន្ត ឬហ្គេមដែលអ្នករីករាយនឹងលេង។ គន្លឹះមួយទៀតគឺដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីពេលទំនេររបស់អ្នកដោយចំណាយវាឱ្យមានន័យជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ការខ្ជិលច្រអូសមិនមែនជាផ្នែកនៃតុល្យភាព ឬជាទម្លាប់ដែលនាំឱ្យមានសុខភាពល្អនោះទេ!