
ដោយអ្នកគ្រូ ផាន់ គីមហុង
បន្ទាប់ពីរយៈពេល ២ ឆ្នាំកន្លះនៃការស្នាក់នៅក្នុងប្រទេសជប៉ុន ខ្ញុំបានកត់សម្គាល់ឃើញភាពខុសគ្នាដ៏ធំមួយនៅក្នុងក្រមសីលធម៌ការងាររបស់ប្រជាជនជប៉ុន។ ប្រជាជនជប៉ុនមិនត្រឹមតែមានកេរ្តិ៍ឈ្មោះដោយសារមានម៉ោងធ្វើការយូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការខិតខំពីកម្លាំងកាយចិត្តដែលពួកគេមាននៅក្នុងម៉ោងដ៏វែងទាំងនេះជារៀងរាល់ថ្ងៃផងដែរ។ និយោជិកកម្រនឹងឈប់សម្រាកវិស្សមកាលព្រោះពួកគេមានអារម្មណ៍ថាមិនត្រឹមត្រូវ។ ការធ្វើការច្រើនម៉ោងនិងការខិតខំជាងអ្នកដទៃគឺជាមោទនភាពមួយនៅក្នុងប្រទេសជប៉ុន។ យោងតាមការស្ទង់មតិពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ក្រុមហ៊ុនជប៉ុនជិតមួយភាគបួនមាននិយោជិករបស់ពួកគេធ្វើការលើសម៉ោងពី៨០ ដល់១០០ ម៉ោងក្នុងរយៈពេលតែមួយខែ។ ហើយម៉ោងដែលបន្ថែមទាំងនោះច្រើនតែមិនគិតប្រាក់ម៉ោងបន្ថែមនោះទេ។ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យប្រទេសជប៉ុនរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ ការខិតខំនិងការលះបង់គឺជាផ្នែកមួយនៃវប្បធម៌របស់ប្រជាជានជប៉ុន។ ប៉ុន្តែការធ្វើការងារច្រើនម៉ោងពេកនិងអតុល្យភាពនៃការងារបណ្តាលឱ្យមានមនុស្សមួយចំនួនបានស្លាប់នៅក្នុងសង្គមជប៉ុនផងដែរ។ ដោយសារតែហេតុផលនេះ រដ្ឋាភិបាលជប៉ុនបានបង្កើតកំណែទម្រង់ផ្សេងៗដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យកាត់បន្ថយម៉ោងបន្ថែមដែលមិនចាំបាច់នានា។ និយាយរួម យើងគួរប្រើពេលវេលារបស់យើងប្រកបដោយប្រសិទ្ធភាព និងប្រើជីវិតប្រកបដោយតុល្យភាពដើម្បីឱ្យមានផលិតភាពប្រចាំថ្ងៃ។ យើងគួរតែខិតខំដើម្បីផលប្រយោជន៍របស់មនុស្សគ្រប់គ្នានៅក្នុងប្រទេស។