
បច្ចុប្បន្ននេះ ផ្នែកថែទាំអគារ និងសាខា (Campus and Building Maintenance Department) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងផ្គត់ផ្គង់ផ្ដល់សេវាកម្មថែទាំ ជួសជុល និងកែលម្អសោភ័ណភាពទាំងក្នុង និងក្រៅបរិវេណអគាររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ គ្រប់ទីតាំងសាខាទាំងអស់។ អ្វីដែលជាភាពមមាញឹកយ៉ាងសកម្ម ដែលផ្នែកថែទាំអគារ និងសាខារបស់យើងកំពុងធ្វើនោះគឺ ការជំរុញបង្កើតបរិយាកាសនៅក្នុងបរិវេណអគារសិក្សាទាំងអស់របស់ MJQE ឱ្យបានប្រកបដោយសោភ័ណភាព សុវត្ថិភាព និងផាសុកភាព ទៅដល់សិស្សានុសិស្ស បុគ្គលិក គ្រូបង្រៀន និងភ្ញៀវទាំងអស់ ដែលបានចូលមកក្នុងបរិវេណអគាររបស់ សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ- អាយ អាយ។
បច្ចុប្បន្ននេះ ផ្នែកថែទាំអគារ និងសាខា មានបួនផ្នែកសំខាន់ៗរួមមាន៖
១. ផ្នែកថែទាំ (Maintenance Unit)
ផ្នែកថែទាំអគារ គឺជាផ្នែកមួយរបស់ CBMD ដែលដើរតួនាទីក្នុងការមើលថែទាំ ជួសជុល និងបំពាក់ឡើងវិញនូវប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ពិតាន ដំបូល កង្ហារ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង ប្រព័ន្ធអគ្គិសនី អំពូលភ្លើង ប្រព័ន្ធប្រកាសអាសន្នអគ្គិភ័យ ប្រព័ន្ធជម្រាបទឹក ការ៉ូ និងការដោះស្រាយបញ្ហាកំហូចនានាដែលកើតមាននៅក្នុងអគារគ្រប់សាខា។ យើងមានបុគ្គលិកជំនាញដែលមានវិជ្ជាជីវៈ និងមានបទពិសោធន៍ពេញលេញច្រើនឆ្នាំក្នុងការធ្វើការងារទាំងអស់នេះ។
២. ផ្នែកផលិតកម្មទូទៅ (General Productions)
ផ្នែកផលិតកម្មទូទៅជាផ្នែកចម្បងទី២ បន្ទាប់ពីផ្នែកថែទាំនៅក្នុងផ្នែក CBMD ដែលមានតួនាទីក្នុងការផលិត និងជួសជុលសម្ភារគ្រឿងសង្ហារិមសម្រាប់ដាក់ឱ្យប្រើប្រាស់នៅក្នុងថ្នាក់រៀន ការិយាល័យ បន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវ។ល ។ យើងមាននូវជាងជំនាញដែលមានបទពិសោធន៍ និងភាពប៉ិនប្រសប់ខាងផ្នែកផលិតសម្ភារគ្រឿងសង្ហារិមឈើ ជ័រ ដែក និងបាញ់ថ្នាំទៅតាមសេចក្ដីត្រូវការចង់បានពីអតិថិជនរបស់ផ្នែក។ សម្ភារដែលផ្នែកផលិតកម្មទូទៅបានផលិតកន្លងមករួមមាន តុ ទូ កៅអី ធ្នើរ ស្លាកសញ្ញាសម្គាល់ ប៉ាន់ណូ គ្រប់ប្រភេទ ដែលធ្វើអំពីឈើ ដែក កញ្ចក់ និងជ័រអាគ្រីលិច។
៣. ផ្នែកគេហកិច្ច (Housekeeping Unit)
ផ្នែកគេហកិច្ចរបស់ផ្នែក CBMD មានតួនាទីក្នុងការថែទាំ រៀបចំសួនច្បារ បាញ់ថ្នាំសម្លាប់មេរោគ កម្ចាត់សត្វល្អិត កាត់ស្មៅ សម្អាតលម្អិតដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកទេសសម្អាតនៅក្នុង និងក្រៅបរិវេណនៃអគារ។ ក្រៅពីការងារទាំងអស់នេះ ផ្នែកគេហកិច្ចក៏នៅមានជំនាញខាងផ្សាំកូនរុក្ខជាតិសម្រាប់ដាក់តាំងក្នុងគេហដ្ឋាន ការិយាល័យធ្វើការ ថ្នាក់រៀន និងនៅតាមទីតាំងសំខាន់ៗជាច្រើនទៀត។ ផ្នែកគេហកិច្ចរបស់យើងក៏មានទទួលបម្រើសេវាកម្ម ដែលបានរៀបរាប់ខាងលើជូនអតិថិជនខាងក្រៅផងដែរ តាមរយៈហ្វេសប៊ុកផេករបស់ក្រុមហ៊ុន Housekeeping Unit, MJQE ឬទំនាក់ទំនងលេខទូរសព្ទ០៦១ ៧០០ ១៨២។
៤. មជ្ឈមណ្ឌលវិចិត្រកម្ម
មជ្ឈមណ្ឌលវិចិត្រកម្ម គឺជាផ្នែកទី៤ (បួន) ចុងក្រោយនៃផ្នែក CBMD របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ផ្នែកនេះជាផ្នែកដែលមានទេព្យកោសល្យជំនាញសិល្បៈខុសពីផ្នែកទាំងបីខាងលើ ដែលត្រូវទាមទារឱ្យមានការប្រើប្រាស់អារម្មណ៍ និងផ្ចិតផ្ចង់ខ្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃរបស់បុគ្គលិកនៅក្នុងផ្នែកនេះ។ ជារៀងរាល់ថ្ងៃ ក្រុមវិចិត្រករជំនាញមានស្នាដៃ និងទេពកោសល្យក្នុងការគូររូប បានចុះទៅគ្រប់ទីតាំងនៃអគារសាខារបស់ MJQE ដើម្បីធ្វើការងារគូរ រចនារូបភាពដាក់នៅតាមជញ្ជាំងបន្ទប់ថ្នាក់រៀន ការិយាល័យ កន្លែងទទួលភ្ញៀវ កន្លែងកុមារលេង អាហារដ្ឋាន និងនៅតាមដើមឈើមួយចំនួននៅក្នុងបរិវេណអគារសិក្សារបស់សិស្ស។ បច្ចុប្បន្ននេះ ស្នាដៃរបស់ពួកគាត់មាននៅគ្រប់អគារសិក្សារបស់ MJQE ដែលបានចូលរួមជាចំណែកមួយក្នុងការផ្ដល់ជាគំនិតអប់រំ ទៅដល់សិស្សតាមរយៈស្នាដៃគំរូអប់រំរបស់ពួកគាត់។
ក្រៅពីវិជ្ជាជីវៈជំនាញ និងទេពកោសល្យដែលក្រុមការងារទាំងបួនផ្នែករបស់ CBMD មានអ្វីដែលលើសជាងនេះទៅទៀតនោះ គឺជាការចូលរួមចំណែកសហការការងារគ្នាទៅវិញទៅមកពីបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់ MJQE ក្នុងការសម្រេចបានការងាររួមទៅតាមជំនាញរបស់ផ្នែកនីមួយៗ ប្រកបដោយការយកចិត្តទុកក្នុងការបំពេញការងារ ប្រកបដោយភាពអត់ធ្មត់ខ្ពស់ ម្ចាស់ការ ឯករាជ្យ ទំនួលខុសត្រូវ មានក្រមសីលធម៌ក្នុងរស់នៅ ឱ្យតម្លៃអ្នកដទៃ និងការគោរពស្រឡាញ់គ្នាទៅវិញទៅមកតាំងពីបុគ្គលិក រហូតដល់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន៕
អត្ថបទដោយ : សៅ រតនា