
ដោយ អ្នកគ្រូ ឃ្លីម ណាឡែន
យើងទាំងអស់គ្នាតែងបានជួបប្រទះការថប់បារម្ភ – ភាពច្របូកច្របល់ក្នុងផ្លូវអារម្មណ៍ដែលរំញោចការបែកញើស ការវិលមុខ និងភាពស្ត្រេស។ កម្រិតនៃការថប់បារម្ភអាចមានភាពខុសគ្នារវាងមនុស្សម្នាក់ៗ។ វាអាចកើតឡើងក្នុងកំឡុងពេលនៃការប្រាស្រ័យទាក់ទងក្នុងសង្គម ព្រឹត្តិការណ៍សំខាន់ ឬព្រឹត្តិការណ៍ដែលរន្ធត់។ ឥឡូវសូមបិទភ្នែកហើយស្រមៃមើលគ្រានោះនៅពេលដែលយើងមានអារម្មណ៍ថាពិភពលោកហាក់បីដូចជាវិលលឿនខុសប្រក្រតី មានភាពងងឹតសូន្យ និងចង្វាក់បេះដូងរបស់អ្នកលោតញាប់ខុសធម្មតា។ ប្រសិនបើអ្នកអាចត្រលប់ទៅពេលនោះវិញ តើអ្នកនឹងធ្វើការប្រឈមបែបណាដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ជាងមុន? វាមានគន្លឹះខ្លះៗសម្រាប់ជួយខ្លួនអ្នកក្នុងការកាត់បន្ថយការថប់បារម្ភក្នុងរយៈពេល ៥ នាទី។
- សម្រួលឥរិយាបថរបស់យើង៖ យើងអាចក្រោកឈរឬអង្គុយឱ្យត្រង់ខ្លួន បើកស្មារនិងទ្រូងឱ្យទូលាយ ដោយដកដង្ហើមវែងៗដើម្បីធ្វើឱ្យអារម្មណ៍និងចិត្តរបស់យើងស្ងប់។ ការអនុវត្តបែបនេះនឹងរំលឹកយើងថាស្ថានភាពស្ថិតក្នុងការគ្រប់គ្រងរបស់យើង ហើយយើងអាចដោះស្រាយវាបានយ៉ាងស្ងប់ស្ងាត់។
- អនុវត្តវិធីសាស្ត្រ ៣-៣-៣៖ ខណៈពេលដែលយើងកំពុងមានអារម្មណ៍តានតឹង យើងអាចបំបែរអារម្មណ៍តានតឹងនេះជាមួយហ្គេមមួយនេះ។ រាប់សម្លេងបីដែលយើងឭ។ រាប់វត្ថុបីដែលយើងឃើញ។ បន្ទាប់មកធ្វើចលនាលើបីផ្នែកនៃរាងកាយរបស់យើងដែលយើងមានអារម្មណ៍តានតឹង។ (ឧទាហរណ៍៖ ក, កដៃ, ម្រាមដៃ … )
- ប្រើប្រេងក្រអូប៖ យោងតាម Healthline ការព្យាបាលដោយក្លិនក្រអូបអាចត្រូវបានប្រើដើម្បីបំបាត់ការថប់បារម្ភរបស់យើង។ វាអាចជាក្លិនក្រអូបណាមួយដែលផ្តល់នូវភាពធូរស្បើយនិងបន្ធូរអារម្មណ៍ដូចជាផ្កាកុលាប ផ្កាកាមូមាល ផ្កាឡាវេនឌើ…។ ល។
- ដើរលំហែរ៖ ក្នុងករណីដែលភាពតានតឹងនៅតែបន្តកើតមាន យើងអាចដើរលំហែរម្នាក់ឯងដើម្បីគយគន់ទិដ្ឋភាពនៅជុំវិញខ្លួន និងធ្វើឱ្យយើងមានសុំាជាមួយបរិយាកាសជុំវិញ។
- ប្រើវិធីព្យាបាលដោយការប្រឈម៖ នេះគឺជាបច្ចេកទេសដែលត្រូវបានអនុវត្តដោយអ្នកចិត្តសាស្រ្តភាគច្រើនដោយយោងតាម PsychologyTools។ និយាយឱ្យសាមញ្ញ វាអាចត្រូវបានគេហៅថា“ ប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក” ដែលធ្វើឱ្យបុគ្គលនោះប្រឈមមុខនឹងបញ្ហារបស់ពួកគេហើយធ្វើការគ្រប់គ្រងទៅលើបញ្ហានោះទាំងស្រុង។
- សុំជំនួយ៖ នៅទីបញ្ចប់ប្រសិនបើមានការថប់បារម្ភកាន់តែខ្លាំងឡើង នោះវាគឺជាពេលដែលយើងត្រូវមានភាពស្មោះត្រង់ជាមួយខ្លួនឯងថាយើងលែងគ្រប់គ្រងលើវាបានទៀតហើយ យើងកំពុងត្រូវការជំនួយ។ យើងអាចចូលទៅជិតមនុស្សជិតស្និទ្ធបំផុតដែលយកចិត្តទុកដាក់ចំពោះយើងយ៉ាងពិតប្រាកដ។ សម្រាប់ជម្រើសចុងក្រោយយើងអាចទៅជួបអ្នកជំនាញណាម្នាក់ដែលគួរឱ្យទុកចិត្ត។
សរុបមក យើងមិនគួរខ្មាសអៀនចំពោះភាពទន់ខ្សោយរបស់យើងទេប៉ុន្តែយើងត្រូវធ្វើអ្វីមួយចំពោះវា។
ឯកសារយោង
https://www.inc.com/melanie-curtin/9-ways-to-get-rid-of-anxiety-in-5-minutes-or-less.html