ដោយលោក​ ឡុង ពិសី​

សុខុមាលភាពរបស់អ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ទាំងក្នុងការងារ និងគ្រួសារ។ របៀបរស់នៅដែលមានសុខុមាលភាពរបស់អ្នកនាំឱ្យមានផលិតភាពកាន់តែច្រើននៅកន្លែងធ្វើការ និងបង្កើតបរិយាកាសល្អក្នុងចំណោមមិត្តរួមការងារ និងសមាជិកគ្រួសារ។ ប៉ុន្តែតើអ្នកទំលាប់ដែលមានសុខភាពល្អនៅពេលអ្នកនៅកន្លែងធ្វើការយ៉ាងដូចម្តេច?
នេះគឺជាគន្លឹះ ៣ យ៉ាងដែលខ្ញុំចង់ចែករំលែកដើម្បីរក្សាសុខភាពអ្នកអោយបានល្អនៅកន្លែងធ្វើការ។

គន្លឹះទី ១៖ អង្គុយតិច! ឈរអោយបានច្រើន!
អ្នកចំណាយពេលច្រើអង្គុយដើម្បីធ្វើដំណើរទៅធ្វើការ។ នៅកន្លែងធ្វើការអ្នកអង្គុយនៅតុរបស់អ្នក ៨ ម៉ោងក្នុងមួយថ្ងៃ។ បន្ទាប់មកអ្នកត្រលប់មកផ្ទះវិញ ហើយអ្នកចំណាយពេលអង្គុយដើម្បីសម្រាក រហូតដល់ដល់ពេលចូលគេង។ ដូច្នេះខ្ញុំលើកទឹកចិត្តអោយអ្នកអង្គុយតិច ហើយឈរអោយបានច្រើននៅកន្លែងធ្វើការ
ការឈរកាត់បន្ថយការឈឺចាប់ខ្នង ជើង ក និងស្មា បានរហូតដល់៥៤% ការឈរអោយត្រង់ខ្លួន វាជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យអាកប្បកិរិយាប្រសើរឡើង។ នៅពេលអ្នកក្រោកឈរ អុកស៊ីសែនច្រើននឹងធ្វើឱ្យ មុខងារខួរក្បាលប្រសើរឡើងនូវភាពច្នៃប្រឌិត ភាពច្បាស់ និងការផ្តោតអារម្មណ៍។ វាក៏ជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងជួយរំលាយកាឡូរី ជួយសម្រកទម្ងន់ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងជៀសពីជំងឺទឹកនោមផ្អែម។

គន្លឹះទី ២៖ ធ្វើចលនាអោយបានច្រើន!
អ្នកមិនចាំបាច់ទៅកន្លែងហាត់ប្រាណទេ។ គ្រាន់តែធ្វើចលនាសាមញ្ញៗ នៅកន្លែងធ្វើការនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពទូទៅរបស់អ្នក។ ពេលដែលអ្នកកំពង់ធ្វើការ សូមធ្វើចលនាអោយបានច្រើន អ្នកអាចដើរ ឬឈរ ជាជាងអង្គុយនៅតុ។ អ្នកអាចដើរទៅជួបមិត្តរួមការងាររបស់អ្នកជាជាងការផ្ញើសារ ឬតេតាមទូរស័ព្ទ។ បើសិនអ្នកជាថ្នាក់ដឹកនាំ អ្នកគួរដើរពិនិត្យការងារ សួរសុខទុក្ខកូនក្រុម ពិនិត្យអាគាររបស់អ្នកដើម្បីដឹងថាមានបញ្ហាអ្វីខ្លះ។ បើកន្លែងធ្វើការអ្នកមានជណ្តើរជើង សូមប្រើជណ្តើរជាជាងប្រើជណ្តើរយន្ត។ ការផ្លាស់ប្តូរដ៏សាមញ្ញទាំងអស់នេះអាចជួយយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក។

គន្លឹះទី ៣៖ ដើរទៅផ្ទះបន្ទាប់ពីចប់ពីការងារ!
អ្នកមិនចាំបាច់ចំណាយថវិការលើការជិះ PassApp ឬទៅកន្លែងហាត់ប្រាណទេ។ គ្រាន់តែដើរ!
ដើរទៅផ្ទះបណ្តើរ ស្តាប់តន្រ្តីបណ្តើរបន្ទាប់ពីចប់ការងារ។ នៅពេលអ្នកកំពុងដើរ អ្នកនឹងរីករាយជាមួយទេសភាពតាមផ្លូវទៅផ្ទះ វាធ្វើរអោយអារម្មណ៍អ្នកស្រស់ស្រាយ។ នៅពេលអ្នកកំពង់ដើរ អត្រាដង្ហើមរបស់អ្នកកើនឡើង ដែលបណ្តាលឱ្យអុកស៊ីសែនធ្វើដំណើរបានលឿនតាមរយៈចរន្តឈាម ហើយវាជួយកំចាត់កាកសំណល់ ជាតិពលនៅក្នុងខ្លួន និងធ្វើអោយប្រសើរឡើងនូវកម្រិតថាមពលរបស់អ្នក ការសិក្សាមួយនៅសាកលវិទ្យាល័យ Tennessee បានរកឃើញថាស្ត្រីដែលដើរច្រើនមានខ្លាញ់រាងកាយតិចជាងអ្នកដែលមិនដើរ។