
ដោយលោកស្រី គយ គឹមង៉ែត
គ្រូបង្រៀនល្អមានឥទ្ធិពលយ៉ាងធំធេងទៅលើអ្នកសិក្សានិងជួយពួកគាត់ចូលរួមក្នុងការរៀនសូត្រពេញមួយជីវិត។ គ្រូបង្រៀនល្អអាចផ្លាស់ប្តូរជីវិតរបស់កុមារគ្រប់វ័យ។ សូមគិតអំពីអតីតកាលនៃការសិក្សារបស់អ្នកតើអ្នកបានចងចាំគ្រូពិសេសណាម្នាក់ដែលជឿលើអ្នក បំផុសគំនិតអ្នក ជួយអ្នក ហើយធ្វើឱ្យអ្នកជឿជាក់ថា អ្នកអាច ជោគជ័យ បានទេ? គ្រូល្អទាំងនេះមានសារៈសំខាន់ណាស់។
លក្ខណៈរបស់គ្រូល្អ
- ការអត់ធ្មត់៖ ការអត់ធ្មត់គឺជាលក្ខណៈសំខាន់មួយសម្រាប់គ្រូដែលមានប្រសិទ្ធភាព។ សិស្សម្នាក់ៗជួប្រទះនូវភាពលំបាកក្នុងការសិក្សារៀងៗខ្លួន។ អ្នកខ្លះនឹងមានការលំបាកក្នុងការអាន ការសរសេរ រឺពិបាកក្នុងការដោះស្រាយលំហាត់គណិតវិទ្យាជាដើម ដូច្នេះហើយការអត់ធ្មត់គឺជាកត្តា ចាំបាច់បំផុតចំពោះគ្រូល្អ។
- ការយល់ចិត្ត៖ ក្នុងនាមជាគ្រូបង្រៀនវាចាំបាច់ណាស់ដែលយើងអាចព្យាយាមស្វែងយល់ពីសិស្សម្នាក់ៗឱ្យបានច្បាស់លាស់។យើងត្រូវប្រាកដថាសិស្សានុសិសស្សមានអារម្មណ៍ថាពួកគេស្ថិតនៅក្នុងបរិយាកាសដែលមាន សុវត្ថិភាព។
- ជំរុញការអភិវឌ្ឍផ្ទាល់ខ្លួន៖ គ្រូបង្រៀនគួរតែអាចស្វែងរកចំនុចខ្វះខាតផ្ទាល់ខ្លួនហើយបំញេញបន្ថែមនូវរាល់ចំនុចដែលខ្វះខាតទាំងនោះ។
- អាចសម្របបាន៖ គ្រូបង្រៀនដែលពូកែគឺអាចកែសម្រួលវិធីសាស្រ្តបង្រៀននិងការរំពឹងទុករបស់ពួកគាត់ដូច្នេះពួកគាត់នៅតែអាចទទួលបានជោគជ័យ។ វាគឺជាចរិតលក្ខណៈសំខាន់មួយនៅពេលដែលអ្នកបង្រៀនតែងតែ រំកិលមេរៀន របស់អ្នកទៅក្នុងរបៀបមួយដែលលើកកម្ពស់ការរៀនសូត្រតាមដែលអាចធ្វើទៅបាន។
- មានភាពយុត្តិធម៌៖ គ្រូបង្រៀនឆ្នើមតែងតែធ្វើឱ្យប្រាកដថាពួកគាត់មិនមានចំណង់ចំណូលចិត្តចំពោះសិស្សណាម្នាក់ជាងសិស្សណាឡើយពួកគាត់ស្រឡាញ់សិស្សានុសិស្សទាំងអស់ស្មើៗគ្នា។
ជំនាញរបស់គ្រូល្អ
នៅពេលនិយាយដល់ការបង្រៀនក៏មានជំនាញទន់ជាច្រើនដែលគ្រូត្រូវការដើម្បីឈានទៅរកភាពជោគជ័យមួយកម្រិតទៀត។ ជំនាញទាំងនោះមានដូចជា៖
- ការគ្រប់គ្រងស្ត្រេស៖ ធ្វើជាគ្រូបង្រៀនគឺជាការងារដែលមានភាពតានតឹងប៉ុន្តែគ្រូបង្រៀនល្អនឹងតែងតែរកវិធីដើម្បីគ្រប់គ្រងភាពតានតឹងរបស់ពួកគាត់។ ទោះបីជាពួកគេមានភាពតានតឹងពីផ្ទះក៏ដោយពួកគាត់នៅតែអាចសប្បាយ ចិត្តនៅចំពោះមុខសិស្សរបស់ពួកគាត់។
- ទំនាក់ទំនង៖គ្រូបង្រៀនត្រូវជាអ្នកទំនាក់ទំនងល្អដើម្បីបំពេញតម្រូវការសិស្ស។ ពួកគាត់មិនអាចវាយតម្លៃពីតំរូវការរបស់សិស្សប្រកបដោយប្រសិទ្ធភាពទេប្រសិនបើពួកគាត់មិនអាចទំនាក់ទំនងដោយបើកចំហជាមួយពួកគេ។ គ្រូបង្រៀនក៏ត្រូវមានសមត្ថភាពទំនាក់ទំនងជាមួយគ្រូនិង ពុកម្តាយ និង អាណាព្យាបាល ដទៃទៀតបានយ៉ាងល្អផងដែរ។ ការប្រាស្រ័យទាក់ទងគឺជាគន្លឹះដើម្បីឱ្យគ្រូទទួលបានជោគជ័យក្នុងអាជីពរបស់ពួកគាត់។ ការរៀនសូត្រនិងការបង្រៀនត្រូវបានតភ្ជាប់តាមរយៈទំនាក់ទំនងល្អ។
- បង្រៀនជាជាងណែនាំ៖ គ្រូបង្រៀនល្អគួរតែផ្តោតលើការធ្វើឱ្យប្រាកដថាសិស្សរបស់ពួកគេពិតជាយល់ពីខ្លឹមសារជាជាងគ្រាន់តែធ្វើការបង្រៀន។ ការរៀនសូត្រដ៏អស្ចារ្យបានមកពីគ្រូដែលផ្តោតលើការយល់ដឹងទាំងនោះ។
ការមានជំនាញទាំងនេះមានសារៈសំខាន់ណាស់ក្នុងការជួយលោកអ្នកឱ្យក្លាយជាគ្រូបង្រៀនដ៏អស្ចារ្យ។ ហើយនៅពេលដែលលោកអ្នកមានអត្តសញ្ញាណ និងជំនាញទាំងនោះលោកអ្នកអាចផ្តោតលើការ អភិវឌ្ឍលក្ខណៈផ្សេងទៀតដែលនឹងជួយលោកអ្នកឱ្យមានទំនាក់ទំនងល្អជាមួយសិស្សានុសិស្សហើយក្លាយជាគ្រូបង្រៀនដែលមានការយកចិត្តទុកដាក់។