​​ដោយលោក យ៉េន ចាន់សុម៉ា

គ្រួសារជាច្រើននៅទូទាំងប្រទេស កំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរជាបន្តបន្ទាប់ក្នុងជីវិតប្រចាំថ្ងៃដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩។ សាលារៀន កន្លែងជួបជុំសាធារណៈ និងអាជីវកម្មដែលមិនចាំបាច់ភាគច្រើនត្រូវបានបិទហើយអ្នកអាណាព្យាបាលទាំងអស់ត្រូវប្រឈមមុខនឹងការជួយគ្រួសាររបស់ពួកគេសម្របខ្លួនទៅនឹងស្ថានភាពថ្មី។ រួមមានការព្យាយាមគ្របគ្រង់លើកូនៗ ដើម្បីឱ្យពួកគេមានអារម្មណ៏ថាមានសុវត្ថិភាព ហើយព្យាយាមទទួលកិច្ចការសាលាមកធ្វើផងតាមដែលអាចធ្វើទៅបាន។ ដូច្នេះការបង្រៀនកុមារអំពីវិធានការបង្ការការនិយាយជាមួយពួកគេអំពីអ្វីដែលពួកគេភ័យខ្លាច និងផ្ដល់ ឱ្យពួកគេនូវអារម្មណ៏ថាពួកគេអាចគ្រប់គ្រងបានមួយចំនួនទៅលើហានិភ័យនៃការឆ្លងមេរោគអាចជួយកាត់បន្ថយការភ័យខ្លាចបាន។ គន្លឹះមួយចំនួនខាងក្រោមនេះអាចជួយបាន។
• ធ្វើជាគំរូ៖ កុមារនឹងមានប្រតិកម្ម និងធ្វើតាមប្រតិកម្មរបស់អ្នក។ ពួកគេរៀនពីគំរូរបស់អ្នក។
•ត្រូវដឹងពីរបៀបដែលអ្នកនិយាយអំពីជំងឺកូវីដ ១៩៖ ការពិភាក្សារបស់អ្នកអំពីកូវីដ ១៩ អាចបង្កើន ឬបន្ថយការភ័យខ្លាចរបស់កូនអ្នក។ រំលឹកប្រាប់កូនរបស់អ្នកថាគ្រួសារអ្នកមានសុខភាពល្អបើសិនវាជាការពិត។ ហើយអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីសុវត្ថិភាព និងសុខុមាលភាពពួកគេ ស្តាប់ដោយយកចិត្តទុកដាក់ឬឱ្យពួកគេគូរឬសរសេរពីគំនិតនិងអារម្មណ៍របស់ពួកគេហើយត្រូវឆ្លើយតបទៅពួកគេវិញតាមការពិត និងការធានា។
•ពន្យល់ពីការធ្វើគម្លាតសង្គម៖ កុមារប្រហែលជាមិនយល់ច្បាស់ថាហេតុអ្វី បានជាឪពុក ម្ដាយ ឬអ្នកអាណាព្យាបាលមិនអនុញ្ញាតឱ្យពួកគេនៅជាមួយមិត្តភក្តិ។ ការធ្វើគម្លាតសង្គមមានន័យថាការនៅឱ្យ ឆ្ងាយពីអ្នកដទៃរហូតដល់ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ស្ថិតនៅក្រោមការគ្រប់គ្រងបាន។
• ពន្យល់ពីការដកដង្ហើមវែងៗ៖ ការដកដង្ហើមវែងៗគឺជាឧបករណ៍ដ៏មានតម្លៃសម្រាប់ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទស្ងប់។ ធ្វើលំហាត់ដកដង្ហើមជាមួយកូនៗរបស់អ្នក។
•ផ្តោតលើភាពវិជ្ជមាន៖ រីករាយដែលមានពេលចំណាយជាមួយគ្រួសារ បង្កើតបរិយាកាសសប្បាយៗតាមអ្វីដែលអាចធ្វើទៅបាន។ធ្វើគម្រោងគ្រួសារ រៀបចំសម្ភារផ្ទាល់ខ្លួនឱ្យមានសណ្ដាប់ធ្លាប់ល្អ ច្រៀង សើច ហើយចេញទៅខាងក្រៅបើសិនជាអាច ដោយប្រកាន់ខ្ជាប់វិធានការសុវត្ថិភាពដើម្បីផ្សារភ្ជាប់ជា មួយធម្មជាតិនិងទទួលបានការធ្វើលំហាត់ប្រាណដែលត្រូវការ។ អនុញ្ញាតឱ្យកុមារធំៗទាក់ទងជា មួយមិត្តភក្តិរបស់ពួកគេពីចម្ងាយ។
•បង្កើតនិងថែរក្សាទម្លាប់ប្រចាំថ្ងៃ៖ ការរៀបចំកាលវិភាគឱ្យបានទៀងទាត់ធ្វើឱ្យយើងអាចគ្រប់គ្រងពេលវេលា ការប្រុងប្រៀបទុកជាមុន និងសុខុមាលភាព។ វាជួយកុមារ និងសមាជិកគ្រួសារអាចផ្តល់បំពេញតម្រូវការភាពស្ងប់ស្ងាត់ និងមិនរំខានដល់សមាជិកដទៃទៀត នៅពេលពួកគេត្រូវការពេលវេលាផ្ទាល់ខ្លួនជាមួយមិត្តភក្តិពីចម្ងាយ។