
អត្ថបទដោយ៖ ចាំ រតនា
ជោគជ័យ និងបរាជ័យគឺជាព្រឹត្តិការណ៍ដែលជៀសមិនរួចហើយបានកើតឡើងនៅក្នុងជីវិតរបស់មនុស្សគ្រប់ៗរូប។ គ្មានអ្នកណាមិនធ្លាប់ទទួលការបរាជ័យនោះទេ។ អ្នកដែលជោគជ័យក្នុងពេលបច្ចុប្បន្ននេះ សុទ្ធតែបានជោគជ័យបន្ទាប់ពីពួកគាត់បានបរាជ័យច្រើនដង។ មនុស្សភាគច្រើនរីករាយនឹងការទទួលជោគជ័យ ហើយមើលងាយការបរាជ័យ។ ពួកគេភ្លេចថាភាពបរាជ័យ និងភាពជោគជ័យគឺជាទិដ្ឋភាពពីរដែលកើតឡើងនៅក្នុងជីវិតរបស់យើង។ មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកចង់ជោគជ័យ ប៉ុន្តែពួកគេមិនដឹងថាមានតែភាពបរាជ័យទេដែលអាចនាំពួកគេទៅរកភាពជោគជ័យបាន។ ខ្ញុំចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលទាក់ទងនឹងប្រធានបទនេះ។ ខ្ញុំបានប្រាប់ខ្លួនឯងតាំងពីកើតមកថា ខ្ញុំត្រូវតែជាប់លេខមួយក្នុងរឿងគ្រប់យ៉ាងដូចជា ការសិក្សារបស់ខ្ញុំ ការងារអនាគតរបស់ខ្ញុំ និងអ្វីៗផ្សេងទៀត។ ពេលដែលខ្ញុំរៀនពីកម្រិតមត្តេយ្យរហូតដល់មហាវិទ្យាល័យ ខ្ញុំកំណត់ខ្លួនឯងថាខ្ញុំត្រូវតែជាប់ក្នុងចំណាត់ថ្នាក់ទាំងប្រាំ ព្រោះខ្ញុំចង់ក្លាយជាសិស្សពូកែ។ ខ្ញុំចង់ឱ្យកុងរបស់ខ្ញុំសប្បាយចិត្តនិងមានមោទនភាពចំពោះខ្ញុំ។ ខ្ញុំនៅតែចងចាំគ្រប់ពេលដែលខ្ញុំជាប់លេខមួយ គាត់នឹងទិញភីហ្សាដើម្បីជារង្វាន់សម្រាប់ខ្ញុំ ព្រោះគាត់ដឹងថាខ្ញុំចូលចិត្តញ៉ាំវា។ ផ្ទុយទៅវិញ ពេលខ្ញុំជាប់លេខ២ គាត់នឹងខកចិត្តយ៉ាងខ្លាំង។ ដោយឃើញដូច្នេះ ខ្ញុំបានបន្តដាក់សម្ពាធលើខ្លួនឯង ដើម្បីក្លាយជាលេខមួយម្តងទៀត បើទោះបីជាវាមានការលំបាកក៏ដោយ។ ក្រឡេកមើលទៅពេលនោះ ខ្ញុំនៅតែសួរខ្លួនឯងថា ហេតុអ្វីខ្ញុំត្រូវក្លាយជាសិស្សពូកែគ្រប់ពេល? ខ្ញុំហត់នឿយ តានតឹង និងចង់បោះបង់អ្វីៗទាំងអស់។ ក្រោយមកខ្ញុំដឹងថាគាត់តែងតែមានមោទនភាពចំពោះខ្ញុំ ទោះបីជាខ្ញុំមិនមែនជាលេខមួយក៏ដោយ។ តើខ្ញុំអាចដឹងដោយរបៀបណា? ដោយសារតែ គាត់តែងតែអួតស្ងើចសរសើរពីភាពពូកែ របស់ខ្ញុំទៅកាន់អ្នកជិតខាង និងសាច់ញាតិរបស់ខ្ញុំ ខណៈដែលគាត់មិនដែលឱ្យខ្ញុំស្តាប់ឮពាក្យអស់ទាំងនោះទេ។ ខ្ញុំអាចដឹងបានដោយសារតែពួកគាត់តែងតែប្រាប់ខ្ញុំរាល់ពេលដែលឃើញខ្ញុំ។ ដូច្នេះហើយ ទើបខ្ញុំដឹងថា មិនត្រឹមតែកុងរបស់ខ្ញុំទេ គ្រួសាររបស់ខ្ញុំទាំងមូលតែងតែមានមោទនភាពចំពោះខ្ញុំ និងគាំទ្រខ្ញុំឱ្យអស់ពីលទ្ធភាព ទោះបីជាពេលខ្លះខ្ញុំបរាជ័យក៏ដោយ។ អ្វីដែលខ្ញុំបានរៀនពីរឿងនេះគឺថា យើងមិនចាំបាច់ធ្វើជាមនុស្សពូកែគ្រប់ពេលទេ ហើយក៏មិនអីដែរ បើសិនជាយើងបរាជ័យពេលនេះ ថ្ងៃក្រោយយើងអាចក្រោកឈរម្តងទៀត ហើយនឹងដើរបានឆ្ងាយជាងថ្ងៃនេះទៅទៀត។
អ្នកដំណើរនៃភាពជោគជ័យគួរតែធ្វើឱ្យការបរាជ័យជាការណែនាំជាជាងមើលងាយភាពបរាជ័យ។ ហើយយើងគួរតែធ្វើការវិភាគត្រឹមត្រូវអំពីមូលហេតុដើមទងនៃការបរាជ័យ ហើយព្យាយាមម្តងទៀតដោយចេតនាពេញលេញ។វាអាចមានការបញ្ឈប់ជាច្រើននៃការបរាជ័យនៅលើផ្លូវទៅកាន់ភាពជោគជ័យ។ ប៉ុន្តែអ្នកមិនត្រូវនៅទីនោះទេ។ គ្រាន់តែបន្តដំណើរទៅមុខដោយការប្ដេជ្ញាចិត្តក្នុងការធ្វើការដោយមានទំនុកចិត្តពេញលេញនោះអ្នកនឹងទទួលបានជោគជ័យ។ អ្នកឈ្នះតែងតែនិយាយថា “វាប្រហែលជាពិបាក ប៉ុន្តែវាអាចទៅរួច” ហើយអ្នកចាញ់តែងតែនិយាយថា “វាអាចទៅរួច ប៉ុន្តែវាពិបាក” ។