
អត្ថបទដោយ: Royd Guyon
សួស្ដីអ្នកទាំងគ្នា! តើអ្នកដែលធ្លាប់គិតថាតើជីវិតរបស់អ្នកនឹងទៅជាបែបណាប្រសិនបើគ្មានតន្ត្រី? តើអារម្មណ៍របស់អ្នកនឹងទៅជាយ៉ាងណា? វាពិតជាពិបាកណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំបានយកតន្ត្រីមករំសាយភាពតានតឹង ផ្សារភ្ជាប់ទៅដួងព្រលឹងរបស់ខ្ញុំ និងបង្ហាញពីគំនិត និងអារម្មណ៍របស់ខ្ញុំជាយូរមកហើយ។ យើងមិនអាចបដិសេធនូវអត្ថប្រយោជន៍ជាច្រើនរបស់តន្ត្រី។ ជាលទ្ធផល ខ្ញុំជឿថាវាជាផ្នែកមួយនៃជីវិតរបស់មនុស្សម្នាក់ៗ។ អនុញ្ញាតឱ្យខ្ញុំនិយាយប្រាប់ពីឥទ្ធិពលរបស់តន្ត្រីមកលើជីវិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់មានការលំបាកក្នុងការស៊ូទ្រាំជាមួយភាពតានតឹងដែលបណ្ដាលពីកិច្ចការសាលា គម្រោងនានា ការធ្វើបទបង្ហាញ និងកិច្ចការស្រាវជ្រាវ នៅពេលខ្ញុំមានអាយុ១៣ឆ្នាំ។ ពេលនោះខ្ញុំមិនអាចរកពាក្យអ្វីដែលល្អបំផុតដើម្បីបង្ហាញពីអារម្មណ៍ខ្លួនឯង ឬស្វែងរកវិធីណាមួយដើម្បីបញ្ឈប់ការគិតច្រើន។ ដោយមានការជួយពីបងប្អូនជីដូនមួយរបស់ខ្ញុំ ខ្ញុំត្រូវបានលើកទឹកចិត្តឱ្យលេងហ្គីតា។ ការលេងហ្គីតានេះបានឱ្យខ្ញុំបង្កើនភាពជឿជាក់ទ្បើងវិញ ហើយថែមទាំងបានឱ្យខ្ញុំសង្កេតពីឥទ្ធិពលរបស់តន្ត្រីមកលើជីវិតរបស់ខ្ញុំ។ ខ្ញុំបានមានភាពសកម្មជាមួយតន្ត្រីជាយូរមកហើយ។ នៅពេលភរិយាខ្ញុំមានផ្ទៃពោះ ខ្ញុំចាំបានថាខ្ញុំលេងហ្គីតា ហើយច្រៀង
ចម្រៀងជាច្រើនបទ ដើម្បីឱ្យកូនរបស់ខ្ញុំដែលនៅក្នុងផ្ទៃអាចលឺបាន។ ឥលូវនៅពេលដែលខ្ញុំជាឪពុកម្នាក់ និងធ្វើការជាគ្រូបង្រៀនម្នាក់ ខ្ញុំកោតសរសើរពីរបៀបដែលតន្ត្រីអាចជួយកុមារក្នុងការរៀនសូត្រ និងការបង្ហាញពីអារម្មណ៍របស់ពួកគេ។ ឥលូវនេះ កូនស្រីរបស់ខ្ញុំកំពុងផ្សារភ្ជាប់ និងទទួលយកតន្ត្រី និងឧបករណ៍តន្ត្រីកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ព្រោះពួកយើងបានយកតន្ត្រីជាផ្នែកមួយនៃជីវិតរបស់យើង។ ចម្រៀងដំបូងដែលគាត់បានច្រៀង ហើយនឹងឧបករណ៍តន្ត្រីដំបូងដែលដែលគាត់បានរៀនលេង បានធ្វើឱ្យខ្ញុំខ្លួងឯងនឹកឃើញពីការព្រងើយកន្តើយជារឿយៗរបស់យើងមកលើរឿងសាមញ្ញៗជាច្រើននៅក្នុងជីវិតរបស់យើង ដូចជាតន្ត្រីនេះជាដើម។ ប្រសិនជាអ្នកស្គាល់នរណាម្នាក់ដែលមានបញ្ហាក្នុងការបង្ហាញពីខ្លួនរបស់ពួកគេ អ្នកអាចព្យាយាមឱ្យពួកគាត់ចូលប្រទ្បូកក្នុងតន្ត្រី ហើយប្រសិនបើពួកគាត់ចូលចិត្តវា អ្នកអាចឱ្យពួកគាត់ចូលរួមក្លឹបតន្ត្រី ឬរៀនលេងឧបករណ៍តន្ត្រី។