យ៉េន ចាន់សុម៉ា

ពាក្យដែល ប្រើប្រាស់ជាញឹកញាប់នៅក្នុងបរិបទនៃការ រីករាលដាលនូវជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ គឺពាក្យ ”New Normal” ។ ចំពោះពាក្យ ”New Normal” សម្រាប់ វិស័យអប់រំ គឺ ជា ការ កើន ឡើង នូវ ការ ប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីសិក្សាតាម ប្រព័ន្ធពីចម្ងាយ។ ក្នុងកំលុងនៃការ ផ្ទុះ រីករាលដាល ជំងឺកូវីដ-១៩នេះ បានបង្កើតឱ្យមាន របៀបសិក្សាថ្មី។ នៅតាមបណ្ដាប្រទេសជាច្រើននៅ លើពិភព លោក គ្រឹះស្ថានសិក្សាជាច្រើនបាន និង កំពុងតែដាក់ឱ្យដំណើរការ សិក្សា តាម ប្រព័ន្ធអនឡាញ ឬសិក្សាពីចម្ងាយ របៀប ថ្មី ដល់សិស្សានុសិស្ស។ ការសិក្សា តាមប្រព័ន្ធអនឡាញ នាពេល បច្ចុប្បន្ន នេះ មិន ត្រឹម តែ បង្រៀនមុខវិជ្ជាសិក្សាប៉ុណ្ណោះទេ ប៉ុន្ដែ បានរួម បញ្ចូលឱ្យមាន សកម្មភាពសិក្សាផេ្សងៗ ជាច្រើន ថែមទៀត ។ ក្នុងកំលុងប៉ុន្មានខែចុងក្រោយនេះ កំណើន ដាក់ឱ្យសិក្សា តាម ប្រព័ន្ធអនឡាញ គឺមានសន្ទុះកាន់តែច្រើនយ៉ាងផុសផុល។ ចំពោះដំណើរការសិក្សាជាមួយបច្ចេកវិទ្យាថ្មីនេះ ក៏នឹងមានសកម្មភាព កាន់តែខ្លាំងឡើង នាពេលអនាគត ដោយសារ មានការចាប់អារម្មណ៍ពី អ្នក អាណាព្យា បាល និងសិស្សានុសិស្ស ជាពិសេស ឈ្វេងយល់កាន់តែច្បាស់ពី គុណតម្លៃ នៃការសិក្សា តាម ប្រព័ន្ធ អនឡាញ ឬសិក្សាពីចម្ងាយ។ គុណតម្លៃទាំងនោះមានដូចជា៖
• កុមារអាចទទួលបាន ឱកាសពង្រឹងនូវជំនាញបន្ថែម ព្រមទាំងចេះ ប្រើប្រាស់កម្មវិធី អ៊ីនធើណេត
• កុមារបច្ចុប្បន្នមានទំនោរ បច្ចេកវិទ្យា ដូច្នេះ ការបណ្តុះបណ្តាល តាមអ៊ីនធើណេតនេះ គឺអាចទាក់ទាញ ចំណាប់អារម្មណ៍របស់សិស្ស មិនងាយធុញទ្រាន់
• កុ មារមានឱកាសឈ្វេង យល់កាន់តែច្បាស់ ថា ការប្រើប្រាស់បច្ចេកវិទ្យា មិនមែន ប្រើត្រឹមតែកម្សាន្ត ប៉ុណ្ណោះទេ
• មាតាបិតា ឬអ្នកអាណាព្យាបាល អាចសន្សំសំចៃពេលវេលា និងការចំណាយពេលវេលាក្នុង ការធ្វើដំណើរដោយផ្ទាល់
• មាតាបិតា ឬអ្នកអាណាព្យាបាលមានពេលវេលាគ្រប់គ្រាន់ ដើម្បី តាមដានសកម្មភាពសិក្សា របស់ កូន បានប្រសើរជាងមុន។
ក្រៅពីនេះ សិស្សានុសិស្សឈ្វេង យល់ការមេរៀនតាមរបៀបខុសគ្នា ដោយ មាន សិស្ស ខ្លះ ចូលចិត្ដ រៀន ដោយ ផ្ទាល់ដែលអាចមើលឃើញ ជាក់ស្ដែង ខណៈ សិស្សមួយចំនួនផ្សេងទៀត ចូលចិត្ដ រៀនតាមរយៈ ការ ស្ដាប់ពីចម្ងាយ។ សកម្មភាពសិក្សាទាំងពីរ នេះ ក៏មាន ភាព ប្រហាក់ប្រហែលគ្នាដោយសិស្ស មួយចំនួន គឺ ទទួលបានជោគជ័យតាមរយៈ រៀននៅក្នុងថ្នាក់ តែ ក៏មានសិស្សមួយចំនួន ជោគជ័យ តាម រយៈ សិក្សា ពីចម្ងាយ ព្រោះគេ ពិបាកខ្លាំងក្នុងការសិក្សា ក្នុងថ្នាក់ដែលមាន សិស្សច្រើន។ ការសិក្សាតាមប្រព័ន្ធអនឡាញ ជាមួយនឹងឧបករណ៍បច្ចេកវិទ្យា គឺជា ជម្រើសដ៏ល្អ និងសម្បូរបែប តាម របៀប សិក្សាថ្មីជាច្រើន។ ដូច្នេះ ការ សិក្សាតាមប្រព័ន្ធ អនឡាញ ជា ជម្រើស ល្អមួយ ក្នុងការបង្កើតបរិយាកាស និងទម្លាប់សិក្សា ដែលល្អ និង តម្រូវការរបស់សិស្សានុសិស្សនាសម័យកាលទំនើប៕