
អត្ថបទដោយ: ហុន វណ្ណថា
ការអប់រំគឺជាមរតកអរូបិយដ៏មានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន និងមិនមានជនណាអាចលួចឆក់បានឡើយ។ វាគឺដើមទុនជីវិតសម្រាប់មនុស្សគ្រប់រូបដើម្បីស្វែងរកភាពជោគជ័យក្នុងអាជីពការងាររបស់ពួកគេរៀងៗខ្លួន។ ដូច្នេះហើយការអប់រំនៅតាមសាលារៀន ការចូលរួមរបស់មាតាបិតា ឬអ្នកអាណាព្យាបាល និងសង្គមផ្ទាល់គឺជាកត្តាមួយដ៏សំខាន់ក្នុងការផ្តល់ឱ្យ សិស្សានុសិស្សនូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាមួយដ៏ពិតប្រាកដ។ មានមនុស្សជាច្រើន ដែលតែងតែគិត និងនិយាយថាសាលារៀនគឺកន្លែងផ្តល់នូវចំណេះ ដឹង ក៏ប៉ុន្តែការទទួល បានតែចំណេះមួយមុខគឺនៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយទេ ប្រសិនបើពួកគេខ្វះ នូវជំនាញ និងឥរិយាបថមួយដែលឆ្លើយតបទៅនឹងបរិបថ និងការវិវឌ្ឍ នៃសង្គម។
តើអ្វីទៅជាវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា នៃការអប់រំ?
វិជ្ជាសម្បទា៖គឹជាចំណេះដឹងដែលយើងទទួបានតាមរយៈការសិក្សានូវមុខវិជ្ជាណាមួយ ហើយចំណេះដឹងទាំងអស់នោះឆ្លុះបញ្ចាំងតាមរយៈការអាន ការសរសេរ ការគិតលេខ ចំណេះដឹងភាសាបរទេស ឬបច្ចេកវិទ្យា ព័ត៌មានវិទ្យា។
បំណិនសម្បទា៖ គឺសំដៅដល់ការត្រិះរិះពិចារណា ការចេះវិភាគរកខុសត្រូវ គំណិតឆ្នៃប្រឌិតរកអ្វីដែលថ្មីៗ ការចេះដោះស្រាយបញ្ហា និងចេះសម្រេច ចិត្តដ៏ត្រឹមត្រូវ។
ចរិយាសម្បទា៖ គឺជាឥរិយាបថល្អ និងត្រឹមត្រូវសម្រាប់ភាពជោគជ័យដូចជា ការចង់ចេះចង់ដឹង មានគំណិតផ្តួចផ្តើម ភាពទន់ភ្លន់ មានវិន័យ មានស្មារតី ទទួលខុសត្រូវ ចេះធ្វើការងារជាក្រុម និងមានការប្រាស្រ័យទាក់ទងល្អ។
ដើម្បីក្លាយជាបុគ្គលជោគជ័យម្នាក់ អ្នកពិតមិនអាចខ្វះបាននូវសម្បទាទាំងបីខាង លើនេះទេ ព្រោះថាចំណេះដឹងឬជំនាញ ក្នុងវិជ្ជាសម្បទាអាចធ្វើឱ្យអ្នកទទួលបាននូវ ការងារដ៏ល្អមួយ តែអ្នកនឹងមិនអាចទទួលបានជោគជ័យឡើយប្រសិនបើអ្នកខ្វះនូវបំណិន សម្បទា ឬចរិយាសម្បទានោះ។
ចូលកុំអស់សង្ឃឹមក្នុងជីវិតទោះបីអ្នកស្ថិតក្នុងភាពខ្វះខាតក្រលំបាកយ៉ាងណា ក៏ដោយព្រោះការប្រឹងប្រែងស្វែងរកចំណេះដឹង ជំនាញ និងឥរិយាបថល្អ គឺជាដើមទុនជីវិត ដ៏មានតម្លៃសម្រាប់ភាពជោគជ័យរបស់អ្នកនាពេលខាងមុខ។