
អត្ថបទដោយ៖ Muoyhong Ung
តើអ្នកធ្លាប់ធ្វើអន្តោប្រវេសន៍ទៅប្រទេសផ្សេងទេ? មនុស្សមួយចំនួន មានអារម្មណ៍រីករាយ នៅពេលពួកគេអាចទៅប្រទេសផ្សេងដើម្បីចាប់ផ្តើមជីវិតថ្មី។ ការផ្លាស់ទៅប្រទេសផ្សេង មិនមានន័យថាអ្នកភ្លេចជាតិសាសន៍របស់អ្នកទេ។ ទោះយ៉ាងណាក៏ដោយ មនុស្សត្រូវបង្កើតឱកាសសម្រាប់ខ្លួនឯង ដើម្បីពួកគេនឹងរស់នៅដោយសប្បាយរីករាយនិងដោយសន្តិភាព។ ការរស់នៅក្រៅប្រទេសមិនត្រឹមតែផ្តល់នូវឱកាសល្អ ៗ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ប្រទេស ដើម្បីទទួលបានកម្លាំងពលកម្មពីអន្តោប្រវេសន៍ ផលិតផលិតផលថ្មីៗ និងទាក់ទាញការវិនិយោគបន្ថែមទៀត។
ចំណុចទីមួយ យោងតាមរដ្ឋាភិបាលរបស់ប្រទេសកាណាដា កម្លាំងពលកម្មរបស់ប្រទេសនេះ បន្តកើនឡើងបន្តិចបន្តួចជារៀងរាល់ឆ្នាំ។ ប្រសិនបើគ្មានជនអន្តោប្រវេសន៍ទេ និយោជកនឹងមានបញ្ហាក្នុងការស្វែងរកកម្មករ ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងារដែលមាន។ នេះដោយសារតែជនជាតិកាណាដា រស់នៅបានយូរនិងមានកូនតិច។ មនុស្សកាន់តែច្រើន ចូលនិវត្តន៍ហើយមានសិស្សតិចជាង នៅក្នុងសាលារៀន។
ចំណុចទីពីរ ជនអន្តោប្រវេសន៍មានគំនិតថ្មីៗបន្ថែមទៀត ដើម្បីផលិត ផលិតផលសម្រាប់តម្រូវការទីផ្សារ។ ជនអន្តោប្រវេសន៍ខ្លះ ក៏អាចបើកអាជីវកម្មរបស់ខ្លួន ដោយបង្កើតនូវអ្វីដែលពួកគេមានរួចទៅហើយ។ ឧទាហរណ៍ ពួកគេអាចលក់ផលិតផលរបស់ពួកគេ នៅប្រទេសផ្សេងដើម្បីឱ្យមានអតិថិជនកាន់តែច្រើន ហើយក្រោយមកមនុស្សផ្សេងទៀត នឹងរៀនពីពួកគេ ហើយចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
ចំំណុចចុងក្រោយ ប្រទេសនេះ នឹងទាក់ទាញការវិនិយោគបន្ថែមទៀត។ នៅពេលប្រទេសកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រទេសនោះ នឹងមានជនបរទេស មកវិនិយោគជាមួយអ្នកកាន់តែច្រើន។ ដោយសារមានកម្មករច្រើន បានមកពីអន្តោប្រវេសន៍ ដូច្នេះចំនួននេះនឹងគ្រប់គ្រាន់សម្រាប់បង្កើនសេដ្ឋកិច្ច។ ការធ្វើអន្តោប្រវេសន៍ជួយគាំទ្រប្រទេសមួយនិងធ្វើឱ្យមានផលិតផលល្អ ៗ កាន់តែច្រើនទៅដល់ពិភពខាងក្រៅ។
ទោះបីជាមានលទ្ធផលល្អទាំងនេះយ៉ាងណាក៏ដោយ នៅតែមានមនុស្សមួយចំនួនយល់ថា អ្នកដែលធ្វើអន្តោប្រវេសន៍ នឹងបន្ថែមបញ្ហាដល់ប្រទេសហើយ ចំនួនប្រជាជននឹងកើនឡើងយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគិតកាន់តែស៊ីជម្រៅ អ្នកនឹងឃើញថាជនអន្តោប្រវេសន៍ជួយសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងណា ហើយធ្វើឱ្យវាកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
សរុបសេចក្តីមក ការមានកម្មករច្រើននឹងបង្កើតការងារបន្ថែមសម្រាប់ពួកគេ។ ការបង្កើតផលិតផលផ្ទាល់ខ្លួនរបស់អ្នក តែងតែធ្វើអោយមានប្រាក់ចំណូលច្រើន។ ទាក់ទាញមនុស្សដោយផលិតផលធ្វើដោយដៃផ្ទាល់របស់អ្នក តែងតែធ្វើឱ្យជនបរទេសចង់វិនិយោគជាមួយ។ វាជាការប្រសើរដែលប្រជាជនធ្វើអន្តោប្រវេសន៍ទៅប្រទេសផ្សេង ព្រោះពួកគេនឹងចាប់ដៃគ្នា ដើម្បីធ្វើឱ្យប្រទេសនិងប្រជាពលរដ្ឋ រស់នៅក្នុងស្ថានភាពល្អ។