
ហេតុអ្វីក៏ជីវិតស្មុគស្មាញ និងលំបាកម្ល៉េះ? ហេតុអ្វីបានជាវាមិនងាយស្រួល និងរីករាយរាល់ពេលទៅ?… នោះអាចជាសំណួរដែលយើងអាចសួរខ្លួនឯង យ៉ាងហោចណាស់ម្តងដែរ។ ជីវិតគឺពិបាក ហើយរឹតតែពិបាក នៅពេលដែលចិត្តរបស់យើងគ្រប់គ្រងយើង។ ចិត្តរបស់យើង មានទំនោរទាញយើង ទៅរកតណ្ហា ភាពភ្លើតភ្លើន និងចំនង់។ វាជាការល្អ ប្រសិនបើយើងអាចកំណត់ឥទ្ធិពលរបស់វាបាន ប៉ុន្តែប្រសិនបើយើងទន់ខ្សោយ ហើយចិត្តរបស់យើងគ្រប់គ្រងលើយើង វាអាចប្រែទៅជាលទ្ធផលអវិជ្ជមាន។ ចូរយើងសួរខ្លួនឯងនូវសំណួរទាំងនេះ៖ តើយើងត្រូវមានអ្វីខ្លះសម្រាប់ការរស់នៅ? តើយើងត្រូវការអាហារច្រើនជាង៣ពេលក្នុងមួយថ្ងៃ ហើយគេងលក់ស្រួលស្កប់ស្កល់ទេ? តើយើងត្រូវមានសម្ភារៈនិយម ទើបយើងអាចរស់នៅបានមែនទេ? តើវាជាអ្វីដែលយើងត្រូវការ ឬជាអ្វីដែលយើងចង់បាន? តើវាជាការឆោតល្ងង់ដែរទេដែលប្រឹងរកដោយមិនឈប់ឈរ តែមិនអាចយកអ្វីទៅជាមួយយើងបានពេលស្លាប់នោះ? ជីវិតកាន់តែមានន័យ និងការស្មុគស្មាញថយចុះ នៅពេលអ្នកយល់ពីរបៀបដែល ធម្មជាតិដំណើរការ។ ដំណើរនៃធម្មជាតិជាវដ្ដមួយ និងមិនស្ថិតស្ថេរនោះទេ។ចូរក្រឡេកមើលជុំវិញអ្នក ដែលប្រាប់ខ្លួនឯងថា អ្វីទៅជាកម្មសិទ្ធិរបស់អ្នក។ តើវានឹងជារបស់អ្នកនៅថ្ងៃស្អែក ក្នុងរយៈពេល១០ឆ្នាំទៀត ឬពេលដែលអ្នកស្លាប់ដែររឺទែ? អ្វីដែលជារបស់យើងនៅថ្ងៃនេះ នឹងមិនមែនជារបស់យើងនៅថ្ងៃអនាគត សូម្បីតែជីវិតរបស់យើង។ បើអ្នកមិនជឿនោះទេ ចូរអ្នកព្យាយាមគេចពីសេចក្តីស្លាប់ ហើយរក្សាជីវិតរបស់អ្នកជារៀងរហូតចុះ។ បើអ្នកមិនស្លាប់ទេ វាមានន័យថាជីវិតអ្នកជារបស់អ្នក ប៉ុន្តែតើវាអាចទៅរួចទេ? តើយើងគួរសង្ឃឹមយ៉ាងណា ព្រោះយើងមិនអាចរស់បានរហូតផង? ពេលយើងលែងនៅលើផែនដីនេះ តើទ្រព្យសម្បត្តិកាន់តែសំខាន់ឬ? តើសម្ភារៈដែលយើងចង់បាននឹងនៅជាមួយយើងទេ? តើជីវិតជាអ្វី? ហេតុអ្វីបានជាយើងត្រូវព្យាយាម ធ្វើការ និងរកប្រាក់យ៉ាងលំបាក ប៉ុន្តែមិនអាចយកអ្វីមកជាមួយបាន? តើយើងគួរចំណាយពេលបំពេញបំណងប្រាថ្នារបស់យើងដោយមិនឈប់ឈរ ឬតើយើងគួរឆ្លៀតពេលខ្លះដើម្បីសញ្ជឹងគិត ពីមូលហេតុដែលយើងព្យាយាមយ៉ាងខ្លាំង នៅពេលដែលជីវិតរបស់យើងមិនត្រូវការអ្វីជាច្រើនដើម្បីរស់? ជ្រើសរើសរបៀបរស់នៅរបស់អ្នក រស់នៅក្នុងជីវិតរបស់អ្នក ទទួលយកអ្វីដែលអ្នកត្រូវការ មិនមែនជាអ្វីដែលអ្នកចង់បាន ជួយអ្នកដទៃ និងចូរចាកចេញអោយផុតពីតណ្ហានិងចំនង់។
ដោយ៖ លោក ជួនវុទ្ធីរ៉ូ