
គ្រូបង្រៀនម្នាក់ៗសុទ្ធតែមានមូលហេតុផ្សេងៗគ្នាដែលជំរុញអោយខ្លួនមានគំនិតចង់ក្លាយជាគ្រូបង្រៀន។ ចំពោះរូបខ្ញុំផ្ទាល់ មានហេតុផលមួយចំនួនដែលជំរុញខ្ញុំអោយចង់ធ្វើជាគ្រូបង្រៀន។ មូលហេតុទី១ គឺដោយសារតែ ឪពុករបស់ខ្ញុំបានធ្វើការជាគ្រូបង្រៀនអស់រយៈពេលជាងប្រមាណដប់ឆ្នាំមកហើយ ហើយគាត់ថែមទាំងមានតួនាទីសំខាន់នៅសាលារដ្ឋទៀតផង ដោយហេតុគាត់ត្រូវបានតម្លើងឋានៈជានាយកសាលាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
មូលហេតុទី២ គឺដោយសារតែនៅក្នុងសហគមន៍របស់ខ្ញុំមានការកើនឡើងនៃចំនួនសិស្សដែលបោះបង់ការសិក្សាដោយសារស្ថានភាពគ្រួសាររបស់ពួកគេ ជាពិសេសបញ្ហាហិរញ្ញវត្ថុ ដោយមិនមានប្រាក់គ្រប់គ្រាន់ក្នុងការរ៉ាប់រងការចំណាយ។ ទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ខ្ញុំតែងតែលើកទឹកចិត្តសិស្សរបស់គាត់ឱ្យជំនះជាមួយនឹងបញ្ហាដែលពួកគេជួបប្រទះ ហើយគាត់តែងតែឆ្លៀតពេលល្ងាចៗដើម្បីបង្រៀនពួកគេដោយឥតគិតថ្លៃទៀតផង។ ការដែលគាត់ធ្វើសកម្មភាពទាំងអស់នេះ ក៏ដោយសារតែគាត់ចង់ឃើញយុវជនទាំងអស់នៅក្នុងតំបន់នោះទទួលបានការអប់រំ និងមានជីវិតកាន់តែប្រសើរឡើង ចៀសវាងការសម្រេចចិត្តបោះបង់ការសិក្សា។ គាត់តែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើការសហការជាមួយអង្គការនានាតាមលទ្ធភាពដែលគាត់អាចធ្វើទៅបាន ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីជួយសម្រួលដល់បញ្ហា ដែលសិស្សជួបប្រទះ។ គាត់គឺជាមនុស្សម្នាក់ដែលតែងតែដាស់តឿនដល់ពលរដ្ឋរស់នៅក្នុងសហគមន៍របស់ខ្ញុំថា ដោយសារយើងក្រីក្ររួចហើយ ដូច្នេះយើងមិនគួរបណ្តោយឱ្យមនុស្សជំនាន់ក្រោយរបស់យើងដើរតាមគន្លងយើងឡើយ។ សរុបសេចក្ដីមក មានតែការអប់រំទេ ដែលមានឥទ្ធិពលជួយមិនត្រឹមតែសហគមន៍របស់យើងប៉ុណ្ណោះទេ ថែមទាំងពិភពលោកទាំងមូលទៀតផង។
ហេតុផលទាំងអស់ខាងលើនេះ ញាំងឱ្យខ្ញុំតែងតែសួរខ្លួនឯងថា ហេតុអ្វីខ្ញុំ មិនជួយ អ្នកដែលគ្មានឱកាសក្នុងការសិក្សារៀនសូត្រហើយសប្បាយចិត្តនៅពេលឃើញពួកគេរីកចម្រើន។
ដោយ៖ លោក ជិន បញ្ញា