
បានអានអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍មួយដែលនិយាយអំពី “សូមធ្វើជាដបទឹក តែមិនមែនជាដបសូដា” សំនេរដោយ Gbenga Adebambo រៀបរៀងនៅក្នុង The Guardian, Conscience, Nurtured by Truth។ អ្នកត្រូវបានគេប្រៀបប្រដូចទៅនឹងដប ចំណែកអ្វីដែលនៅក្នុងដបគឺដូចជាអារម្មណ៍ និងប្រតិកម្មរបស់អ្នកចំពោះពិភពខាងក្រៅ។ ប្រសិនបើអ្នកចាប់អង្រួនដបកូកា នោះវានឹងផ្ទុះនៅពេលអ្នកបើកគំរបវាឡើង។ ផ្ទុយទៅវិញ ទោះបីជាអ្នកចាប់ក្រលែងដបទឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏ទឹកនៅខាងក្នុងដបនៅតែថ្លា និងមានសេ្ថរភាពដដែល។
ដូច្នេះ គុណតម្លៃនៃពាក្យប្រៀបធៀបនេះមានដូចខាងក្រោម៖
- អ្នកមានប្រតិកម្មចំពោះមនុស្សអវិជ្ជមានកាន់តែតិច នោះអ្នកនឹងមានសន្តិភាពក្នុងផ្លូវអារម្មណ៍កាន់តែច្រើន។
- រក្សាភាពស្ងប់ស្ងាត់ បើកចិត្តទូលាយ និងមានក្តីមេត្តាអាណិតអាសូរដល់មនុស្សទាំងពួង ទោះបីជាគេមានចេតនាមិនល្អមកលើអ្នកក៏ដោយ។ ប្រព្រឹត្តតែអំពើល្អចំពោះមនុស្សរាល់គ្នាដោយចិត្តសប្បុរស ទោះបីជាធម្មជាតិរបស់គេបែបណាក៏ដោយ។
- កុំឈ្លោះជាមួយមនុស្សដែលតាំងចិត្តនឹងយល់ច្រលំមកលើអ្នក។ សកម្មភាព និងពេលវេលានឹងបញ្ជាក់គ្រប់យ៉ាង។ បង្ហាញពួកគេពីចេតនាល្អរបស់អ្នក។
មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកត្រូវសួរខ្លួនឯងថា “អ្នកចង់ធ្វើជាដបទឹក ឬមួយដបសូដា”។ អ្វីក៏ដោយដែលអ្នកជ្រើសរើសគឺជាជម្រើសរបស់អ្នកទាំងស្រុង។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវចងចាំថា អ្នកជាកញ្ចក់ឆ្លុះបញ្ចាំងពីខ្លួនអ្នក ពុំមែនអ្នកដទៃឡើយ។ កុំបន្ទាបស្តង់ដារ និងក្រមសីលធម៌ផ្ទាល់ខ្លួនរបស់អ្នក ដោយសារតែអាកប្បកិរិយារបស់អ្នកដទៃ។