សូមអ្នកសួរខ្លួនឯងនូវសំណួរទាំងនេះ៖

១) តើអ្នកបានធ្វើដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នកជាលើកចុងក្រោយនៅពេលណា?

២) តើដំណើរកម្សាន្តបន្ទាប់របស់អ្នកនៅពេលណា?

៣) តើអ្នកមានលំហាត់ប្រាណ និងអាហារទៀងទាត់ដែរឬទេ?

៤) តើអ្នកគេងបានគ្រប់គ្រាន់ទេ?

៥) តើអ្នកអាចឈប់ធ្វើការទាំងស្រុងនៅពេលអ្នកនៅផ្ទះបានទេ?

៦) តើអ្នកទទួលយកការអញ្ជើញពីមិត្តភ័ក្តិរបស់អ្នក ហើយចូលរួមសកម្មភាពសង្គមជាមួយពួកគេទេ?

ប្រសិនបើចម្លើយរបស់អ្នកភាគច្រើនគឺបាទ/ចាស នោះសូមអបអរសាទរ! អ្នកកំពុងរីករាយនឹងតុល្យភាពជីវិតការងារត្រឹមត្រូវ។ ប៉ុន្តែសម្រាប់មនុស្សជាច្រើន វាពិបាកក្នុងការធ្វើឱ្យមានតុល្យភាពរវាងការងារ និងសុខុមាលភាពនាពេលបច្ចុប្បន្ននេះ ជាពិសេសប្រសិនបើអ្នកកំពុងធ្វើការក្នុងមុខតំណែងគ្រប់គ្រង។ ហេតុអ្វី​បាន​ជា​វា​ពិបាក​ម៉្លេះ​ក្នុង​ការ​ថែរក្សា​សុខភាព​របស់​អ្នក​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយ​ទន្ទឹម​នឹង​ការ​បំពេញ​ទំនួល​ខុស​ត្រូវ​ការងារ​របស់​អ្នក?

នៅពេលដែលយើងក្លាយទៅជាអ្នកគ្រប់គ្រង យើងមានទំនួលខុសត្រូវកាន់តែច្រើន និងម៉ោងធ្វើការកាន់តែយូរ។ ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​យើង​កាន់​តែ​តិច ខណៈ​ដែល​សហការី​របស់​យើង​តែង​តែ​ត្រូវ​ការ​ការ​សម្រេច​ចិត្ត​របស់
​យើង។ នេះមានន័យថា ទំនួលខុសត្រូវរបស់យើងមិនបញ្ចប់សូម្បីតែម៉ោងធ្វើការក៏ដោយ។ ការប្រើប្រាស់ថាមពលច្រើនហួសប្រមាណ (រាងកាយ និងផ្លូវចិត្ត) សម្រាប់ការងារ បណ្តាលឱ្យមានភាពតានតឹង ការខកចិត្ត អស់កម្លាំង និងផលិតភាពទាបក្នុងរយៈពេលខ្លី។ ក្នុងរយៈពេលវែង និយោជិតដែលខកខានមិនបានសម្រាកឱ្យបានត្រឹមត្រូវ និងថែទាំសុខុមាលភាពរបស់ពួកគេនឹងប្រឈមមុខនឹងបញ្ហាសុខភាពដែលបង្កគ្រោះថ្នាក់ដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺដាច់សរសៃឈាមខួរក្បាល ការឡើងទម្ងន់ និងការឈឺសាច់ដុំ។

ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួន ដើម្បីពង្រឹងសុខភាព និងសុខុមាលភាពរបស់អ្នក ដោយមិនប៉ះពាល់ដល់គុណភាពការងាររបស់អ្នក៖

ក) រៀនផ្ទេរភារកិច្ច៖ បង្វឹកមិត្តរួមការងាររបស់អ្នកឱ្យបានល្អ ហើយរៀបចំភារកិច្ចឱ្យពួកគេ។ សូមចងចាំថា កុំធ្វើការតែម្នាក់ឯង នៅពេលដែលអ្នកមានក្រុមការងាររបស់អ្នកជួយអ្នក។

ខ) សម្រាកពេលធ្វើការ៖ កំហុសទូទៅមួយដែលយើងធ្វើគឺអង្គុយនៅកន្លែងមួយដើម្បីបញ្ចប់កិច្ចការទាំងអស់។ នេះមិនល្អចំពោះភ្នែក (ប្រសិនបើអ្នកធ្វើការនៅពីមុខអេក្រង់កំព្យូទ័រ) ហើយវាប៉ះពាល់ដល់សាច់ដុំរបស់អ្នក។ សំរាក ៥ នាទីបន្ទាប់ពីមើលអេក្រង់កំព្យូទ័រ ៤៥ នាទីដែល អនុញ្ញាតឱ្យភ្នែករបស់អ្នកសម្រាកបន្ទាប់ពីមើលអេក្រង់អស់រយៈពេលយូរ។ ដូចគ្នានេះផងដែរ អ្នកគួរតែដើរចេញពីតុរបស់អ្នក ដើម្បីមានចលនាខ្លះ។

គ) ផ្តល់ពត៌មានអោយអ្នកគ្រប់គ្រងរបស់អ្នកដឹង ប្រសិនបើអ្នកត្រូវការពន្យាពេលកំណត់ការងាររបស់អ្នក។ ការ​ក្លាយ​ជា​អ្នក​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នឹង​មិន​អាច​ជួយ​អ្នក​នៅ​ពេល​ក្រោយ​បាន​ទេ។ ទទួល​យក​ការ​ពិត​ថា​មាន​ថ្ងៃ​ដែល​អ្នក​ឈឺ​ឬ​មាន​អារម្មណ៍​មិនសប្បាយចិត្តខ្លាំង។ ប្រសិនបើមានអ្វីដែលរារាំងអ្នកពីការបំពេញកិច្ចការរបស់អ្នកទាន់ពេល សូមជូនដំណឹងដល់អ្នកគ្រប់គ្រងរបស់អ្នកជាមុន។

ឃ) ប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំរបស់អ្នកដោយឈ្លាសវៃ៖ រៀបចំពេលវេលាដើម្បីធ្វើដំណើរកម្សាន្ត​និងរៀបចំផែនការទុកជាមុនឱ្យបានល្អ ដើម្បីឲ្យមិត្តរួមការងាររបស់អ្នកអាចគ្រប់គ្រងការងាររបស់អ្នកនៅពេលដែលអ្នកមិននៅក្បែរនោះ។

ង) មក​ដល់​កន្លែង​ធ្វើការ​ទាន់​ពេល​ហើយ​ចេញ​ទាន់ពេល​វេលា៖ អ្នក​ត្រូវ​យល់​ថា​ម៉ោង​ធ្វើ​ការ​យូរ​ពេក​នឹង​ធ្វើ​ឱ្យ​គុណភាពការងារ​របស់​អ្នក​ធ្លាក់​ចុះ។ ដូច្នេះហើយសូមចេញ​ទៅ​ផ្ទះបន្ទាប់ពីម៉ោងការងារ​ដើម្បី​សម្រាក​ឲ្យ​បាន​ល្អ។

ច) កំណត់ពេលវេលាសម្រាប់ការហាត់ប្រាណ៖ មិនថាអ្នករវល់ ឬហត់នឿយប៉ុណ្ណានោះទេ អ្នកត្រូវការពេលវេលាសម្រាប់ការហាត់ប្រាណ។ វា​ជា​វិធី​ល្អ​ក្នុង​ការ​បញ្ចេញ​ភាព​តានតឹង និង​ពង្រឹង​សុខភាព​របស់​អ្នក។

ការងារគឺសំខាន់ ប៉ុន្តែសុខភាពរបស់អ្នកកាន់តែសំខាន់។​​សូមថែសុខភាពអោយបានល្អណា!

 

អត្ថបទដោយ៖ រតនា ទូច