ការអភ័យទោសគឺជាទង្វើនៃសេចក្តីសប្បុរស ហើយបង្កើតឱ្យមានសន្តិភាពនៅលើពិភពលោក។ គ្រប់មនុស្សដែលធ្វើខុស ក៏ព្រោះពួកគេគឺជាមនុស្សដូចយើងទាំងអស់គ្នាដែរ។ ហើយម៉្យាងវិញទៀត ក៏ឥតមាននរណាល្អឥតខ្ចោះ មិនដែលសាងកំហុសនោះផងដែរ។ នៅពេលអ្នកមានធម៌អភ័យកាន់តែច្រើនក្នុងខ្លួនរបស់អ្នក អ្នកនឹងមានអារម្មណ៍ធូរស្រាល នឹងមិនសោកស្តាយនៅថ្ងៃខាងមុខ។ តួយ៉ាងគ្រប់មនុស្សប្រុសស្រីដែលធ្លាប់សាងកំហុស ត្រូវតែក្លាហានហ៊ានឆ្ពោះទៅមុខ។ ឪពុកម្តាយគួរឈ្វេងយល់ដឹងថា កូនៗរបស់លោកអ្នក នឹងមិនល្អឥតខ្ចោះនោះទេ ហើយជាការពិតណាស់ ពួកគេបាននឹងកំពុងសាងកំហុសជាច្រើន ជាបន្តបន្ទាប់ផងដែរ។ ក៏ប៉ុន្តែ ដោយអំណាចនៃព្រហ្មវិហារធម្មរបស់ឪពុកម្តាយ ទើបបណ្តាលឲ្យសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ បង្កើតជាថ្នាលនៃសេចក្តីសណ្តោស ប្រោសប្រណី ផ្តល់អភ័យទោស។ ការផ្តល់ឱកាសកាន់តែច្រើន និងអនុញ្ញាតឱ្យកុមារបង្កើតរបៀបរបបផ្ទាល់ខ្លួនរបស់ពួកគេ នឹងជួយធ្វើឱ្យប្រសើរឡើងនូវកម្លាំងផ្លូវចិត្តរបស់ពួកគេ ក៏ដូចជាការកសាងសមត្ថភាពដោយឯករាជ្យ។ សម្រាប់កុមារ និងសិស្សានុសិស្ស កំហុសនឹងជួយអ្នកឱ្យរកឃើញភាពពិតរបស់ខ្លួនអ្នក ហើយនាំអ្នកទៅកាន់ពិភពលោកពិតប្រាកដមួយ ដោយគ្រាន់តែអ្នកត្រូវគិតឲ្យបានសព្វគ្រប់ជ្រុងជ្រោយ នឹងភាពមឹងម៉ាត់បំផុត ប៉ុន្តែកុំធ្វើកំហុសដដែលៗម្តងជាពីរដងទៀតឲ្យសោះ។ សូមចងចាំថាមនុស្សគ្រប់គ្នាធ្វើខុស ប៉ុន្តែពួកគេមិនគួររស់នៅវេចស្ពាយជាមួយទោសកំហុសនោះ ពេញមួយជីវិតរបស់ពួកគេទេ។ រៀនអភ័យទោស បំភ្លេច និងបន្តដំណើរទៅមុខទៀត។

រីករាយថ្ងៃអភ័យទោស! បង្ហាញសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ទៅដល់ពិភពលោក។

 

រៀបរៀងដោយអ្នកគ្រូ ញ៉េស សៅកញ្ញារី