ដោយ តាំង រីនិត្យ

នៅពេលដែលខ្ញុំបានប្រាប់មនុស្សមួយចំនួនថា នៅថ្ងៃណាមួយ ការងាររបស់ពួកគេនឹងត្រូវធ្វើដោយមនុស្សយន្ត ពួកគេគ្រាន់តែសើច។ ពួកគេតែគិតថា ពួកគេជាមនុស្សពិសេស និងមិនអាចជំនួសបាន ឬជឿថាការងាររបស់ពួកគេស្មុគស្មាញពេករហូតដល់ AI ធ្វើមិនាបន ។ យ៉ាងណាក៏ដោយ យើងត្រូវពិនិត្យមើលប្រវត្តិសាស្រ្តពិភពលោក ដើម្បីមើលពីនិន្នាការនេះ។
បដិវត្តន៍ឧស្សាហកម្មទីមួយ ដែលផ្លាស់ប្តូរនៅក្នុងដំណើរការផលិត ពីការពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មទៅការប្រើប្រាស់ថាមពលចំហាយទឹក និងគញរឿងយន្តផលិតកម្ម បានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងាររបស់ពួកគេ។ បន្ទាប់មក របកគំហើញនិងការកែលម្អបច្ចេកវិជ្ជាជាបន្តបន្ទាប់ បានលុបចោលការងារជាច្រើន ចាប់តាំងពីប្រតិបត្តិករទូរស័ព្ទ និងអ្នកគូររូបឡើងវិញ រហូតដល់លេខា និងអ្នកវាយអត្ថបទ។
នៅតែគិតថា វាកើតឡើងតាំងពីយូរហើយមែនទេ? សូមក្រឡេកមើលអតីតកាលដែលបានកើតឡើមិនយូរប៉ុន្មានវិញ។ កាលពីដប់ឆ្នាំមុនប៉ុណ្ណោះ ទូរស័ព្ទចល័ត «ធម្មតា» នៅតែគ្រប់គ្រងពិភពលោក ហើយមានមនុស្សតិចតួចប៉ុណ្ណោះដែលស្រមៃថា «ស្មាតហ្វូន» ដែលទើបនឹងបង្កើតថ្មីនឹងជំនួសឧបករណ៍រាប់សិប រួមមានកុំព្យូទ័រចល័ត កាមេរ៉ា ឧបករណ៍ថតសំឡេង ម៉ាស៊ីនវីដេអូហ្គេម ជាមើម។ បច្ចេកវិទ្យាដែលរីកចម្រើនយ៉ាងឆាប់រហ័សកំពុងធ្វើឱ្យការងារជាច្រើនប្រឈមនឹងហានិភ័យ រួមមានដូចជាអ្នកកែអក្ខរាវិរុទ អ្នកបកប្រែ អ្នកវិភាគទិន្នន័យ អ្នករចនា អ្នកកាសែត។ ..ល។ ហើយចំនួននេះកើនឡើងជារៀងរាល់ថ្ងៃ។ តាមការពិតទៅ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបញ្ជាក់ក្នុងរបាយការណ៍ថ្មីៗនេះថា «ម៉ាស៊ីនឆ្លាតវៃជំនាន់ថ្មី ដែលត្រូវបានជំរុញដោយការជឿនលឿនយ៉ាងរហ័សនៃបញ្ញាសិប្បនិមិត្ត (AI) និងមនុស្សយន្ត អាចមានសក្តានុពលជំនួសការងារមនុស្សដែលមានស្រាប់មួយចំនួនធំ»។
ដូច្នេះ តើយើងគួរធ្វើយ៉ាងណាដើម្បីរក្សា«ភាពមិនអាចជំនួសបាន» ក្នុងសម័យទំនើបបែបនេះ? អ្នកត្រូវចាំថា គ្មាននរណាម្នាក់អាចធ្វើការងារមនុស្សយន្តបានល្អជាងមនុស្សយន្តនោះទេ ប៉ុន្តែប្រាកដណាស់ វានៅតែមានមុខងារមនុស្សជាច្រើន ដែលមនុស្សយន្ត ឬ AI មិនអាចត្រូវបានគេដាក់កម្មវិធីឱ្យមាន រួមទាំងការច្នៃប្រឌិត ភាពជាអ្នកដឹកនាំ វោហាសាស្ត្រ ការយល់ចិត្ត ការទំនាក់ទំនង និងការសហការគ្នាជាដើម។ ទាំងនេះគឺជានិន្នាការថ្មីនៃការអប់រំ ដើម្បីរៀបចំសិស្សសម្រាប់អនាគត។
ម្យ៉ាងទៀត កាលណាការងារចាស់បាត់ខ្លួនទៅ ការងារថ្មីក៏លេចចេញមក។ ការងារទាំងនោះជាធម្មតាទាមទារជំនាញដែលអនុញ្ញាតឱ្យអ្នកប្រើ គ្រប់គ្រង និងជួសជុលបច្ចេកវិទ្យាថ្មីៗ។ ជាក់ស្តែង ប្រសិនបើអ្នកគិតថាអ្នកចេះគ្រប់គ្រាន់ ហើយមិនអើពើនឹងការរៀនអ្វីថ្មី និងជំនាញ នោះអ្នកទំនងជាត្រូវបានកិនដោយកង់ប្រវត្តិសាស្ត្រ៕