
សិក្សារៀនសូត្រក្នុងសតវត្សរ៍ទី២១ គឺទាមទារតម្រូវឱ្យយើងចេះបត់បែនសម្របខ្លួនទៅតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី និងទំនើប។ ការសិក្សាស្វែងយល់អំពីរបៀបប្រើប្រព័ន្ធឌីជីថលទាំងនោះ វានឹងជួយក្នុងការប្រើប្រាស់ឱ្យមានប្រសិទ្ធិភាពដើម្បីបម្រើប្រយោជន៍ជាច្រើនយ៉ាងដល់យើងដោយរលូន។
កំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សតម្រូវឱ្យងាកមកសិក្សាតាមប្រព័ន្ធឌីជីថលនិងប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងមុនដើម្បីបន្តរក្សាការសិក្សា ទំនាក់ទំនង សហការ បែងចែកនិងរៀបចំកិច្ចការងាររបស់យើង ហេតុដូច្នេះហើយទើបត្រូវបានគេសង្កេតឃើញថា ប្រជាជនកម្ពុជានិងសិស្សានុសិស្សភាគច្រើនបន្តប្រើប្រាស់ប្រព័ន្ធឌីជីថលមិនមែនសម្រាប់តែការកម្សាន្តសប្បាយនោះទេ។ កម្មវិធីឌីជីថលដូចជា ហ្គ៊ូហ្គ៉លក្លាស្សរូមន៍ ក្លាស្សដូចូ និង ហ្ស៊ូមម៉ីតធីង ត្រូវបានគេកំពុងនិយមនឹងប្រើប្រាស់ ដើម្បីជាជំនួយក្នុងការធ្វើការងារនិងការសិក្សាតាមប្រព័ន្ធអនឡាញនិងក្នុងកម្មវិធីសិក្សាពីចម្ងាយ។
ប្រជាជនកម្ពុជាបីជំនាន់បានកំពុងនឹងឈ្វេងយល់យ៉ាងច្រើនអំពីសារៈប្រយោជន៍និងអត្ថប្រយោជន៍នៃបច្ចេកវិទ្យានិងប្រព័ន្ធឌីជីថលក្នុងការរស់នៅប្រចាំថ្ងៃ ហើយមិនមែនសម្រាប់តែដើម្បី
កម្សានអារម្មណ៍ឬសម្រាប់តែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ។ ក្នុងខណៈពេលដែលប្រជាជនពុកម៉ែបងប្អូនបានយល់កាន់តែច្បាស់ ប្រើប្រាស់កាន់តែច្រើនជាបន្តបន្ទាប់នូវប្រព័ន្ធឌីជីថលទាំងនោះ នាងខ្ញុំក៏សង្ឃឹមថាពុកម៉ែបងប្អូននឹងបន្តការការពារប្រុងប្រយ័ត្នឱ្យបានខ្ពស់និងខ្ជាប់ខ្ជួននូវព័ត៌មានអំពីនិងរបស់ខ្លួន ដើម្បីរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធើណេត បើធ្វេសប្រហែសមិនចេះប្រុងប្រយ័ត្នទេនោះវានឹងនាំមកនូវការខាតបង់ធ្ងន់ ៕
អត្ថបទខ្មែរដោយ៖ កញ្ញា មាស ស្រីល័ក្ខណ៍