
សុខ សុផល
ការគេងមានសារៈសំខាន់ណាស់ចំពោះរាងកាយមនុស្ស ប៉ុន្តែភាគច្រើនយើងហាក់បី ដូចជាមិន សូវ អើ ពើ នឹង វានោះទេ។ ជា ទូទៅ បញ្ហាដែលមនុស្សពេញវ័យកំពុងប្រឈមបំផុតនាពេលបច្ចុប្បន្ន គឺការគេងមិនលក់ដោយសារតែការមមាញឹក និងមាន បញ្ហា ជំងឺផ្លូវចិត្ត ។ សម្រាប់មនុស្សពេញវ័យ បរិមាណនៃ ការ គេងដែលល្អបំផុតសម្រាប់សុខភាពគឺចាប់ ពី៨ ទៅ៩ម៉ោងជា រាល់យប់។ ការគេងមិនគ្រប់គ្រាន់ និងគុណភាពនៃការគេងមិនបានគ្រប់គ្រាន់មានផលវិបាកចំពោះការ ប្រតិបត្តិការ ការងារ នៅពេល ថ្ងៃដែលបណ្តាលឱ្យមាន ការ ងងុយគេង អស់កម្លាំង បញ្ហា សតិ អារម្មណ៍ និងបញ្ហាសុខភាពផ្សេងៗទៀត។ ខាង ក្រោម នេះ ជាបញ្ហាទូទៅដែលយើងអាចនឹង ប្រឈមមុខប្រសិនបើយើងមិនបានគេងគ្រប់គ្រាន់៖
• បញ្ហាការចងចាំ៖ ការគេងមិនបាន គ្រប់គ្រាន់ អាចជះឥទ្ធិពលដល់ការចងចាំរយៈពេលខ្លីនិងវែង ព្រោះនៅពេលយើងគេង ខួរក្បាលរបស់ យើង បង្កើតបានជាតំណភ្ជាប់ដែលជួយឱ្យយើងធ្វើ ប្រតិបត្តិការ និងចងចាំព័ត៌មានថ្មីៗបាន ។
• ការគិត និងការផ្ចង់ អារម្មណ៍៖ ជាទូទៅ នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ការផ្តោតអារម្មណ៍ ការច្នៃប្រឌិត និងជំនាញក្នុងការដោះស្រាយបញ្ហារបស់យើង គឺមិនស្មើគ្នាទេ។ យើងមានទំនោរមិនយកចិត្តទុកដាក់លើអ្វីដែលយើងកំពុងធ្វើ និងនៅ ជុំវិញខ្លួន របស់ យើង ។
• ការផ្លាស់ប្តូរអារម្មណ៍៖ កង្វះដំណេកអាចធ្វើឱ្យយើងមានការផ្លាស់ប្តូរអារម្មណ៍មិន ទៀងរំជួលចិត្ត និងឆាប់ខឹង។ ការគេងមិនលក់រ៉ាំរ៉ៃអាចប៉ះពាល់ដល់អារម្មណ៍របស់យើង និងនាំឱ្យមានភាព តានតឹង ឬធ្លាក់ទឹកចិត្តដែល អាច ឈាន ដល់ ការ ធ្វើអត្តឃាតខ្លួនឯងផងដែរ ។
• ប្រព័ន្ធស៊ាំចុះខ្សោយ៖ ការគេងមិនគ្រប់គ្រាន់ជា ញឹក ញាប់ អាច ធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់យើងចុះខ្សោយក្នុង ការ ប្រឆាំងនឹងមេរោគ ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19។ នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយវា អាច បណ្តាល ឱ្យ យើងងាយឆ្លងជំងឺ និងមិនអាចព្យាបាល ជាសះស្បើយឡើងវិញក្នុង រយៈពេល ដ៏ខ្លីនោះទេ។
• ហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ការគេងបាន តិចពេកអាច ប៉ះពាល់ដល់ការបញ្ចេញ អរម៉ូន អាំងស៊ុយលីនដែលជាអរម៉ូនបញ្ចុះជាតិស្ករក្នុងឈាម។ អ្នកដែលគេងមិនបានគ្រប់គ្រាន់មានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ដែលអាច ធ្វើឱ្យមាន ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។
• ឧបទ្ទវហេតុ៖ នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ ធ្វើឱ្យ យើងមាន ការ ងងុយគេងនៅ ពេលថ្ងៃ ដែល អាចបង្កឱ្យ មាន ឧបទ្ទវហេតុ ឬរបួស ស្នាមទៅលើ ខ្លួនឯង និងអ្នកដទៃ នៅ ពេលកំពុង ជិះម៉ូតូ ឬ បើកបររថយន្តដោយសារតែភាព ងងុយគេង និងការ អស់កម្លាំង។