
សព្វថ្ងៃយើងឃើញថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាមានការបោះជំហានទៅមុខយ៉ាងខ្លាំង មិនថាគ្រឺះស្ថានរដ្ឋ ឬឯកជននោះទេ ដែលកត្តាទាំងនេះហើយធ្វើឱ្យប្រទេសយើងផលិតបាននូវធនធានជាច្រើន ដែលប្រកបដោយចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារក្នុងស្រុក ក៏ដូចជាក្រៅស្រុកផងដែរ។ ទន្ទឹមនឹងភាពជោគជ័យនេះ ក៏មាននូវបញ្ហាប្រឈមមួយចំនួនដែលបានសង្កេតឃើញ នៅក្នុងវិស័យអប់រំបច្ចុប្បន្នចំពោះសិស្សានុសិស្សមួយចំនួនដែលមានភាពខ្ជះខ្ជាយ មិនគោរពពេលវេលាក្នុងការសិក្សា ដែលកត្តានេះជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗទៀតធ្វើឱ្យការសិក្សារបស់សិស្សានុសិស្សមានលទ្ធផលមិនបានល្អ។
សិស្សានុសិស្សដែលតែងតែមករៀនយឺតពេល ពួកគាត់ភាគច្រើនប្រាកដជាដឹងយ៉ាងច្បាស់នូវគុណវិបត្តិនៃការដែលពួកគាត់តែងតែមករៀនមិនទាន់ម៉ោងនោះ តែពួកគាត់មួយចំនួននៅតែអនុវត្តនូវទម្លាប់មិនល្អនោះជាប្រចាំដោយមិនមានការខ្វល់ខ្វាយពីលទ្ធផលចំណេះដឹងពិតប្រាកដែលពួកគាត់នឹងទទួលបាននោះទេ។
តាមរយៈបទពិសោធន៍ និងការសង្កេតឃើញថា ការដែលសិស្សម្នាក់មករៀនយឺតពេលនោះបានជះឥទ្ធិពល អវិជ្ជមានមួយចំនួនដូចខាងក្រោម៖
• ការសិក្សារបស់សិស្សមានលទ្ធផលមិនល្អ។
• ខាតបង់ថវិកាដែលមាតាបិតា ឬអ្នកអាណាព្យាបាលបានផ្គត់ផ្គង់ថ្លៃសិក្សា។
• ប៉ះពាល់ការសិក្សារបស់មិត្តរួមថ្នាក់ (ពេលដែលគាត់ចូលថ្នាក់យឺតជាងគេ)។
• ប៉ះពាល់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។
• តាមមេរៀនមិនទាន់គេ។ ល។
សរុបសេចក្ដីមក តាមរយៈការលើកឡើងខាងលើនេះ គ្រាន់តែចង់ដាស់ស្មារតីសិស្សានុសិស្សទាំងអស់ឱ្យមានទម្លាប់ល្អ លះបង់នូវភាពខ្ជិលច្រអូស ដើម្បីឆ្ពោះទៅរកអនាគតល្អភ្លឺស្វាងក្នុងការសិក្សា ដើម្បីជួយអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិយើងទាំងមូល។
ពាក្យស្លោក៖ “វាជាភាពចៃដន្យ បើអ្នកមកយឺតលើកទី១ លើកទី២ក្លាយជាទម្លាប់ បើយឺតញឹកញាប់អ្នកជាមនុស្សខ្ជិលច្រអូស”៕
-អត្ថបទដោយ : អឿន សុបិន្ត