អត្ថបទដោយ : ជួន វុទ្ធីរ៉ូ

 

ពិធីបុណ្យដារលានគឺទាក់ទងទៅនឹងជំនឿរបស់សាសនា ដែលបុព្វបុរសខ្មែរបានប្រារព្ធតាំងពីបុរាណ រហូតដល់បច្ចុប្បន្ន។ បុណ្យនេះត្រូវបានហៅឈ្មោះខុសៗគ្នា ប៉ុន្តែមិនថាបុណ្យនេះត្រូវបានគេ ហៅយ៉ាងណាក៏ដោយ គោលបំណងរបស់បុណ្យនេះ គឺដើម្បីរំឭកដល់អារក្ស ដែលថែរក្សាទឹកដី ដែលបានផ្ដល់ធនធានដែលមានតម្លៃដល់មនុស្សជំនាន់ក្រោយ ហើយក៏ដើម្បីធ្វើការសុំខមាទោស ចំពោះកំហុសខុសឆ្គង ដែលបានកើតឡើងអំឡុងពេលរដូវច្រូតកាត់ ដូចជាបន្សល់ទុកនូវសម្រាម ឬដើរកាត់វាលស្រែដោយសារតែដីគឺជាប្រភពដែលអាចដាំដំណាំ ហើយដើម្បីចងចាំដល់បុព្វបុរស ដែលបានផ្ដួចផ្ដើមគំនិតក្នុងការធ្វើកសិកម្មនិងគោរពបូជាដល់ទឹកភ្លៀងដែលជាធនធានដ៏សំខាន់ក្នុងការធ្វើកសិកម្ម។

ជារៀងរាល់ឆ្នាំ កសិករខ្មែរនៅគ្រប់ភូមិស្រុកទូទាំងប្រទេសប្រមូលផ្ដុំគ្នាបន្ទាប់ពីច្រូតកាត់រួច។ មនុស្សចាស់តែងតែពិភាក្សាគ្នា ដើម្បីរកពេលវេលាដែលល្អដើម្បីប្រារព្ធពិធីបុណ្យដារលាន។ ពិធីបុណ្យនេះប្រារព្ធឡើងអាស្រ័យលើការសម្រេចចិត្តរបស់អ្នកភូមិនិងតំបន់នីមួយៗបន្ទាប់ពីច្រូតកាត់ស្រូវរួច ប៉ុន្តែនៅស្រុកខ្លះប្រារព្ធពិធីបុណ្យដារលាននៅពេលដែលស្រូវចេញគ្រាប់ដើម្បីអបអរនូវការឲ្យផលរបស់គ្រាប់ស្រូវ។ ការរៀបចំពិធីបុណ្យដារលានគឺមិនស្មុគស្មាញ ប៉ុន្តែសប្បាយពីព្រោះមានវង្សភ្លេងពិណពាទ្យ ហើយអ្នកភូមិជួបជុំគ្នាដើម្បីរៀបចំចង្ហាន់ផ្សេងៗ ដើម្បីជាសក្ការបូជាដល់ព្រះរតនៈត្រៃយ៍ព្រះភូមិ។ នៅក្នុងពេលតែមួយ អ្នកភូមិយកម្ហូបដើម្បីប្រគេនព្រះសង្ឃ ហើយញ៉ាំម្ហូបអាហារជុំគ្នាដើម្បីបង្កើត ចំណងសាមគ្គី។

បន្ទាប់មកព្រះសង្ឃនិមន្តមកដើម្បីប្រោះព្រំដល់ភូមិ និងអ្នកភូមិ។ លើសពីនេះ អ្នកភូមិក៏គោរពបូជាដល់វិញ្ញាណក្ខន្ធ និងអារក្សអ្នកតា ដើម្បីសុំទទួលពរជ័យ សម្រាប់ប្រមូលផលរដូវក្រោយ កុំឲ្យមានសត្វល្អិត កណ្ដុរឬសត្វស្លាបមកស៊ីស្រូវ។ ទោះបីជាពិធីបុណ្យត្រូវបានបញ្ចប់ ជីវិតបន្ទាប់ពីធ្វើការពេញមួយរដូវនៅក្រោមថ្ងៃក្ដៅនិងភ្លៀងធ្វើឲ្យកសិករអស់កម្លាំង។ ហេតុដូច្នេះ វាគឺជាពេលដ៏ល្អសម្រាប់អ្នកភូមិសម្រាក។ អ្នកភូមិអាចជួបជុំគ្នានៅកន្លែងប្រារព្ធពិធីនិងរាំកំសាន្ត ឬពួកគេអាចជួបជុំគ្នានៅផ្ទះអ្នកភូមិដែលមានទីធ្លាធំ។ វាក៏ជាពេលវេលាមួយដែលកសិករ អាចជួបជុំបងប្អូននិងមិត្តភក្តិជិតស្និទ្ធដើម្បីផ្លាស់ប្ដូរគំនិត និងការរួបរួមសាមគ្គី។
ប្រភព: https://vayofm.com/news/detail/74845-160300210.html