ពិធីបុណ្យផ្កាយ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​រឿងរ៉ាវ​ស្នេហា​របស់​គូស្នេហ៍​ពីរ​នាក់​។ គូស្នេហ៍ទាំងពីរ ត្រូវបានគេតំណាងដោយផ្កាយ Vega និង Altair ហើយត្រូវបានគេអនុញ្ញាតឱ្យជួបគ្នាតែមួយដងក្នុងមួយឆ្នាំ។ ពិធី​បុណ្យនេះ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ ៧ ខែ​ កក្កដា។

ប្រជាជនសរសេរពាក្យជូនពររបស់ពួកគេនៅលើក្រដាសពណ៌តូចមួយដែលហៅថា tanzaku ហើយព្យួរវានៅលើដើមឫស្សី។ នៅ​ថ្ងៃ​បន្ទាប់ ដើមឫស្សី ត្រូវបានគេ​បណ្តែត​លើ​ទន្លេ ហើយ​ដុត​ជា​តង្វាយ។ ក្រៅ​ពី​ធ្វើ​ការ​ជូនពរ មនុស្ស​ក្នុង​ប្រទេស​ជប៉ុន​ប្រារព្ធ​ពិធីបុណ្យ​នេះ​ជាមួយ​នឹង​ការ​តុបតែង​ចម្រុះ​ពណ៌ កាំជ្រួច ក្បួន​ដង្ហែ និង​មានតូប​លក់​អាហារផងដែរ។

រឿងព្រេងបុណ្យផ្កាយនេះកើតចេញពីរឿងព្រេងចិនមួយឈ្មោះថា Qixi ដែលជារឿងរបស់គូស្នេហ៍ពីរនាក់។ មួយ​គឺ​ព្រះនាង​ Orihime នៅ​ស្ថានសួគ៌ និង​មួយ​ទៀត​ជា​បុរសគ​ង្វាល​គោ។ ពួកគេ​បាន​ជួប​គ្នា​​ហើយក៏លង់ស្រលាញ់​គ្នា បន្ទប់មកក៏បាន​រៀប​ការ។ ដោយសារសេចក្តីស្រឡាញ់ដល់ជ្រារជ្រៅធ្វើឱ្យ Orihime ឈប់ត្បាញ ហើយ Hikoboshi បានអនុញ្ញាតឱ្យគោរបស់គាត់ដើរផ្ដេសផ្ដាស់នៅលើមេឃ។

បិតា​របស់​ព្រះនាង Orihime ​ខឹងណាស់ពេលបានដឹងថា ពួកគេទាំងពីរភ្លេចពីតួនាទីរបស់ខ្លួន ហើយ​ហាម​មិន​ឱ្យ​គូស្នេហ៍ទាំងពីរ​នៅ​ជាមួយ​គ្នាទៀត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការអង្វររបស់កូនស្រី និងការស្រលាញ់របស់គាត់ចំពោះនាង ឪពុកព្រះនាងក៏សំរេចឱ្យគូស្នេហ៍ឆ្លងភពទាំងពីរអាចជួបគ្នាបាន​មួយដងក្នុងមួយឆ្នាំនៅថ្ងៃទី ៧ ខែទី ៧។

សរសេរដោយៈ អូវែន សុខស្រីឡា