
អត្ថបទដោយ: ស៊ីម វណ្ណនី
ប្រទេសកម្ពុជាមានល្បែងប្រជាប្រិយច្រើនជាអនេក។ ប្រជាពលរដ្ឋនិយមលេងកំសាន្ដ នៅពេលទំនេរ បុណ្យទាន និងពេលធ្វើពិធីបុណ្យតូច-ធំផ្សេងៗ មានដូចជាពិធីបុណ្យចូលឆ្នាំជាដើម។ ល្បែងប្រជាប្រិយខ្មែរ ដែលមានរហូតដល់ទៅជាង២០ទម្រង់ មិនត្រឹមតែមានប្រយោជន៍ពង្រឹងសាមគ្គីភាព ធ្វើឱ្យមានភាពសប្បាយ មានសុខភាពកម្លាំងកាយ និងស្មារតីរឹងមាំទេ វាក៏ជាអត្តសញ្ញាណមួយរបស់ខ្មែរ ដែលបន្សល់ទុកតាំងពីបូរាណកាលដែរ។
ប៉ុន្តែរហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរពិសេសយុវជន ហាក់ពុំសូវនិយមលេងល្បែងប្រជាប្រិយដូចមុនទៀតឡើយ។
តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យយុវជន យុវនារីមិនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរបែបនេះ?
តាមទំនៀមទម្លាប់ ល្បែងប្រជាប្រិយខ្មែរដូចជា ល្បែងបោះអង្គុញ ចោលឈូង ចាប់កូនខ្លែង ស្ដេចចង់ និងទាញព្រ័ទ្រជាដើម គឺជាល្បែងដែលពេញនិយមនាំមកលេងកម្សាន្ត តាំងពីមួយ ឬពីរខែមុនពេលពិធីបុណ្យចូលឆ្នាំឈានចូលមកដល់ ហើយលេងកាន់តែច្រើនឡើងនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំ នៅតាមវត្តអារាម និងភូមិឋាននានា។
ប៉ុន្តែជាការកត់សម្គាល់ ប្រហែលមួយទស្សវត្សកន្លងមកនេះ ល្បែងប្រជាប្រិយខ្មែរមិនសូវឃើញមានគេលេងកម្សាន្តច្រើនដូចមុនទេ ទាំងមុនពេលចូលឆ្នាំ ឬក្នុងអំឡុងពេលចូលឆ្នាំក្ដី។
មានមូលហេតុសំខាន់យ៉ាងហោចណាស់បី ដែលអាចពន្យល់ពីការប្រែប្រួលនេះ។ កត្តាទាំងបីនោះរួមមាន៖ កត្តាសេដ្ឋកិច្ច ការហូរចូលនៃវប្បធម៌បរទេស និងគឺការរីកចម្រើននៃបច្ចេកវិទ្យា។
ដើម្បីទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋខ្មែរភាគច្រើនជាយុវជន បានបង្ខំចិត្តធ្វើចំណាកស្រុក ពីជនបទទៅទីក្រុង ឬទៅក្រៅប្រទេស ដើម្បីរកប្រាក់ចំណូល។ អវត្តមាននៃយុវជនពីស្រុកកំណើតដូច្នេះ បានធ្វើឱ្យភូមិឋានខ្មែរស្ងប់ស្ងាត់ គ្មានសកម្មភាពលេងល្បែងប្រជាប្រិយហ៊ឹកហ៊ាក់នៅពេលបុណ្យទានម្ដងៗ។ ក្រៅពីការធ្វើចំណាកស្រុក ភាពមមាញឹកនិងភាពនឿយហត់ពីការប្រកបរបររកស៊ីប្រចាំថ្ងៃដើម្បីជីវភាព ក៏បានបង្ខំឲ្យពលរដ្ឋខ្មែរ លះបង់ចោលទម្លាប់លេងល្បែងប្រជាប្រិយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីផងដែរ។ នេះសម្រាប់អ្នកដែលមិនសូវមានជីវភាពធូរធារ។ ចំណែកអ្នកដែលមានជីវភាពធូរធារនោះទៀតសោត ក៏មិននិយមលេងល្បែងប្រជាប្រិយដែរ ដោយនិយមធ្វើដំណើរកម្សាន្តទៅតាមរមនីយដ្ឋាននានាជំនួសវិញ។
ខណៈដែលមិនសូវនិយមលេងល្បែងប្រជាប្រិយ យុវជនខ្មែរភាគច្រើនបាននាំគ្នាងាកមករាំ បទសម័យទំនើបញាក់កន្ត្រាក់អារម្មណ៍វិញ ដើម្បីអបអរឆ្នាំថ្មី។ នេះសរបង្ហាញឲ្យឃើញពីការហូរចូលនៃវប្បធម៌បរទេសមកក្នុងសង្គមខ្មែរ ហើយដែលយុវជនខ្មែរភាគច្រើន ទទួលស្វាគមន៍មកប្រតិបត្តិយ៉ាងគគ្រឹកគគ្រេងជាទីបំផុត។
ចំណែកពលរដ្ឋមួយចំនួនទៀត ត្បិតតែមិនបានភ្លើតភ្លើននឹងវប្បធម៌បរទេសក៏ដោយ ក៏មិនមែនមានន័យថា ពួកគាត់ចាប់អារម្មណ៍ចង់ងាកមកលេងល្បែងប្រជាប្រិយខ្មែរវិញដែរ ខណៈសព្វថ្ងៃនេះ បច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយពលរដ្ឋមានជម្រើសកាន់តែសម្បូរបែបក្នុងការលម្ហែកម្សាន្ត។ មិនដូចពីសម័យមុនដែលគ្មានអ៊ីនធឺណែត គ្មានទូរសព្ទទំនើប ដែលតម្រូវឱ្យពលរដ្ឋនាំគ្នាលេងល្បែងប្រជាប្រិយទើបបានសប្បាយនោះឡើយ។
យើងជាយុវជន យុវនារីសម័យថ្មីគួរគប្បីនាំគ្នាងាកមកលេងល្បែងប្រជាប្រិយខ្មែរ ក្នុងន័យជួយថែរក្សា ការពារមរតកដូនតាដែលជាប់ជាប្រពៃណៃតាំងពីព្រេងនាយមក បើពុះដូច្នោះទេ វាអាចនឹងបាត់បង់នៅថ្ងៃណាមួយជាក់ជាពុំខាន៕
ដកស្រង់ និងប្រែសម្រួលពី វិទ្យុបារាំងអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ ១០ មេសា ២០១៧