
អត្ថបទដោយ: ផាង សុវណ្ណរី
មនុស្សគ្រប់រូបតែងមានអ្នកដែលពួកគេគោរពយ៉ាងជ្រាលជ្រៅ ដែលអ្នកទាំងនោះអាចជាមនុស្សដែលចាស់ទុំ សមាជិកនៅក្នុងគ្រួសាររបស់ពួកគេ ឬអាចជានិមិត្តរូបរបស់ពួកគេ។ ចំណែកខ្ញុំវិញ មានមនុស្សម្នាក់ដែលខ្ញុំមិនត្រឹមតែគោរពប៉ុណ្ណោះទេ ប៉ុន្តែក៏ស្រលាញ់ខ្លាំងដែរ។ នោះគឺជាម្តាយរបស់ខ្ញុំ។ ខ្ញុំមានហេតុផលជាច្រើនដែលត្រូវគោរពស្រលាញ់គាត់ តែមូលហេតុចម្បងនោះគឺ គាត់ជាស្ត្រីដែលបានផ្ដល់កំណើត និងជីវិតដល់ខ្ញុំ។ គាត់បានផ្តល់ឲ្យខ្ញុំ នូវការហូបចុក សំលៀកបំពាក់ និងជម្រកកក់ក្តៅ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺគាត់ទទួលរ៉ាប់រងកាតព្វកិច្ចទាំងអស់នេះដោយខ្លួនឯងផ្ទាល់ ទោះពិបាកយ៉ាងណាក៏ដោយ។ ខ្ញុំមានសំណាងណាស់ដែលបានទទួលបានការថ្នាក់ថ្នមទាំងនេះ។ ខ្ញុំដឹងថាគាត់យកចិត្តទុកដាក់ថែទាំ និងប្រឹងអស់ពីសម្ថភាពដើម្បីបងស្រីខ្ញុំ និងខ្ញុំ។ អ្នកម្តាយខ្ញុំខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការឆ្លងកាត់ឧបសគ្គលំបាកៗក្នុងជីវិតរាល់ថ្ងៃ ដើម្បីមិនឲ្យកូនៗលំបាកដូចគាត់នៅថ្ងៃក្រោយ។ នេះជាហេតុផលដ៏ធំមួយ ដែលធ្វើឲ្យខ្ញុំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើ ព្រោះខ្ញុំចង់ឲ្យគាត់មានមោទកភាព ចំពោះកូនស្រីម្នាក់នេះ ដូចដែលខ្ញុំមានមោទកភាពចំពោះស្រ្តីម្នាក់ដែលខ្ញុំហៅថាអ្នកម្តាយនេះផងដែរ។ គាត់តែងតែគាំទ្រ និងជំរុញខ្ញុំឲ្យធ្វើអ្វីដែលខ្ញុំស្រឡាញ់ ដោយមិនដែលជំទាស់។ បើសិនខ្ញុំប្រលងមិនជាប់ ឬធ្វើអោយគាត់ខកបំណងគាត់តែងតែប្រាប់ខ្ញុំថា បរាជ័យមិនមែនជាបញ្ហានោះទេ កុំឲ្យតែខ្ញុំបោះបង់ចោល។ សម្រាប់ខ្ញុំ គាត់គឺជាស្ត្រីខ្លាំងបំផុតដែលខ្ញុំស្គាល់ គាត់បានបង្កើតគំរូដ៏អស្ចារ្យសម្រាប់កូនៗ។ ខ្ញុំមានមោទកភាពជាកូនរបស់គាត់។ ខ្ញុំនឹងបន្តខិតខំដើម្បីបុគ្គលដែលខ្ញុំគោរពមួយរូបនេះ។