ដោយ: ចាំ រតនា

“ស្រ​ឡា​ញ​ខ្លួនឯង។ អត់ទោសឱ្យខ្លួនឯង។ ត្រូវស្មោះត្រង់ចំពោះខ្លួនឯង។ របៀបដែលអ្នកប្រព្រឹត្តចំពោះខ្លួនអ្នក គឺជាការកំណត់ស្តង់ដារសម្រាប់របៀបដែលអ្នកដទៃនឹងធ្វើដាក់អ្នក។” ដោយលោក ស្ទីវ ម៉ារា៉បូលី ។
វាមានសារៈសំខាន់ណាស់សម្រាប់ការផ្លាស់ប្តូរភាពផ្ទាល់ខ្លួនរបស់អ្នក ដែលអ្នករៀនស្រឡាញ់ខ្លួនឯង។ បើ​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង​ទេ គឺវាពិបាក​រំពឹង​ឱ្យអ្នក​ដទៃ​មក​ស្រលាញ់​អ្នក​ណាស់។ ការស្រលាញ់ខ្លួនឯងគួរតែក្លាយជាអាទិភាពខ្ពស់បំផុតរបស់អ្នក ប្រសិនបើអ្នកប្រាថ្នាចង់បង្កើតអនាគតដ៏អស្ចារ្យ។ ការស្រលាញ់ខ្លួនឯងមានន័យថា ទទួលយកភាពពិសេសរបស់អ្នក និងចំណុចលេចធ្លោដែលបង្ហាញក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ នេះគឺជាវិធីប្រាំយ៉ាងដែលអ្នកអាចចាប់ផ្តើមបណ្តុះការពិតរបស់អ្នក និងពេញចិត្តទទួលយកថាអ្នកជានរណា។
១. ស្គាល់ខ្លួនឯង
ប្រសិនបើ​បំណង​ប្រាថ្នា​របស់​អ្នក​គឺ​ដើម្បី​ការលូតលាស់​ផ្ទាល់ខ្លួន នោះ​វា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ស្វែងយល់​ពី​ខ្លួនឯង ហើយ​ដឹងថា​អ្វី​ដែល​ធ្វើឱ្យ​អ្នក​រីក​ចម្រើន​។ អ្នកអាចដឹងពីគុណវិបត្តិមួយចំនួន ប៉ុន្តែការឱបក្រសោបវា ហើយឆ្ពោះទៅមុខ ក្លាយជាប្រភពនៃភាពក្លាហានរបស់អ្នក។
គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ — អ្នកអាចចំណាយពេលពេញមួយជីវិតរបស់អ្នកដើម្បីព្យាយាមបំពេញស្បែកជើងទទេដែលមិនមានអ្វីសោះ ប្រសិនបើអ្នកធ្វើតាមគន្លងនៃគំនិតនេះ។ ខណៈពេលដែលអ្នកប្រហែលជាមិនចាត់ទុកខ្លួនឯងថាសំខាន់ដូចអ្នកដទៃទេ ប៉ុន្តែនៅក្នុងជីវិតរបស់អ្នក អ្នកគឺជាវីរបុរសក្នុងដំណើរជីវិតរបស់អ្នកខ្លួនឯង។
២. អត់ទោសឱ្យខ្លួនឯង
យើងទាំងអស់គ្នាមានកំហុសខ្លះៗនៅក្នុងជីវិតរបស់យើង — រៀនអភ័យទោសខ្លួនឯងដោយផ្តោតទៅលើលទ្ធផល។ ជឿជាក់​ថា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល​ត្រូវ​បាន​ធ្វើ​បញ្ចប់ ​ជាមួយ​នឹង​កម្រិត​នៃ​ការ​យល់​ដឹង​ដែល​បង្ហាញ​ឱ្យ​ឃើញ​ចំពោះ​អ្នក​នៅ​ពេល​នោះ។
ម្យ៉ាងវិញទៀត អ្នកបានធ្វើវាអស់ពីសមត្ថភាពដែលអ្នកអាចផ្តល់ធនធានដែលមានសម្រាប់អ្នកនៅពេលនោះហើយ — ដូច្នេះការអភ័យទោស គឺជាការបើកទ្វារដើម្បីឆ្ពោះទៅមុខ។ សូមផ្តល់តម្លៃចំពោះមេរៀនដែលទទួលបានពីបទពិសោធន៍របស់អ្នក ដោយមើលឃើញថាវាជាឱកាសមួយដើម្បីទទួលបានភាពអត់ធន់ខាងផ្លូវចិត្ត ដើម្បីប្រយុទ្ធនឹងសមរភូមិផ្សេងៗដែលវានឹងកើតឡើងនៅក្នុងឆាកជីវិតរបស់អ្នក។
៣. ទទួលស្គាល់ភាពជោគជ័យរបស់អ្នក
អ្នកប្រហែលជាមិនបានជោគជ័យតាមលក្ខខណ្ឌ និងនិយមន័យរបស់អ្នកទេ ប៉ុន្តែនិយមន័យនៃភាពជោគជ័យគឺគ្មានការកំណត់ជាក់លាក់។ តើភាពជោគជ័យមានន័យ និងរូបរាងយ៉ាងណាសម្រាប់អ្នក? មានមនុស្សជាច្រើនដែលមិនដែលខិតខំប្រឹងប្រែងដើម្បីឈានជើងចេញពីកន្លែងផាសុខភាពរបស់ពួកគេ ហើយនៅតែទទូចថាភាពជោគជ័យត្រួសត្រាយផ្លូវទៅកាន់ទ្វារខាងមុខរបស់ពួកគេ។
ប្រសិនបើអ្នកបានខិតខំប្រឹងប្រែងឆ្ពោះទៅរកអ្វីដែលអ្នកចង់បាន ប៉ុន្តែមិនអាចទទួលបានជោគជ័យដោយសារហេតុផលមួយចំនួន សូមកុំឱ្យវាប៉ះពាល់ដល់និយមន័យនៃភាពជោគជ័យរបស់អ្នក។
ការបរាជ័យគឺជាចំណែកមួយនៃការឆ្ពោះទៅរកគោលដៅរបស់អ្នក។ ជាការពិត អ្នកដែលជោគជ័យក្នុងជីវិត អ្នកនឹងដឹងថា ពួកគេបរាជ័យយ៉ាងវេទនាជាច្រើនលើក មុននឹងឈានទៅដល់ភាពជោគជ័យ។ ភាពជោគជ័យរបស់អ្នកត្រូវបានកំណត់ដោយរបៀបដែលអ្នករៀនពីការបរាជ័យរបស់អ្នក និងមេរៀនដែលអ្នកទទួលបាន។ ការខិតខំប្រឹងប្រែងគឺជារឿងធំ។ វាមិនតម្រូវឱ្យតែជាការឈ្នះនោះទេ ពេលខ្លះវាជាការខិតខំប្រឹងប្រែងដែលត្រូវរាប់បញ្ចូល។
៤. បោះបង់ចោលនូវអ្វីដែលអ្នកដទៃគិតអំពីអ្នក
អ្នកនឹងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ តាមពិតទៅ អ្នកមិនគួរមានបំណងចង់ផ្គាប់ចិត្តនរណាម្នាក់ឡើយ។ ជារឿយៗយើងកែប្រែ និងសម្របខ្លួនឱ្យសមនឹងតួនាទីដែលអ្នកដទៃបានកំណត់សម្រាប់យើង។ ពេល​ខ្លះ​យើង​ធ្វើ​ខុស​គ្នា​អាស្រ័យ​លើ​អ្នក​ដែល​នៅជុំវិញយើង។ ការធ្វើខុសពីខ្លួនឯងនេះនាំយើងឱ្យឆ្ងាយពីអត្តសញ្ញាណពិតរបស់យើង និងឆ្ពោះទៅរកបុគ្គលដែលមានកំហុស។ ទុកឲ្យយើងចោទសួរខ្លួនឯងថា តើយើងជានរណាឱ្យពិតប្រាកដ។ យើងក៏ត្រូវបោះបង់ការរំពឹងទុករបស់អ្នកដទៃ ហើយចាប់ផ្តើមផ្តោតលើអ្វីដែលយើងចង់បាន របៀបដែលយើងចង់ឱ្យគេយល់ឃើញ និងអ្វីដែលនឹងធ្វើឱ្យខ្លួនយើងសប្បាយចិត្ត។
៥. ធ្វើអ្វីដែលធ្វើឱ្យអ្នកភ័យខ្លាច
ការស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់យើង គឺជាដំណើរដ៏វែងឆ្ងាយដែលរួមទាំងការផ្លាស់ប្តូរ។ ក្នុង​នាម​ជា​មនុស្ស យើង​ត្រូវ​តែមានការផ្លាស់ប្តូរ។ យើង​ជា​នរណា​ថ្ងៃ​នេះ គឺខុសពីខ្លួនយើង​កាល​ពី​ម្សិល​មិញ ឬ​ក៏ខ្លួនយើងសម្រាប់​​ថ្ងៃ​ស្អែក។ ការផ្លាស់ប្តូរគឺគួរឱ្យខ្លាច តែយើងត្រូវតែចាប់​យក​វា។ រាល់ពេលដែលយើងមើលទៅមុខដោយភាពភ័យខ្លាច គឺជាពេលដែលយើងប្រឈមមុខនឹងខ្លួនឯង ហើយយើងក៏កំពុងអភិវឌ្ឍ និងរៀនមេរៀនជីវិតដ៏មានតម្លៃ។ អ្វី​ដែល​ធ្វើ​ឱ្យ​យើង​ភ័យ​ខ្លាច​បំផុត ​គឺ​ជា​រឿង​ដែល​យើង​ត្រូវ​ធ្វើ​បំផុត; និងអ្វីដែលនឹងផ្តល់ការរីកចម្រើនឱ្យយើងច្រើនបំផុតដូចគ្នាដែរ។ បើកចិត្តដើម្បីធ្វើការផ្លាស់ប្តូរ និងធ្វើអ្វីមួយដែលអ្នកមានភាពភ័យខ្លាចជារៀងរាល់ថ្ងៃ។