អត្ថបទដោយ៖ លោកគ្រូ ពុំ គឹមហាក់
១- យកឈ្នះខ្លួនឯង មិនមែនអ្នកដទៃ
ព្យាយាមកុំប្រៀបធៀបកូនអ្នកជាមួយក្មេងដទៃ។ ផ្ទុយទៅវិញ អ្នកគួរប្រាប់គាត់ឱ្យខិតខំអភិវឌ្ឍខ្លួនឱ្យបានប្រសើរជាងខ្លួនគេកាលពីមុន។
២- បង្ហាញភាពជាគំរូ
ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកមានសេចក្តីក្លាហាន អ្នកត្រូវធ្វើជាឪពុកម្តាយដែលមានសេចក្តីក្លាហានជាមុន ដូច្នេះគាត់នឹងយកគំរូតាមអ្នក។
៣- ប្រាប់កូនថាការសាងកំហុសគឺជារឿងធម្មតា
ព្យាយាមកុំបន្ទោសកូនរបស់អ្នកពេលគាត់សាងកំហុស។ ចូរបង្ហាញគាត់ពីវិធីដ៏ត្រឹមត្រូវក្នុងការធ្វើរឿងនោះ ហើយប្រាប់គាត់ថាវាមិនអីទេក្នុងការធ្វើខុស។
៤- បង្ហាញកូនថាអ្នកជឿជាក់លើគាត់
នៅពេលដែលកូនរបស់អ្នកស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយ ចូរបង្ហាញគាត់ថាអ្នកជឿជាក់លើគាត់ ដោយស្នាមញញឹម។
៥- ឱ្យកូនចែករំលែកគំនិត និងធ្វើការសម្រេចចិត្តមួយចំនួន
អនុញ្ញាតឱ្យកូនដឹងថាគាត់មានសារៈសំខាន់ហើយគំនិតរបស់គាត់គឺមានតម្លៃ។ ពេលខ្លះអ្នកគួរតែអនុញ្ញាតឱ្យគាត់សម្រេចចិត្តលើរឿងផ្ទាល់ខ្លួនរបស់គាត់ផងដែរ។
៦- បន្សាំកូនរបស់អ្នកទៅនឹងអ្វីដែលគាត់ខ្លាច
ឧទាហរណ៍ថាប្រសិនបើកូនរបស់អ្នកខ្លាចទឹក ចូរកុំបោះគាត់ចូលទៅក្នុងទឹក ហើយបង្ខំគាត់ឱ្យហែល។ ជំនួសមកវិញ អ្នកត្រូវនាំគាត់ទៅក្បែរទឹកបន្តិចម្តងៗរហូតដល់គាត់ស៊ាំ។