
រៀបរៀងដោយ លោក ពុំ គឹមហាក់
កុមារកើតមកដូចជាក្រដាស ស បើអ្នកអប់រំគេឲ្យបានត្រឹមត្រូវ នោះគេនឹងធំឡើងជាពលរដ្ឋល្អ។ ខាងក្រោមនេះគឺជាវិធីមួយចំនួនសម្រាប់ការអប់រំកុមារ ។
1. ចូរនិយាយណែនាំដោយមិនស្តីបន្ទោស
ទូរន្មានកូនរបស់អ្នកនូវអ្វីដែលត្រូវ និងអ្វីដែលខុស ហើយត្រូវធ្វើជាគំរូដល់គេ។ បើអ្នកប្រាប់កូនកុំឱ្យនិយាយពាក្យអសុរោះ ចូរអ្នកក៏មិនត្រូវនិយាយវាដែរ។
2. ទូរន្មានកូនដោយស្ងាត់ៗ
ព្យាយាមកុំបំបាក់មុខកូននៅចំពោះមុខមិត្តភក្តិ ឬអ្នកដទៃ។ កូនរបស់អ្នកមិនថាអាយុច្រើន ឬតិចសុទ្ធតែមានកិត្តិយសរបស់គេ។
3. កំណត់ច្បាប់ទម្លាប់សម្រាប់កូន
កំណត់ច្បាប់ទម្លាប់ឱ្យបានច្បាស់លាស់ដែលកូនរបស់អ្នកត្រូវធ្វើ ប៉ុន្តែត្រូវពន្យល់គេអំពីមូលហេតុដែលច្បាប់នេះត្រូវបានកំណត់ឡើង។
4. ផលវិបាកនៃការមិនគោរពតាមច្បាប់ទម្លាប់ដែលបានកំណត់
ប្រសិនបើកូនមិនគោរពតាមច្បាប់ទម្លាប់ដែលបានកំណត់ ការពិន័យមួយចំនួននឹងត្រូវបានអនុវត្ត ដូចដែលកូនរបស់អ្នកបានយល់ព្រមជាមូយអ្នករួចមកហើយ។ ឧទាហរណ៍៖ ប្រសិនបើកូនរបស់អ្នកប្រើទូរស័ព្ទយូរជាងពេលវេលាកំណត់ នោះគេនឹងមិនអាចលេងទូរស័ព្ទបានទេនៅថ្ងៃបន្ទាប់។
5. ផ្តោតលើអាកប្បកិរិយាល្អ
នៅពេលកូនរបស់អ្នកមានអាកប្បកិរិយាល្អ ចូរសរសើរគាត់ជាការលើកទឹកចិត្ត ។ ឧទាហរណ៍៖ អូ! ថ្ងៃនេះកូនរៀបចំខ្លួនទៅសាលារៀនបានទាន់ម៉ោងល្អណាស់ ដារ៉ា!