
រៀបរៀងដោយ កញ្ញា សុខ សុផល
ការបង្កើតទំនុកចិត្តជាមួយអតិថិជនគឺជាកត្តាដ៏សំខាន់នៅក្នុងពិភពជំនួញនាពេលបច្ចុប្បន្ននេះ។ អ្នកប្រើប្រាស់សម័យទំនើបកាន់តែមានភាពស្ទាត់ជំនាញ និងមានការជ្រើសរើសខ្លាំងអំពីការសម្រេចចិត្តទិញផលិតផលអ្វីមួយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកអាចផ្តល់នូវបទពិសោធន៍ល្អប្រសើរទៅដល់អតិថិជនជាងក្រុមហ៊ុនផ្សេងទៀត ខ្ញុំជឿជាក់ថាពួកគាត់នឹងធ្វើការបញ្ជាទិញម្តងទៀតពីក្រុមហ៊ុនរបស់អ្នក។ ខាងក្រោមនេះគឺជាវិធីសាស្រ្តសំខាន់ ៣យ៉ាងដែលអ្នកអាចទទួលបានទំនុកចិត្តពីអតិថិជនរបស់អ្នក។
- ភាពស្មោះត្រង់ និងមានតម្លាភាពអំពីផលិតផលរបស់អ្នក
ប្រសិនបើអ្នកចង់ទទួលបានការទុកចិត្តពីអតិថិជន នោះគ្មានផ្លូវកាត់ណាដែលអាចជួយបាននោះទេ។ អ្នកត្រូវតែព្យាយាមកសាងម្តងបន្តិចៗ។ អ្នកត្រូវតែបើកចំហ និងមានតម្លាភាពអំពីផលិតផលរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងលក់ផលិតផលគ្រឿងសំអាង ឬអាហារបំប៉ន សូមជម្រាបអតិថិជនរបស់អ្នកថា ផលិតផលរបស់អ្នកជារបស់សុទ្ធ ឬមិនសុទ្ធជាមួយ
តម្លៃរបស់វា។ ដូច្នោះ ពួកគាត់អាចសម្រេចចិត្តថាតើពួកគាត់នឹងទិញវាឬអត់។ សូមផ្តល់ជូនអតិថិជននូវរាល់ព័ត៌មានដែលពួកគាត់ត្រូវការ ហើយត្រូវប្រាកដថាមិននិយាយបំផ្លើសអំពីគុណភាពផលិតផលនោះឡើយហួសហេតុពេក។
- ផ្តល់ជូនសេវាកម្មល្អដល់អតិថិជន
សេវាកម្មដែលអ្នកផ្តល់ជូនអតិថិជនអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនុកចិត្ត និងភាពស្មោះស្ម័គ្ររបស់អតិថិជន។ ការពេញចិត្តរបស់ពួកគាត់នឹងធ្វើឱ្យពួកគាត់បន្តការប្រើប្រាស់ និងនៅជាមួយអ្នក ទោះបីជាមានផលិតផលរាប់លានចូលមកក៏ដោយ។ ឆ្លើយតបទៅនឹងមតិយោបល់ និងការទាមទាររបស់អតិថិជនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានប្រកបដោយវិជ្ជាជីវៈ បង្កើតបណ្តាញផ្គត់ផ្គង់ឱ្យបានច្រើន និងធ្វើឱ្យបណ្តាញទាំងនោះមានភាពលេចធ្លោនៅលើ គេហទំព័ររបស់អ្នក ហើយតែត្រូវប្រាកដថាអតិថិជនអាចធ្វើការទំនាក់ទំនងអ្នកបានគ្រប់ពេលវេលា។ ត្រូវចងចាំថា“ អតិថិជនគឺ ជាស្តេច” ។
៣. ការបង្កើតកេរ្តិ៍ឈ្មោះ
ដើម្បីធ្វើឱ្យម៉ាកយីហោផលិតផលមួយមានភាពល្បីល្បាញ គឺត្រូវចំណាយពេលជាច្រើនឆ្នាំ។ វាទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្លាំងក្នុងការបំពេញការងារជារៀងរាល់ថ្ងៃ។ ឧទាហរណ៍ មជ្ឈមណ្ឌលភាសាអេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានគេស្គាល់ថាជាសាលា/ស្ថាប័នឈានមុខគេក្នុងការផ្តល់ការអប់រំដែលមានគុណភាព វិន័យ និងសេវាកម្មល្អ។ ប៉ុន្តែ ប្រសិនបើអ្នកភ្លេចគោលនយោបាយសំខាន់ៗពីរដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុនរបស់អ្នកអាចមានហានិភ័យនៅថ្ងៃណាមួយជាក់ជាមិនខាន។ សូមចងចាំអ្វីដែលលោក Warren Buffett មហាសេដ្ឋីជំនួញអាមេរិក វិនិយោគិន និងសប្បុរសជន បានចែករំលែកថា “ យើងត្រូវការពេលវេលារហូតដល់ទៅ ២០ឆ្នាំដើម្បីកសាងកេរ្តិ៍ឈ្មោះ និងត្រឹមតែ ៥នាទីដើម្បីបំផ្លាញវា” ។