
ដោយ៖ Royd Guyon
វីតាមីនគឺជាសារធាតុចិញ្ចឹមមួយសំខាន់បំផុតដែលរាងកាយយើងត្រូវការ។ តាមប្រវត្តិសាស្ត្រ វីតាមីនបានដើរតួយ៉ាងសំខាន់ក្នុងការព្យាបាល និងការពារប្រព័ន្ធការពាររាងកាយដើម្បីឱ្យយើងមានសុខភាពល្អ។ អាស៊ីត Ascorbic គឺជាឈ្មោះវិទ្យាសាស្ត្ររបស់វីតាមីនមួយក្នុងចំណោមវីតាមីនទាំងនេះ។ វាគឺជាវីតាមីនមួយក្នុងចំណោមវីតាមីនដែលមានសុវត្ថិភាព និងមានប្រសិទ្ធិភាពបំផុតសម្រាប់ការកសាងកូឡាជែន ឆ្អឹងខ្ចី ឆ្អឹង ការថែទាំធ្មេញ និងការស្រូបយកជាតិដែក។ អាស៊ីត Ascorbic ក៏ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្ម សម្រាប់បម្រើសេចក្ដីត្រូវការជាច្រើនបែប ភាគច្រើនត្រូវប្រើប្រាស់ជាសារធាតុរក្សាទុក។ វីតាមីន C ក៏អាចជួយក្នុងការជួសជុល និងការព្យាបាលកោសិកាដែលនបានបំផ្លាញ។ ស្បែកគឺជាសរីរាង្គដែលធំបំផុតរបស់រាងកាយ ហើយដើម្បីឱ្យស្បែកមានសុខភាពល្ព អ្នកត្រូវធ្វើឱ្យប្រាកដថារាងកាយរបស់អ្នកមានវីតាមីន C គ្រប់គ្រាន់។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់វីតាមីន C មកលើស្បែករបស់យើង។
វីតាមីន C ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយ។ តើអ្វីទៅជាសារធាតុប្រឆាំងអុកស៊ីតកម្ម? វាគឺជាសមាសធាតុមួយដែលអាចទាំងបរិច្ចាក និងទទួលអេឡិចត្រុងពីរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីត្រូវបានបង្កើតឡើងនៅក្នុងកោសិកា នៅពេលដែលពួកវាត្រូវបានទទួលរងនូវភាពតានតឹងអុកស៊ីតកម្ម ដែលអាចបណ្ដាលមកពីវិទ្យុសកម្មនៃកាំរស្មីយូវី ឬការបំពុលនានា។ សារធាតុប្រឆាំងអុកស៊ីតកម្មបញ្ឈប់ប្រតិកម្មខ្សែសង្វាក់ដែលអាចបណ្ដាលមកពីរ៉ាឌីកាល់សេរី។
វីតាមីន C ជួយការពារភាពចាស់។ វីតាមីន C-phosphate (VitC-P) និងវីតាមីន C-glucoside (VitC-Glu) វីតាមីន C ទាំងពីរប្រភេទនេះត្រូវបានគេចាត់ទុកជាវីតាមីនជំនួយសម្រាប់ស្បែក។ នៅពេលអ្នកមកដល់អាយុ២៥ឆ្នាំ ការផលិតកូឡាជែនចាប់ផ្ដើមថយចុះ។ វីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការថែទាំបណ្ដាញសសៃកូឡាជែនដែលចាស់នៅក្នុងស្បែក។
វីតាមីន C ជួយធ្វើឱ្យរូបរាងនៃស្បែករបស់អ្នកមានភាពប្រសើរឡើង។ មេឡានីន គឺជាសារធាតុពណ៌ដែលផលិតដោយ melanocytes ដែលកំណត់ពណ៌របស់ស្បែក។ កត្តាដែលជម្រុញឱ្យមានសកម្មភាព melanocyte ដូចជាអតុល្យភាពនៃអ័រម៉ូន ការប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យ ការប្រើប្រាស់ថ្នាំ និងការបំផ្លាញរ៉ាឌីកាល់សេរី បានពន្លឿនការវិវត្តន៍នៃសារធាតុពណ៌ខ្មៅ។ វីតាមីន C អាចជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា ដោយការរារាំងអង់ស៊ីមឈ្មោះ tyrosinase។
ជាធម្មតា វីតាមីន C ត្រូវបានទទួលទានក្នុងចំនួនពី ៧៥ ទៅ ៩០ មីលីក្រាម ក្នុងមួយថ្ងៃ។ ៧០មីលីក្រាម សម្រាប់ស្ត្រី និង ៩០ មីលីក្រាមសម្រាប់បុរស។ ប្រសិនជាអ្នកចង់ទទួលបានប្រសិទ្ធភាពខ្ពស់ពីវីតាមីន C ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដែលមានវីតាមីន C អ្នកត្រូវប្រាកដថាអ្នកបន្ថែមវានៅក្នុងរបបអាហាររបស់អ្នក។ អាហារដែលមានវីតាមីន C មានដូចជាម្រេចក្រហម ទឹកក្រូច ក្រូចថ្លុង គីវី ស្រ្តបឺរី ប្រូខូលី និងស្ពៃក្ដោប។ ជាពិតជារឿងសំខាន់ណាស់ក្នុងពិភពលោកសព្វថ្ងៃនេះ ដែលជម្ងឺមាននៅគ្រប់ទីកន្លែង ដូចនេះយើងត្រូវគិតគូរពីអាហារដែលយើងបរិភោគ ដែលជួយដល់សុខភាពយើង៕