រៀបរៀងដោយ អ្នកគ្រូ ឃ្លីម ណាឡែន

តើអ្នកធ្លាប់ឮបុត្រធីតារបស់អ្នកនិយាយថា “ខ្ញុំមិនល្អគ្រប់គ្រាន់ទេ” “ខ្ញុំមិនអាចធ្វើវាបានទេ” “ខ្ញុំអន់ត្រង់ចំណុចនេះនិងរឿងនោះ”? តើអ្នកមានការខ្វល់ខ្វាយខ្លះទេក្នុងការចោទសួរថាហេតុអ្វីបានជាពួកគេនិយាយបែបនេះដាក់ខ្លួនឯង? ការស្រឡាញ់ខ្លួនឯងអាចជាចម្លើយដ៏សំខាន់។ វាមិនមែនជាភាពក្រអឺតក្រទម ឬភាពអត្មានិយមក្នុងការបង្ហាញពីក្តីស្រឡាញ់ដល់ខ្លួនឯងនោះទេ ឬជាវិធីដើម្បីទទួលបានការទទួលយកនិងការយល់ព្រមពីនរណាម្នាក់ឡើយ។ ក៏ប៉ុន្តែវាជាប្រភេទនៃសេចក្តីស្រឡាញ់មួយដែលមានសុខសុវត្ថិភាពដែលនឹងនាំឱ្យមនុស្សម្នាក់ឈានទៅរកភាពស្ងប់ស្ងាត់នៅក្នុងជីវិត។ យោងទៅតាមគេហទំព័រចិត្តវិទ្យាថ្ងៃនេះ ការស្រឡាញ់ខ្លួនឯងមានអត្ថប្រយោជន៍វិទ្យាសាស្ត្រដ៏មានឥទ្ធិពលចំនួន ៣៖
១ បង្កើនភាពធន់៖ ការស្រឡាញ់ខ្លួនឯងជួយបង្កើនភាពធន់របស់បុត្រធីតារបស់យើងក្នុងការសម្របខ្លួនទៅនឹងភាពលំបាក ការប៉ះទង្គិចផ្លូវចិត្តនិងឥទ្ធិពលអវិជ្ជមាននៃជីវិតរបស់ពួកគេ។
២ បង្កើនផលិតភាព៖ ការស្រឡាញ់ខ្លួនឯងជម្រុញផលិតភាពបុត្រធីតារបស់យើង ក៏ព្រោះតែ អារម្មណ៍ដ៏មានឥទ្ធិពលនៅក្នុងចិត្តរបស់ពួកគេមានសារសំខាន់ណាស់ចំពោះភាពសកម្ម ភាពច្នៃប្រឌិតនិងការផ្តោតអារម្មណ៍របស់ពួកគេ។
៣ កាត់បន្ថយភាពតានតឹង៖ ការស្រឡាញ់ខ្លួនឯងបញ្ចេញអរម៉ូនរីករាយដែលមានឈ្មោះថាអុកស៊ីតូស៊ីននៅក្នុងខ្លួនបុត្រធីតារបស់យើង ដើម្បីធ្វើឱ្យចិត្តរបស់ពួកគេមានសន្តិភាពនិងភាពស្រាកស្រាន្ត។
ដូច្នេះ ចូរអប់រំពួកគេថាអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគេគឺខ្លួនពួកគេផ្ទាល់។ បង្កើតព្យុះឬឥន្ធនូ វាអាស្រ័យលើខ្លួនពួកគេផ្ទាល់។ មិនអាចមាននរណាម្នាក់ស្រឡាញ់គេប្រសើរជាងខ្លួនគេឡើយ។