
ដោយអ្នកគ្រូ គយ គឹមង៉ែត
ការបើកបរយានយន្តគ្រប់ប្រភេទទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់។ អ្នកបើកបរ គួរតែ អនុវត្តការផ្តោតអារម្មណ៍អតិបរមានៅពេលបើកបរ។ អ្នកបើកបរយានយន្តល្អត្រូវតែអាច យកចិត្តទុកដាក់ និងយោគយល់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត និងមាន ការពិចារណា ខ្ពស់ពេលកំពុងធ្វើដំណើរ។ អ្នកត្រូវតែមានសតិល្អ និងស្មារតីប្រុងប្រយ័ត្នជានិច្ច នៅលើ ដងផ្លូវ។ ការធ្វេសប្រហែសរបស់អ្នកបើកបរបានធ្វេីឱ្យមនុស្សជាច្រេីនបាត់បង់ជីវិតនិង មនុស្សមួយចំនួនមានពិការភាពជាអចិន្ត្រៃយ៍ដោយសារបញ្ហានេះផងដែរ។
ខ្ញំុបានកត់សម្គាល់ឃើញកំហុសទូទៅមួយចំនួននៅលើផ្លូវដែលអាចនាំឲ្យមានគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា៖
ការចតតាមចិញ្ចើមផ្លូវ៖ បញ្ហានេះកើតមានច្រើននៅកម្ពុជា។ អ្នកបើកបរយានយន្តខ្លះ ចតរថយន្តផ្ទាល់ខ្លួនយ៉ាងធ្វេសប្រហែសនៅចិញ្ចើមផ្លូវ ដោយសារពួកគេត្រូវការទិញអាហារ មួយចំនួន ដែលជារឿយៗបង្កការកកស្ទះចរាចរណ៍មិនល្អនៅខាងក្រោយ។ ហេតុអ្វីបាន ជាពួកគាត់មិនអាចរកកន្លែងចត ឬទិញម្ហូបអាហារនៅកន្លែងណាដែលមានកន្លែងចតល្អ ជាងនេះ ព្រោះឡានមិនមែនតូចដូចម៉ូតូនោះទេ។
ផលរំខានពេលកំពុងបើកបរ៖ ខណៈខ្ញុំកំពុងបើកម៉ូតូទៅធ្វើការខ្ញុំបានឃើញ រថយន្តមួយ កំពុងបើក យឺតៗលើផ្លូវជាតិ។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាគាត់បើកយឺតយ៉ាងនេះ ពេលខ្ញុំ មើលក៏ឃើញគាត់កំពុងនិយាយទូរស័ព្ទពេលបើកបរ។ ប្រសិនបើគាត់ត្រូវការនិយាយទូរស័ព្ទហេតុអ្វីបានជាគាត់មិនអាចចតនៅកន្លែងណាមួយដើម្បីនិយាយ ឬប្រើកាស? ក្មេងតូចៗអាចជាកត្តារំខានដល់អ្នកបើកបរដែរ ដូច្នេះត្រូវប្រុងប្រយ័ត្ន ឱ្យបានខ្ពស់។
ការបើកបរបញ្ច្រាស់ទិស៖ មនុស្សហាក់បីដូចជាមិនសូវខ្វល់ខ្វាយនិងមិនមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការបើកបរបញ្ច្រាស់ទិសឡើយ។ ការបើកបរមិនប្រកាន់ស្ដាំ គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់នៅកម្ពុជា។
ការបើកបរក្នុងស្ថានភាពស្រវឹង៖ ក្មេងជំទង់កាន់តែច្រើនឡើងៗនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនាពេលបច្ចុប្បន្ននេះ។ អ្្នកអាណាព្យាបាលគួរតែមានវិធីតឹងរ៉ឹងដើម្បីគ្រប់គ្រងពួកគាត់។ ពេលខ្ញុំបើកម៉ូតូពេលយប់ ខ្ញុំតែងតែខ្លាចអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ពីព្រោះពួកគេមិនមានការប្រុងប្រយ័ត្នគ្រប់គ្រាន់ឡើយដែលអាចបង្ករគ្រោះថ្នាក់គ្រប់ពេល។
ការបើកបរក្នុងល្បឿនលឿន៖ មនុស្សវ័យជំទង់តែងតែចង់ឱ្យអ្នកដ៏ទៃមើលមកខ្លួនឯងជាមនុស្សអស្ចារ្យជាហេតុធ្វើឱ្យគេបន្ថែមល្បឿនរថយន្ត ឬម៉ូតូ ដែលអាចបង្កការភ្ញាក់ផ្អើលដល់អ្នកបើកបរផ្សេងទៀតនៅលើដងផ្លូវ ឬបណ្តាលឱ្យមានគ្រោះថ្នាក់។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកបើកបរទាំងឡាយ ដែលតែងតែមានការ ប្រុងប្រយ័ត្ន គិតគូរ គោរព និងអធ្យាស្រយ័ដល់អ្នកដ៏ទៃ។ នាងខ្ញុំផ្ញើសារនេះដោយ សង្ឃឹម ថាវាអាចជាផ្នែកមួយនៃយុទ្ធនាការកាត់បន្ថយចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាផងដែរ។
វាត្រូវការការបណ្តុះបណ្តាល និងការសិក្សារៀនសូត្រដើម្បីក្លាយជាអ្នកបើកបរដ៏ល្អម្នាក់។ អ្នកបើកបរ ត្រូវចេះច្បាប់ចរាចរណ៍ ស្គាល់គំនូសសញ្ញាចរាចរណ៍ និងគោរពច្បាប់ ចរាចរណ៍ ទាំងអស់គ្នា។ ម្យ៉ាងទៀត រដ្ឋាភិបាលគួរតែពង្រឹងច្បាប់ចរាចរណ៍ និងផ្តល់អាទិភាពដល់ការ អនុវត្ត ច្បាប់តាមលទ្ធភាព។ ទាំងនេះពិតជានឹងអាចកាត់បន្ថយចំនួនអ្នកស្លាប់ ដែលបានកត់ត្រា ជារៀងរាល់ឆ្នាំ លើគ្រោះថ្នាក់ចរាចរណ៍។ យើងត្រូវធ្វើយ៉ាងណាឱ្យការបេីកបរតាមដងផ្លូវរបស់យើងមានសុវត្ថិភាពជាងមុន ដើម្បីសម្រួលដល់ការប្រើប្រាស់សម្រាប់ទាំងអ្នកបើកបរ និងអ្នកថ្មើរជើង។