រៀបរៀងដោយអ្នកគ្រូ ញ៉េស សៅកញ្ញារី

តើលោកអ្នកមានសេចក្តីស្រឡាញ់ ទៅលើខ្លួនឯងគ្រប់គ្រាន់ ហើយឬនៅ? ផ្នត់គំនិតដែលមានសុខភាពល្អ គឺជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីចាប់ផ្តើមថ្ងៃថ្មី របស់លោកអ្នក។ យើងត្រូវយល់ថា ការស្រលាញ់ខ្លួនឯង មិនមែនការគិតតែពីខ្លួនឯងបែបអាត្មានិយមនោះទេ។ បុគ្គលដែលស្រឡាញ់ខ្លួនឯង ដឹកនាំជីវិតប្រកបដោយសេចក្តីសុខ មានការគោរពខ្លួនឯងខ្ពស់ និងផ្តល់សេចក្តីរីករាយ ដល់អ្នកដទៃជុំវិញខ្លួន។ វាជួយបង្កើនការលូតលាស់ផ្លូវចិត្ត និងកែលម្អទស្សនៈគំនិត ក្នុងទិដ្ឋភាពផ្សេងៗទៀតក្នុងផ្លូវវិជ្ជមាន។ វាទាក់ទាញអារម្មណ៍វិជ្ជមាន និងជួយមនុស្សឱ្យមានអាកប្បកិរិយាល្អ។ អ្វីៗគ្រប់យ៉ាងនឹងដើរចូលទៅកាន់កន្លែងរបស់វា នៅពេលវេលាត្រឹមត្រូវណាមួយនោះមកដល់ ដូច្នេះហើយទើបមនុស្សយើង មានកាលវិភាគនៃដំណើរជីវិតខុសៗគ្នា។ ហេតុអ្វីបានជាត្រូវខ្ជះខ្ជាយពេលវេលារបស់លោកអ្នក គិតអំពីអ្វីដែលមិនទាន់មកដល់? ចូរធ្វើខ្លួនអ្នក ឪ្យរស់បែបជាខ្លួនរបស់អ្នក រៀនបន្ទន់ឥរិយាបថបន្ទាបខ្លួន និងរៀនពេញចិត្តស្កប់ស្កល់នូវអ្វីដែលខ្លួនមាន។ អ្នកនឹងពេញចិត្តពេញថ្លើម និងមិនខ្វាយខ្វល់ ចំពោះការវិនិច្ឆ័យពីសំណាក់អ្នកដទៃទៀតឡើយ។ ការចេះមើលថែរក្សា នឹងស្រឡាញ់ខ្លួនឯង គឺជាទ្រព្យសម្បត្តិដ៏ល្អប្រសើរមួយ ដែលនេះក៏ព្រោះតែ វាជាដំណើរនៃសកម្មភាពជាប្រចាំ ដើម្បីផ្សារភ្ជាប់ខ្លួនអ្នកទៅកាន់ពិភពផ្ទាល់ខ្លួនខាងក្នុងរបស់អ្នក ក៏ដូចជាពិភពខាងក្រៅ។ វាកើតឡើងនៅពេល អ្នកយល់ពីគោលគំនិតស្នូល នៃបែបបទក្នុងការស្រលាញ់ខ្លួនឯង។ ទៀតសោត សិល្បះនៃការស្រឡាញ់ខ្លួនឯងចំពោះសិស្ស គឺមានសារសំខាន់ជាងអ្វីៗទាំងអស់ ព្រោះវាជួយពួកគេ ឱ្យរីកចម្រើនឥតឈប់ឈរ ទាំងក្នុងដំណើរសិក្សា និងក្នុងជីវិតពិត។ សូមស្វែងយល់បន្ថែមអំពីសិល្បះនៃការស្រឡាញ់ខ្លួនឯង ហើយអនុញ្ញាតឱ្យយើងដឹងតាមរយៈមតិយោបល់។ ការចែករំលែកគឺជាការយកចិត្តទុកដាក់។