
ដោយអ្នកគ្រូ Karen Edegan Pagulayan
នៅពេលដែលអ្នកទាំងអស់គ្នាកំពុងអានសារមួយនេះ អ្នកខ្លះប្រហែលជាបានចាប់ផ្តើមក្តីស្រមៃរបស់ខ្លួនរួចទៅហើយ។ទន្ទឹមនឹងពេលនេះខ្ញុំសូមផ្ញើសារពីរសំខាន់ៗសម្រាប់អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះ។
ទីមួយគឺការជោគជ័យមិនមែនសុទ្ធតែតម្រូវឱ្យយើងធ្វើតាមអ្វីដែលពិភពលោកចង់បាននោះទេ
ប៉ុន្តែយើងអាចទទួលជោគជ័យនោះទៅបានគឺអាស្រ័យទៅលើទង្វើដែលត្រឹមត្រូវ។កុំគ្រាន់តែចង់ក្លាយខ្លួនជាមនុស្សដែលទទួលបានជោគជ័យនៅលើពិភពលោក ប៉ុន្តែត្រូវតែខិតខំព្យាយាមកែច្នៃនឹងបណ្តុះផ្នត់គំនិតខ្លួនឯងឱ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។ធ្វើជាយីហោដែលល្អបំផុតសម្រាប់ខ្លួនឯង
។ប្រសិនបើយើងក្រឡេកមើលទៅជុំវិញខ្លួន ប្រាកដណាស់មនុស្សដែលមានកេរ្តិ៍ឈ្មោះដ៏ល្អនឹងគ្មានថ្ងៃដែលត្រូវបានគេបំភ្លេចនោះទេ។លោកម៉ាទីនលូសើបានមានប្រសាសន៍ថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានជោគជ័យនោះទេ ប៉ុន្តែពួកគាត់អាចទទួលបាននូវគុណតម្លៃ និងមានការទទួលស្គាល់ពីមនុស្សជុំវិញគាត់ដោយខ្លួនឯង គឺពឹងផ្អែកទៅលើទង្វើដែលយើងបានប្រព្រឹត្តទៅកាន់អ្នកដទៃ។ភាពជោគជ័យខាងលុយកាក់ ទ្រព្យសម្បត្តិវាអាចនឹងបាត់បង់នៅថ្ងែណាមួយ ប៉ុន្តែគុណតម្លៃនៃជីវិត
និងភាពជាមនុស្សល្អគឺជាភាពជោគជ័យដ៏យូរអង្វែង។ហេតុនេះហើយសូមប្រើប្រាស់ចំណេះដឹង
និងសមត្ថភាពរបស់អ្នកដើម្បីស្វែងរកភាពជោគជ័យដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានដោយផ្សារភ្ជាប់ជាមួយគុណតម្លៃនៃមនុស្ស ប៉ុន្តែត្រូវចងចាំថាត្រូវធ្វើអ្វីៗប្រកបដោយភាពត្រឹមត្រូវ។នៅពេលដែលអ្នកកំពុងស្វែងរកវា អ្នកអាចនឹងហត់នឿយ ប៉ុន្តែអ្នកត្រូវប្រាប់ខ្លួនឯងថាយើងកំពុងដើរលើផ្លូវមួយដែលត្រឹមត្រូវ។
ទីពីរនោះគឺត្រូវរៀនផ្តល់ទំនុកចិត្តទៅលើខ្លួនឯង ដាច់ខាតកុំអនុញ្ញាតឱ្យអ្នកដទៃមកកំណត់លើគោលដៅជីវិតរបស់អ្នក។ត្រូវតែមានភាពជឿជាក់លើខ្លួនឯង បើទោះបីពេលខ្លះអ្នកទទួលរងបរាជ័យក៏ដោយ។អ្នកមិនអាចរំពឹងឱ្យអ្វីៗគ្រប់យ៉ាងកើតឡើងដូចគ្រប់រឿងដែលអ្នកប្រាថ្នាចង់បាននោះទេ ប៉ុន្តែអ្វីដែលអ្នកទទួលបានគួរតែស័ក្តិសមនឹងតម្លៃនៃការខិតខំប្រឹងប្រែងរបស់អ្នកផងដែរ។ខ្ញុំប្រាកដក្នុងចិត្តថាភាពជឿជាក់លើខ្លួនឯងប្រកបដោយចំណេះដឹងគឺជាស្ពានដើម្បីឈានទៅរកដំណោះស្រាយដ៏ល្អបំផុតដែលអាចជួយជ្រោមជ្រែងអ្នកបាន។នាពេលអនាគត អ្នកអាចនឹងជួបប្រទះប្រភេទមនុស្សដែលអ្នកមិនដែលប្រាថ្នាចង់ជួបនៅក្នុងឆាកជីវិតរបស់អ្នក។តែសូមកុំបណ្តោយឱ្យគំនិតអវិជ្ជមានរបស់ពួកគាត់ជះឥទ្ធិពលមកលើអ្នក។សូមកុំមើលងាយខ្លួនឯងឬប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃ ពីព្រោះអ្នកគឺអស្ចារ្យ។