
តើអ្នកទាំងអស់គ្នាមានដឹងទេថា ស្នាមញញឹមរបស់អ្នកមានសារៈសំខាន់យ៉ាងណា? តើអ្នកបានញញឹមដាក់ខ្លួនឯងឬមនុស្សផ្សេងទៀតបានច្រើនប៉ុន្មានដែរ? ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលអ្នកទាំងអស់គ្នាគួរតែញញឹមជារៀងរាល់ថ្ងៃ។
១ ស្នាមញញឹមអាចជួយអ្នកទាំងអស់គ្នាអាយុវែង
ប្រហែលអាចជាមូលហេតុមួយដែលអ្នកគួរតែញញឹមព្រោះវាអាចជួយពន្យារអាយុជីវិតរបស់អ្នកទាំងអស់គ្នា ឱ្យរស់បានយូរជាងមុន។
ការសិក្សាមួយ ក្នុងឆ្នាំ ២០១០ បានរកឃើញថាស្នាមញញឹមពិតប្រាកដ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាយុកាលរបស់យើងឱ្យកាន់តែវែងជាងមុន។
សរុបមក មនុស្សសប្បាយចិត្តច្រើន ហាក់ដូចជាទទួលបានសុខភាពល្អប្រសើរនិងមានអាយុយឺនយូរ ទោះបីជាការស្រាវជ្រាវ ត្រូវការស្វែងយល់ពីមូលហេតុបន្ថែមក៏ដោយ។
២ ស្នាមញញឹមអាចបន្ធូរអារម្មណ៍តានតឹងបាន
ជំងឺស្ត្រេសអាចជ្រាបចូលក្នុងខ្លួនយើងទាំងមូល ហើយវាពិតជាអាចបង្ហាញនៅលើផ្ទៃមុខរបស់យើងបាន។ ការញញឹមមិនត្រឹមតែជួយសម្រួលពីការនឿយហត់ អស់កម្លាំង និងធុញទ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាអាចជួយកាត់បន្ថយជំងឺស្ត្រេសបានផងដែរ។
៣ ស្នាមញញឹមអាចជំរុញប្រព័ន្ធភាពស៊ាំបាន
ការញញឹមក៏អាចជួយសុខភាពទូទៅរបស់អ្នកផងដែរតាមរយៈការជួយប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យដំណើរការកាន់តែមានប្រសិទ្ធភាពជាងមុន។ គេគិតថា នៅពេលដែលអ្នកញញឹម មុខងាររបស់ភាពស៊ាំអាចមានភាពប្រសើរឡើងព្រោះអ្នកមានភាពធូរស្រាលជាងមុន។
ជាចុងក្រោយ នៅពេលអ្នកកំពុងញញឹម ពិភពលោកទាំងមូលនឹងញញឹមជាមួយអ្នកផងដែរ។
រៀបរៀងដោយ អ្នកគ្រូ សំអាត ស្រីមុំ