
ដោយអ្នកគ្រូ ផាន់ គីមហុង
មនុស្សជោគជ័យភាគច្រើននៅជុំវិញពិភពលោកវិនិយោគពេលវេលាក្នុងកាលវិភាគដ៏មមាញឹករបស់ពួកគេទៅលើការអាន ព្រោះពួកគេជឿជាក់ថានឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការអាន។ ពួកយើងមួយចំនួនអាចឆាប់ភ្លេចនូវរឿងនានាបានយ៉ាងងាយ។ ហើយយើងអាចជាមានកិច្ចការដែលត្រូវធ្វើជាច្រើន ប៉ុន្តែយើងមិនអាចចងចាំបានថាមានអ្វីខ្លះនៅក្នុងនោះទៅវិញ។ ក្រឡេកមកមើល គុណសម្បត្តិមួយនៃការអានគឺវាអាចជួយបង្កើនការចងចាំរបស់យើង។ នៅពេលអាន យើងនឹងឃើញនូវពាក្យផ្សេងៗដែលនាំឱ្យមានការយល់ដឹងកាន់តែប្រសើរទៅតាមប្រធានបទនានាដែលយើងបានអាននោះ។ អត្ថប្រយោជន៍មួយទៀតនៃការអានគឺវាអាចជួយបង្កើនសមត្ថភាពរបស់យើងក្នុងការយល់ចិត្ត និងការគិតរបស់អ្នកដទៃ។ ហើយការយល់ដឹងបានលឿនទាំងនេះមានអត្ថប្រយោជន៍ជាច្រើន ដែលវាអាចកាត់បន្ថយភាពតានតឹង ធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែប្រសើរឡើង និងបង្កើននូវជំនាញទំនាក់ទំនងផងដែរ។ ខ្ញុំចូលចិត្តកាត់បន្ថយភាពតានតឹងរបស់ខ្ញុំតាមរយៈការអាន។ ការអានមិនថាសៀវភៅ ឬអត្ថបទនានាអាចនាំយើងចេញពីបច្ចុប្បន្នភាព និងជួយឱ្យការគិតរបស់យើងសម្រាកមួយពេល។ ជ្រើសរើសសៀវភៅ ឬអត្ថបទដែលអ្នកចូលចិត្ត ចាប់ផ្តើមពីជំហ៊ានតូចៗ ហើយអ្នកនឹងមានអារម្មណ៍ចូលចិត្តវាកាន់តែខ្លាំង។