
ក្មេងស្រីដែលខ្សោយភាសាអង់គ្លេសម្នាក់សង្ឃឹមថានាងនឹងអាចអភិវឌ្ឍភាសាអង់គ្លេសរបស់នាង ប៉ុន្តែអ្វីៗបានកើតឡើងមិនដូចការរំពឹងទុកសោះ។ នាងតូចចិត្តយ៉ាងខ្លាំងចំពោះភាពយឺតយ៉ាវក្នុងការសិក្សារបស់នាង។ “ហេតុអ្វីបានជាមិត្តរួមថ្នាក់របស់ខ្ញុំពូកែម៉្លេះទាំងដែលខ្ញុំមិនពូកែដូចគេសោះ?” នាងបានសញ្ជឹងគិត។ ក្រោយមក នាងក៏សម្រេចចិត្តប្រាប់គ្រូរបស់នាងអំពីបញ្ហាដែលនាងកំពុងប្រឈម។ បន្ទាប់មក គ្រូរបស់នាងបានណែនាំនាងឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត និងកុំឱ្យមានការបាក់ទឹកចិត្តតទៅទៀត។
ក្មេងស្រីម្នាក់នោះក៏ទទួលបានកម្លាំងចិត្តជាងមុនបន្ទាប់ពីបានស្តាប់ដំបូន្មានគ្រូរបស់នាង។ នាងបានខិតខំប្រឹងប្រែងបន្ថែមទៀត។ ជារៀងរាល់ថ្ងៃ នាងបានទៅបណ្ណាល័យ ដើម្បីអាន និងស្រាវជ្រាវ។ មុនពេលចូលរៀន នាងអានសៀវភៅពុម្ភដែលត្រូវរៀន ហើយធ្វើលំហាត់ទាំងអស់។ នាងអានច្រើន និងអនុវត្តលំហាត់ជាច្រើន។
ពេលវេលាកន្លងផុតទៅ កាលពីពីរឆ្នាំមុន នាងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រកិត្តិយសភាសាអង់គ្លេសដោយជោគជ័យ។
តើតម្លៃអប់រំនៃរឿងខាងលើនេះមានអ្វីខ្លះ?
1. តែងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់អ្នក
បើអ្នកគិតថាអ្នកធ្វើមិនបានល្អគ្រប់គ្រាន់ទេ សូមកុំបោះបង់។ ផ្ទុយទៅវិញ ចូរខំប្រឹងបន្ថែមទៀតដើម្បីសម្រេចគោលដៅរបស់អ្នក។ ដូចខុងជឺបាននិយាយថា “វាមិនសំខាន់ទេថាអ្នកដើរយឺតប៉ុណ្ណា អ្វីដែលសំខាន់គឺអ្នកមិនឈប់”។
2. ស្វែងរកជំនួយ
កុំលាក់ទុកបញ្ហានៅជាមួយខ្លួនឯងគ្រប់ពេល។ អ្នកអាចបន្ធូរភាពតានតឹង និងទទួលបានដំណោះស្រាយ ដោយនិយាយឬចែករំលែកទៅកាន់នរណាម្នាក់។ អ្នកគួរចងចាំថា រឿងខ្លះវាគឺហួសពីសមត្ថភាព ក្នុងការគ្រប់គ្រងរបស់អ្នក ហើយត្រូវការជំនួយ ឬការណែនាំពីអ្នកដទៃ ដូច្នេះសូមអ្នកកុំខ្លាចការស្វែងរកជំនួយពីអ្នកដទៃ។
ចុះអ្នកវិញ តើអ្នកបានរៀនអ្វីទៀតពីរឿងនេះ?
ដោយ៖ កញ្ញា ទូច សុខលាង