យើងជាអ្វីដែលយើងធ្វើតែងតែធ្វើម្តងហើយម្តងទៀត។ ដូច្នេះភាពប្រសើរមិនមែនជាសកម្មភាពទេតែជាទំលាប់។ — Will Durant

ក្លឹបសិក្សា និងអង្គការនានានៅក្នុងសាលាពិតជាផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាច្រើនដូចជាជួយពួកគេឲ្យភ្ជាប់ទំនាក់ទំនងទៅនឹងមនុស្សដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា ចាប់ផ្តើមបង្ហាញខ្លួនឯងទៅកាន់សង្គមខាងក្រៅ អភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ ផ្តល់ឱ្យពួកគេនូវឱកាសកាន់តែច្រើនក្នុងការស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួន បង្កើតកេរ្តិ៍ឈ្មោះសម្រាប់ឱកាសនាពេលអនាគត និងបង្កើនភាពសប្បាយរីករាយនៅក្នុងជីវិតជាយុវសិស្ស។
សិស្សានុសិស្សគួរតែខិតខំរៀនសូត្រដើម្បីកសាងអ្វីដែលខ្លួនចង់ធ្វើយ៉ាងពិតប្រកដនាពេលអនាគត។ ពេលខ្លះពួកគេប្រហែលជាមិនដឹង ឬមានអារម្មណ៍ស្រពិចស្រពិលថាតើផែនការអនាគតរបស់ខ្លួនគឺជាអ្វី ដែលក្លឹបសិក្សា និងអង្គការនានានៅក្នុងសាលាអាចជួយពួកគេក្នុងការបង្ហាញ និងស្វែងរកខ្លួនឯងបាន។ សិស្សានុសិស្សក៏គួរតែគិត និងមានយុទ្ធសាស្ត្រជ្រើសរើសក្លឹបសិក្សាណាដែលគួរតែត្រូវចូលរួម ព្រោះមិនមែនគ្រប់ក្លឹបទាំងអស់សុទ្ធតែសមនឹងពួកគេនោះទេ។ ការយល់អំពីគោលបំណង និងផែនការសកម្មភាពរបស់ក្លឹបនីមួយៗគឺពិតជាសំខាន់ណាស់។

តាមរយៈបទពិសោធន៍របស់នាងខ្ញុំ ក្លឹបសិក្សា និងសកម្មភាពបន្ថែមផ្សេងទៀតនៅក្នុងសាលាបានកសាងរូបនាងខ្ញុំនាពេលសព្វថ្ងៃនេះ។ នៅពេលនាងខ្ញុំជានិស្សិត ខ្ញុំបានចំណាយពេលទំនេររបស់ខ្ញុំភាគច្រើននៅក្នុងក្លឹបសិក្សាដើម្បីរៀនពីសកម្មភាពផ្សេងៗ ជជែកជាមួយសមាជិករួមក្លឹបអំពីប្រធានបទផ្សេងៗ និងចែករំលែកពីគំនិតគ្នាទៅវិញទៅមក។ យើងបានចែករំលែកព័ត៌មានថ្មីៗជាពិសេសទាក់ទងនឹងកម្មវិធីផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍។ ល។ រាមច្បងភាគច្រើននៅក្នុងក្លឹបបានឆ្លងកាត់ដំណើរការទាំងនោះរួចទៅហើយទាក់ទងនឹងការដាក់ពាក្យសុំក្នុងកម្មវិធីទាំងនោះ ដូច្នេះពួកគាត់បានណែនាំខ្ញុំតាមរបៀបងាយៗ។ មិនតែប៉ុណ្ណោះក្លឹបសិក្សាបានផ្តល់ជំនាញផ្សេងៗដល់រូបនាងខ្ញុំសម្រាប់អាជីពបច្ចុប្បន្នទាំងជំនាញទន់ និងរឹង។

ដោយអ្នកគ្រូ ផាន់ គីមហុង