អត្ថបទដោយ៖ អ្នកគ្រូ ឃ្លីម ណាឡែន
សូម្បីតែសត្វឃ្មុំដែលមមាញឹកបំផុតក៏ត្រូវការពេលលំហែរនៅក្នុងសួនច្បារដែរ។ ដូចគ្នាដែរ មិនថាអ្នកត្រូវចាំបាច់ប្រឡូកក្នុងពិភពខាងក្រៅ ឬត្រូវមានភាពរួសរាយរាក់ទាក់ជាមួយអ្នកជុំវិញ ដើម្បីចូលក្នុងចំណោមសង្គមប៉ុណ្ណានោះទេ អ្នកនៅតែត្រូវការពេលវេលាសម្រាប់នៅម្នាក់ឯងនាពេលខ្លះ។ អ្នក​ត្រូវ​បាន​អនុញ្ញាត​ឱ្យមានពេលវេលាសម្រាប់ខ្លួនឯងខ្លះ ​ដើម្បីចេញក្រៅម្នាក់​ឯង ដើរ​កម្សាន្ត​ចុង​សប្ដាហ៍ម្នាក់​ឯង ឬ​ទទួល​ទាន​អាហារ​ដ៏​ឆ្ញាញ់ដោយខ្លួន​ឯង។ នេះជាហេតុផលដែល ‘ពេលវេលាផ្ទាល់ខ្លួន’ មានសារៈសំខាន់៖
1. វាធ្វើឱ្យអ្នកមានអារម្មរណ៍ស្រស់ថ្លា
ជួនកាលអ្នកមានការមមាញឹកពេញមួយថ្ងៃ។ ហើយវាមិនអីទេក្នុងការយល់ថាគ្មាននរណាម្នាក់អាចមានថាមពលគ្រប់ពេលវេលានោះទេ។ អ្នកគួរតែដឹងថាជីវិតផ្ទាល់ខ្លួន និងអារម្មណ៍របស់អ្នកគឺសំខាន់ដូចជាអាជីពការងាររបស់អ្នកផងដែរ។ ចំណាយពេលខ្លះសម្រាប់សកម្មភាពផ្ទាល់ខ្លួនរបស់អ្នកដើម្បីទទួលបានថាមពលឡើងវិញ។
2. វាផ្តល់ឱ្យអ្នកនូវពេលវេលាដើម្បីឆ្លុះបញ្ចាំង
ការឆ្លុះបញ្ចាំងលើខ្លួនឯងមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ។ ពេលវេលាផ្ទាល់ខ្លួនអាចជួយអ្នកឱ្យឆ្លុះបញ្ចាំងពីអ្វីដែលអ្នកកំពុងជួបប្រទះ កំពុងប្រព្រឹត្តឬកំពុងរៀបចំផែនការ។ អ្នកមិនត្រឹមតែអាចវាយតម្លៃលើការលូតលាស់ផ្ទាល់ខ្លួនរបស់អ្នកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យចិត្តគំនិតរបស់អ្នកប្រសើរឡើងផងដែរ។
3. វាជួយអ្នកឱ្យកាន់តែមានភាពឯករាជ្យ
អ្នក​នឹង​ទទួល​បាន​អារម្មណ៍ថាអ្នកមានភាព​ឯករាជ្យ​ខ្លាំងជាងមុន តាមរយៈ​ការ​ឈ្វេងយល់ពី​ចំណុច​ខ្លាំង​​ និង​ចំណុច​ខ្សោយ​របស់​អ្នក​ផ្ទាល់។ នេះ​មិន​មានន័យថា ​អ្នក​គួរ​តែ​បណ្ដេញ​អ្នកដទៃចេញពីអ្នកទេ ផ្ទុយទៅវិញ ការសម្រេចកិច្ចការដោយខ្លួនឯងនឹងធ្វើឱ្យអ្នកដឹងថា អ្នកពំុចាំបាច់ពឹងផ្អែកលើអ្នកដទៃគ្រប់ពេលនោះឡើយ។
ពេលខ្លះអ្នកគ្រាន់តែត្រូវការផ្តាច់ទំនាក់ទំនង និងរីករាយជាមួយជីវិតផ្ទាល់ខ្លួនរបស់អ្នក។