អត្ថបទដោយ៖ អ្នកគ្រូ Eun Lee

ពេលខ្ញុំរៀននៅបឋមសិក្សា ពុករបស់ខ្ញុំតែងតែផ្តល់កាសែតដល់ខ្ញុំនៅរៀងរាល់ថ្ងៃចុងសប្តាហ៍។ យើងកំពុងនិយាយអំពីពេលវេលាមួយមុនការមកដល់និងភាពងាយស្រួលនៃព័ត៌មានតាមអ៊ិនធឺណែត ពេលដែលផ្ទះនីមួយៗត្រូវបានគេបញ្ជូនកាសែតដែលបានបោះពុម្ពហើយមកដល់មុខផ្ទះ។​ ជាក្មេងម្នាក់ដែលចូលចិត្តមើលតុក្កតានៅពេលព្រឹកថ្ងៃសៅរ៍ ខ្ញុំបានក្រឡេកភ្នែកទៅវិញទៅមកហើយគិតខ្លួនឯងថា“ កិច្ចការផ្ទះមួយទៀតហើយ” ។

នៅក្នុងពិភពសម័យទំនើប មានមនុស្សមិនច្រើនទេដែលអានកាសែត។ មានគេហទំព័ររាប់មិនអស់និងវេទិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដទៃទៀតដែលធ្វើឱ្យយើងតាមទាន់សម័យកាលនិងទទួលបាននូវអ្វីដែលយើងចាំបាច់ត្រូវដឹងជានិច្ច។ ដូច្នេះហេតុអ្វីយើងត្រូវអានកាសែត? មែនហើយ ការអានកាសែតផ្តល់អោយអ្នកនូវរឿងជាច្រើនបន្ថែមអោយជីវិតរបស់អ្នកជាងការធ្វើឱ្យខ្លួនអ្នកតាមទាន់សម័យកាល។

កាសែតផ្តល់ឱ្យអ្នកនូវការទទួលបាននូវចំណេះដឹងទូទៅគ្រប់ប្រភេទ។ វាផ្ទុកនូវព័ត៌មានចុងក្រោយទាំងអស់អំពីនយោបាយ សេដ្ឋកិច្ច សុខភាព ការកំសាន្ត កីឡា បច្ចេកវិទ្យា​ អាជីវកម្ម ជំនួញ និងពាណិជ្ជកម្មដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោក។ ការអានកាសែតប្រចាំថ្ងៃផ្តល់អោយអ្នកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបង្កើនចំណេះដឹងនិងការវិភាគវែកញែក។

តើនឹងមានអ្វីកើតឡើងនៅពេលអ្នកចាប់ផ្តើមទទួលបានចំណេះដឹងទាក់ទងនឹងវិស័យផ្សេងៗ? អ្នកនឹងកាន់តែមានឆន្ទៈក្នុងការចូលរួមក្នុងការសន្ទនាទាក់ទងនឹងបញ្ហាដែលជាចំណាប់អារម្មណ៍របស់អ្នកម្មណ៍និងកង្វល់នានាដែលអ្នកមាន។ នៅពេលដែលអ្នកកាន់តែនិយាយអំពីគំនិតរបស់អ្នក អ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង។

ការអានកាសែតអាចបង្កឱ្យមានទម្លាប់ល្អៗជាច្រើនដូចជា ការគិតពិចារណាបែបស៊ីជម្រៅនិងការចង់ស្វែងយល់បន្ថែម។ នៅពេលអ្នកអានរឿងដែលគួរឱ្យចាប់អារម្មណ៍មួយពីកាសែត អ្នកមានអារម្មណ៍ថាត្រូវបានលើកទឹកចិត្តឱ្យចង់ស្វែងយល់កាន់តែស៊ីជម្រៅទៅលើប្រធានបទនិងការស្រាវជ្រាវ។

ឥឡូវនេះ ខ្ញុំសូមអរគុណពុកខ្ញុំសម្រាប់ការងារផ្ទះចុងសប្តាហ៍ដែលបានក្លាយទៅជាទម្លាប់ដ៏មានប្រយោជន៍មួយ។ ដូច្នេះ សូមវិនិយោគពេលវេលា២០នាទីនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក ហើយស្វែងយល់អំពីពិភពលោកនិងបង្កើនជំនាញរបស់អ្នក។