
រៀបរៀងដោយ៖ អូវែន សុខស្រីឡា
ស្របពេលដែលបច្ចេកវិទ្យាជឿនលឿនទៅមុខ របៀបដែលមនុស្សសិក្សា និងធ្វើការងារក៏បន្តផ្លាស់ប្តូរផងដែរ។ ការសិក្សាមិនមែនគ្រាន់តែកើតឡើងក្នុងថ្នាក់រៀន និងការត្រង់ត្រាប់ស្តាប់តាមគ្រូនិយាយនោះទេ។ ភាពជោគជ័យរបស់សិស្សានុសិស្សនាពេលបច្ចុប្បន្ននេះ អាស្រ័យលើថា តើពួកគេមានចំណេះដឹង និងជំនាញកម្រិតណា នៅក្នុងពិភពឌីជីថល។ នោះហើយជាមូលហេតុដែលនាំឱ្យអក្ខរកម្មឌីជីថលពិតជាមានសារៈសំខាន់សម្រាប់បណ្តាសិស្ស។
ឥឡូវនេះសិស្សានុសិស្សអាចនាំយកចំណេះដឹងទៅជាមួយពួកគេនៅគ្រប់ទីកន្លែងដោយប្រើជំនាញអក្ខរកម្មឌីជីថលសម្រាប់ការសិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាពនៅខាងក្រៅថ្នាក់រៀន។ នៅផ្ទះ ពួកគេមានទូរសព្ទ ថេប្លេត កុំព្យូទ័រ និងឧបករណ៍ផ្សេងទៀត ដែលអាចជួយឱ្យពួកគេធ្វើការរៀនសូត្រ ស្រាវជ្រាវ និងសរសេរដោយឯករាជ្យ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដែលពួកគេចង់ធ្វើ។
សិស្សទាំងឡាយក៏អាចប្រាស្រ័យទាក់ទងយ៉ាងងាយស្រួលជាមួយមិត្តរួមថ្នាក់របស់ពួកគេ ដើម្បីធ្វើកិច្ចការសាលា ពិនិត្យមើលការងាររបស់គ្នាទៅវិញទៅមក និងផ្តល់យោបល់ ដោយប្រើបច្ចេកវិទ្យា និងជំនាញឌីជីថលផងដែរ។ ការធ្វើបែបនេះអាចជួយជំរុញសិស្សឱ្យអនុវត្តបានល្អប្រសើរ និងបង្កើតភាពសហការគ្នារវាងសិស្សផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកគ្រូអ្នកគ្រូក៏អាចចូលមើលការរីកចម្រើនរបស់សិស្ស និងជួយវាយតម្លៃការអនុវត្ត និងសមត្ថភាពរបស់ពួកគេដោយប្រើវេទិកាឌីជីថលនានា។
ចំណេះដឹងផ្នែកឌីជីថលមានសារៈសំខាន់មិនត្រឹមតែនៅក្នុងសាលារៀនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏មានប្រយោជន៍នៅថ្ងៃអនាគតសិស្សផងដែរ។ កន្លែងធ្វើការជាច្រើនតម្រូវឱ្យបុគ្គលិករបស់ពួកគេប្រើប្រាស់ព័ត៌មានផ្សេងៗ បង្កើតគំនិតថ្មីៗ ដោយសហការគ្នានិងប្រើឧបករណ៍ឌីជីថល ដូចជាវេទិកាអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងឧបករណ៍ចល័តដើម្បីទំនាក់ទំនងទៅវិញទៅមក។