អត្ថបទដោយ : សាត សុផៃរិទ្ធ
សេវាកម្មរថយន្តសាលានាពេលបច្ចុប្បន្ន ទទួលបានការគាំទ្រច្រើនពីសំណាក់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដោយមូលហេតុចម្បងនោះគឺមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការជូនកូនៗរបស់ពួកគាត់ទៅ និងត្រលប់មកពីសាលារៀន ដោយសារជាប់រវល់កិច្ចការងារអាជីវកម្មរកស៊ីប្រចាំថ្ងៃ។ មើលឃើញពីតម្រូវការចាំបាច់របស់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ទើបសេវាកម្មរថយន្តសាលាតាមសាលារៀននីមួយៗខិតខំពង្រឹង និងពង្រីកសេវាកម្មរបស់ពួកគេឱ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធានាឱ្យបាននូវគុណភាព សេវាកម្ម សុវត្ថិភាព និងទំនុកចិត្តដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
នៅពេលដែលមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សជ្រើសរើសយកសេវាកម្មរថយន្តសាលាពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន មិនតែប៉ុណ្ណោះក៏បានចូលរួមចំណែកកាត់បន្ថយបញ្ហាសង្គមមួយចំនួនផងដែរ។
តើការងាកមកប្រើប្រាស់សេវាកម្មរថយន្តសាលា បានផ្តល់អត្ថប្រយោជន៍ និងជួយដល់សង្គមអ្វីខ្លះ?
១. ផ្តល់នូវសុវត្ថិភាព និងផាសុកភាព
-បុគ្គលិកបើកបរ មានការគ្រប់គ្រង បណ្តុះបណ្តាល ហ្វឹកហាត់ និងជំនាញវិជ្ជាជីវៈត្រឹមត្រូវ។
-រថយន្តដឹកជញ្ជូនសិស្សមាននិមិត្តសញ្ញាសម្គាល់ និងទំនាក់ទំនងច្បាស់លាស់។
-ការលាងសម្អាត និងថែទាំជួសជួលរថយន្តជាប្រចាំ បានផ្តល់នូវសុវត្ថិភាព និងភាពអនាម័យដល់សិស្សានុសិស្ស។
-រថយន្តដឹកជញ្ជូនសិស្សមានបំពាក់នូវប្រព័ន្ធ GPS និងមានសេវាធានារ៉ាប់រង។
-ការគ្រប់គ្រងសិស្សជិះរថយន្តសាលាច្បាស់លាស់ទាំងពេលចូល និងពេលចេញ ដែលមិនអាចឱ្យសិស្សានុសិស្សគេចសាលាបាន។
-មាតាបិតា ឬអ្នកអាណាព្យាបាលមានអារម្មណ៍ស្ងប់ចិត្ត មិនព្រួយបារម្ភពីសុវត្ថិភាពរបស់កូនៗ។
២. សន្សំសំចៃថវិកា និងតម្លៃសមរម្យ
ថ្លៃសេវាប្រើប្រាស់រថយន្តសាលា គឺតែងតែតិចជាងការចំណាយថ្លៃសាំងសម្រាប់ការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន។ ដូច្នេះ សេវាប្រើប្រាស់រថយន្តសាលា គឺមានផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់មាតាបិតា ឬអ្នកអាណាព្យាបាល។
៣. មាតាបិតា ឬអ្នកអាណាព្យាបាលមានពេលវេលាគ្រប់គ្រាន់
មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំចាត់ចែងកិច្ចការងារអាជីវកម្មរកស៊ីប្រចាំថ្ងៃ ដោយមិនបារម្ភពីការជូនកូនៗទៅរៀន និងត្រលប់មកវិញឡើយ។
៤. កាត់បន្ថយការកកស្ទះចរាចរណ៍
រថយន្តដឹកសិស្សអាចផ្ទុកសិស្សានុសិស្សបានពី១៥ ទៅ២៥នាក់ក្នុងពេលតែមួយ។ មានន័យថា យើងបានកាត់បន្ថយយានយន្តឯកជនចរាចរលើផ្លូវសាធរណៈបានពី១៥ ទៅ២៥គ្រឿងផងដែរសម្រាប់ រថយន្តដឹកសិស្សតែមួយគ្រឿង។
៥. កាត់បន្ថយការបំពុលបរិស្ថាន
ការកាត់បន្ថយរថយន្តឯកជនចរាចរលើផ្លូវសាធារណៈ ប្រាកដណាស់គឺបានកាត់បន្ថយការបំភាយផ្សែង និងឧស្ម័នពុលចូលទៅក្នុងបរិយាកាសនាំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ។
៦. ធ្វើឱ្យសិស្សានុសិស្សមានវិន័យល្អ
ការដឹកជញ្ជូនសិស្សានុសិស្សមានភាពទៀងទាត់តាមកាលវិភាគ និងពេលវេលាដែលបានកំណត់ ដើម្បីឱ្យការដឹកជញ្ជូនទាន់ម៉ោងសិក្សាប្រចាំថ្ងៃ។ ចំណុចនេះបានបង្រៀនឱ្យសិស្សានុសិស្សមានវិន័យនៅក្នុងខ្លួន។
៧. ធ្វើឱ្យសិស្សានុសិស្សមានភាពសកម្ម
សិស្សានុសិស្សចេះរៀបចំពេលវេលាបានល្អ ការក្រោកពីគេង ការធ្វើកិច្ចការផ្ទះ ការរៀបចំខ្លួន ការញ៉ាំអាហារ។ ល។ សកម្មភាពទាំងអស់នេះ បានបណ្តុះសិស្សានុសិស្សមានភាពកម្ម និងទម្លាប់ល្អ។
៨. កសាងមិត្តភាពថ្មីៗ
ក្រៅពីមិត្តភក្តិរួមថ្នាក់ សិស្សានុសិស្សបានកសាងទំនាក់ទំនងបង្កើតមិត្តភាពបន្ថែមទៀតនៅពេលពួកគេធ្វើដំណើររួមគ្នា។ មិត្តភាពនេះ ជាវិធីល្អបំផុតដើម្បីឱ្យពួកគាត់រីករាយនឹងការធ្វើដំណើរទៅសាលារៀនដោយមិនមានការធុញទ្រាន់។
៩ ធ្វើឱ្យសិស្សានុសិស្សមានការទទួលខុសត្រូវ
បណ្តុះសិស្សានុសិស្សមានស្មារតីទទួលខុសត្រូវ ព្រោះពួកគេត្រូវថែរក្សារបស់របរសម្ភារៈដោយខ្លួនឯងពេលគ្មានឪពុកម្តាយជូនទៅជាមួយ។
សរុបមក ការប្រើប្រាស់សេវាកម្មរថយន្តសាលាពិតជាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សិស្ស មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។ ពួកគាត់ ក៏ត្រូវគិតផងអំពីគុណភាព សេវាកម្ម និងទំនុកចិត្ត ដោយការជ្រើសរើសយកសេវាកម្មដឹកជញ្ជូនមួយដែលអាចទុកចិត្តបាន មានបទពិសោធន៍ មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងមានគោលការណ៍ច្បាប់វិន័យច្បាស់លាស់។ សម្រាប់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដែលមិនទាន់បានប្រើប្រាស់សេវាកម្មរថយន្តសាលា គួរតែពិចារណាក្នុងការប្រើប្រាស់សេវាកម្មដឹកជញ្ជូនកូនៗរបស់លោកអ្នក ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចដែលបានរៀបរាប់ខាងលើ៕